ការជម្លៀស​គ្រូបង្រៀន និង​មន្ត្រីរាជការ នៅ​ខេត្ត​ប៉ៃលិន ក្នុង​ឆ្នាំ​១៩៧៥

3583
ចែករម្លែក
  • 107
    Shares


ដោយៈ​គឹម សុវណ្ណ​ដា​នី​/ភ្នំពេញៈ​​ខែកញ្ញា ឆ្នាំ​១៩៧៣ ឪពុក​ខ្ញុំ ឈ្មោះ គឹម សុវណ្ណ រៀន​ចប់​មហាវិទ្យាល័យ​គរុកោសល្យ ក៏​ទៅ ធ្វើជា​គ្រូបង្រៀន នៅ​សាលាបឋមសិក្សា​តា​ស្រី តំបន់​អធិការកិច្ច​ប្រាសាទ​ភាស​ន៍ ស្រុក​ថ្មពួក ខេត្ត​ថ្មពួក នៅក្នុង​ឆ្នាំ​១៩៧៣ ដែល សព្វថ្ងៃនេះ​ហៅថា​ខេត្តបន្ទាយមានជ័យ​។ នៅ​ឆ្នាំ​១៩៧៤ គាត់​បាន​ផ្លាស់​ទៅ​សាលាបឋមសិក្សា​ប៉ៃលិន​ខាងលិច តំបន់​​អធិការកិច្ច​ប៉ៃលិន ខេត្ត​ប៉ៃលិន ដោយសារតែ​ម្តាយ​ខ្ញុំ​ឈ្មោះ អ៊ា ប៊ុន​អេង នៅ​ប្រកប​របរ​រកស៊ី​នៅ​ទីនោះ​។ នៅ​ខេត្ត​​ប៉ៃលិន មិនមាន​ឮសូរ​សង្គ្រាម ឬ​ខ្មាំង​អុកឡុក​អ្វី​ទេ និយាយ​រួម​គឺជា​ខេត្ត​ដែលមាន​សន្តិភាព​បរិបូរណ៍ ប៉ុន្តែ​ចំពោះ​ការធ្វើ​​ដំណើរ​ពី​ខេត្តបាត់ដំបង​មក​ខេត្ត​ប៉ៃលិន​មិនមាន​សន្តិសុខ​តាមផ្លូវ​ទេ ដោយសារតែ​ខ្មែរក្រហម​ស្ទាក់​កាត់​វាយ​តាម​ពាក់​​កណ្តាលផ្លូវ​។ ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន ប្រកប​របរ​ធ្វើ​ត្បូង ជាពិសេស​គឺ ត្បូង​ខៀវ និង​ត្បូង​ក្រហម មានការ​ផលិត​​បាន​ច្រើន ដូច្នេះ​ធ្វើ​ឲ្យ​ការប្រកបមុខរបរ​នេះ​មានការ​រីកចម្រើន​ខ្លាំង ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​មាន​ជីវភាព​ធូរធារ និង​ចូលចិត្ត​ការសប្បាយ​។​

​ ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខេត្ត​ប៉ៃលិន​មិនមាន​រឿង​អ្វី​កើតឡើង​ទេ រហូតដល់​ពេលយប់​ក៏​នៅតែ​មិនដឹងថា ខ្មែរក្រហម​បាន​វាយ​ចូល​ទីក្រុង​ភ្នំពេញ​ដែរ ប៉ុន្តែ​ហេតុ​ចម្លែក​ត្រង់​ថា ស្អែក​ឡើង​នា​ថ្ងៃទី​១៨ ខែ​ដដែល លោក សេក សំ​អៀ​ត ចៅហ្វាយខេត្ត​បាត់ដំបង បាន​ជិះ​យន្តហោះ​ទៅ​ចុះ​នៅ​ខេត្ត​ប៉ៃលិន ហើយ​បាន​បបួល​ចៅហ្វាយខេត្ត​ប៉ៃលិន លោក ហ៊ុល ទោន ប្រជុំ ដោយបាន​កោះហៅ​មន្ត្រីរាជការ​ទាំងអស់​នៅក្នុង​ខេត្ត​ប៉ៃលិន គាត់ (​ចៅហ្វាយខេត្ត​បាត់ដំបង​) បាន​និយាយ​ក្នុង​អង្គប្រជុំ​ថា «​អ្នក​ចង់ទៅ​តាម​គាត់​អញ្ជើញ​រៀបចំខ្លួន​ទៅ យក​ល្អ​នាំគ្នា​ទៅ​មើល​សភាពការណ៍​នៅ​ថៃ​មួយរយៈ​សិន ប្រទេស​ចប់​សង្គ្រាម​ហើយ ខ្មែរក្រហម​កាន់កាប់​ភ្នំពេញ​ហើយ​»​។ លុះ​យប់​ឡើង​ក្រោយពេល​ប្រជុំ​ចប់ គាត់​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ មាន​អមដោយ​រថក្រោះ ឡាន​ទាហាន​ដង្ហែ​ជា​ក្បួន​ផង​។ ចំណែក​ឪពុក​និង​ម្តាយ​ខ្ញុំ ​បាន​សម្រាក​នៅលើផ្ទះ​មើល​ក្បួន​ដង្ហែ​រហើយ​គិតថា «​ប្រទេស​សន្តិភាព​ហើយ មិន​គិត​នៅក្នុង​ប្រទេស​ទេ បែរជា​រត់ចោលស្រុក​ទៅវិញ អញ្ចឹង​ទុក​ឲ្យ​គេ​ទៅ​ចុះ ព្រោះ​អ្នក​ដែល​ទៅនោះ​សុទ្ធតែ​អ្នកជិះ​ជាន់​គេ និង​បានធ្វើ​មិនល្អ​ក្នុង​សម័យមុន (​សម័យ លន់ នល់​)»​។

