ករុណា ពេជ្រ ស្រក់ទឹកភ្នែកពេល ប្រគល់ផ្ទះវីឡាធ្លាប់រស់នៅអោយម្ចាស់ថ្មី

210
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ ជាអារម្មណ៍ ដែលពិបាករៀបរាប់ ក្រោយពេលដែល តារាចម្រៀង ករុណា ពេជ្រ បានខិតខំទិញផ្ទះវីឡា មួយកន្លែង អស់រយៈពេលប្រាំឆ្នាំ ដែលតារាចម្រៀងរូបនេះ មានអនុស្សាវរីយជាច្រើន ជាមួយនឹងក្រុមគ្រួសារ។

យោងតាមហ្វេសប៊ុករបស់ ករុណា ពេជ្រ បានសរសេររៀបរាប់ពីអារម្មណ៍ពិតមួយថា​រូបលោក ពិតជាកំសត់ ពេលដែលចាប់ផ្តើមរៀបចំអីវ៉ាន់រើផ្ទះពី វីឡា មកនៅផ្ទះអ្នក ម្តាយម្តុំស្ទឹងមានជ័យមួយរយៈពេលសិន ទម្រាំផ្ទះដែលលោកបានសាងសង់នោះបាន ហើយរួចរាល់អាចចូលរស់នៅបាន។

ក្នុងហ្វេសប៊ុក បានសរសេរថា « និយាយអារម្មណ៏ពិតមួយ មិនមានបំណងអោយបង ប្អូនអាណិតទេ​ តែអារម្មណ៏ពិត​ មិនដឹងថាបងប្អូនធ្លាប់មានអារម្មណ៏ដូចខ្ញុំដែរទេ..?? ពេលរើផ្ទះ​ ដូចមានអារម្មណ៍ចង់ហូរទឹកភ្នែកម៉េចទេ…នឹកប៉ា​ អាណិត​ប៉ា​ ស្រណោះ អនុស្សាវរីយ៏តស៊ូយ៉ាង​ច្រើនជាមួយប៉ា​ក្នុងផ្ទះមួយនេះ… ប៉ាឈឺហើយ​ អញ្ចឹងប៉ា អង្គុយ អោយស្ងៀម​​ កូនអាចធ្វើបាន​ …។ មួយជាតិនេះ​ កូននឹងចំណាយពេលវេលា​ រួមទាំង ថវិកា​ ​ជាមួយប៉ា​ អស់ម៉ានក៏តាមនឹងចោះ​ ព្រោះប៉ាមានតែកូនមួយ​ គឺ​ កូន… ទោះបីប៉ា ពិការ​ មិនស្គាល់កូនក៏ដោយ ក៏កូននៅតែដឹកដៃប៉ា​ដើរជាមួយគ្នាបន្តទៀត….។ ថ្ងៃ​នេះ​ ខ្ញុំ​ និង​ ​ប៉ា​ សូមលាពីផ្ទះមួយនេះហើយ…​ អរគុណរយៈពេលជា​៥ឆ្នាំ​ ដែលអ្នក បានជួយ ចំរុងចំរើនខ្ញុំ…សូមឯងបន្តនាំលាភ​ ជូនដល់ម្ចាស់ឯងថ្មីផងណា..។

សូមរំលឹកថា អស់រយៈពេលជាងមួយឆ្នាំ ដែលតារាចម្រៀង ករុណា ពេជ្រ បានប្រកាស ដាក់លក់ផ្ទះវីឡា ដែលគេដឹងថា អាចមានតំលៃប្រមាណជិតមួយលានដុល្លារ។ និតិវិធី ក្នុងការទិញលក់ មានការរអាក់រអួលម្តងជាពីរដង ជាមួយនិងអ្នកទិញ។ ទើបតែនៅក្នុង ខែមេសា នេះ ភាគី អ្នកទិញបានប្រគល់ប្រាក់គ្រប់ចំនួន ហើយជាពេលវេលា ដែល ករុណា ពេជ្រ ត្រូវផ្លាស់ប្តូរផ្ទះទៅនៅទ្រនំថ្មីផ្សេងមួយទៀត។

ការដោះដូរផ្ទះវីឡា នេះ ត្រូវបានករុណា ពេជ្រ បានបញ្ចាក់ថា ការដោះដូរគឺចង់បាន សល់លុយខ្លះទុកព្យាបាល និងការមើលថែទាំជំងឺលោកឳពុក ដែលមានជំងឺ ប្រចាំ កាយរហូតដល់សព្វថ្ងៃ៕