​ ​បី​ថ្ងៃ​ក្រោយមក ស្រាប់តែ​អង្គការ​ខ្មែរក្រហម​បាន​ចូល​មកដល់​ប៉ៃលិន ហើយ​ក៏បាន​ប្រមូល​កងទ័ព​ដែលមាន​​បណ្តា​សក្តិ ដើម្បី​ឡើង​ឡាន​ទៅ​ទទួល​សម្តេចឪ ព្រោះ​សម្តេចឪ​បានធ្វើ​មាតុភូមិនិវត្តន៍​ត្រឡប់​ចូល​ស្រុក​វិញ​។ មួយថ្ងៃ​​ពេញ ខ្មែរក្រហម​ប្រមូលបាន​អ្នកមាន​សក្តិ​ជាច្រើន​ឡាន មាន​ទាំង​សក្តិ​១ សក្តិ​២ សក្តិ​៣ ខ្លះ​ចេញ​មកពី​ព្រៃ ខ្លះ​នៅក្នុង​​ខេត្ត​រួច​ក៏​ចេញដំណើរ​ទៅ​បាត់​រហូត​ទៅ​។ នៅ​ថ្ងៃទី​២១ ខ្មែរក្រហម​ចាប់ផ្តើម​ប្រមូល​ប្រជាជន​នៅក្នុង​ខេត្ត​ឲ្យ​ជម្លៀស​ទៅធ្វើ​ស្រែចម្កា ដោយ​ស្រែក​ប្រកាស​តាម​មេក្រូ​ថា «​អ្នកណា​នៅ​ស្រុក​ណា ឲ្យ​ត្រឡប់​ទៅ​ស្រុក​នោះ​វិញ​» តែ​មន្ត្រីរាជការ និង​គ្រូបង្រៀន​ទាំងអស់​ក្នុង​ខេត្ត​ប៉ៃលិន មិនទាន់​ឲ្យ​ទៅ​ទេ គឺ​ឲ្យ​មក​ជុំគ្នា​សាលាបឋមសិក្សា​ប៉ៃលិន​ខាងកើត ដើម្បី​រង់ចាំ​​ស្តាប់​អង្គការ​ដាក់​ទិស​។ ដូច្នេះ ម្តាយ យាយ តា ពូ មីង របស់ខ្ញុំ​ទាំងអស់គ្នា នាំគ្នា​ធ្វើដំណើរ​ទៅមុន​តាមផ្លូវ​ជាតិ​លេខ​១០ ដែលមាន​ទិសដៅ​តម្រង់​ទៅតាម ត្រែង ស្នឹង ស្វាយ​ជាតិ មោងឫស្សី ស្វាយដូនកែវ រហូតដល់​ពោធិ៍សាត់​។ ពេលនោះ​ដែរ ជីតា​របស់ខ្ញុំ​ឈ្មោះ អ៊ា ស្រេង និង​មិត្តភក្តិ​របស់គាត់​ពីរ​នាក់​ទៀត ឈ្មោះ ហាង ឈួ​ង និង ហាង ជីវ ជា​ជន​ជាតិចិន​ដែល​បាន ធ្វើដំណើរ​មកពី​ប្រទេស​ចិន ក្នុង​បដិវត្ត ម៉ៅ សេទុង មក​រស់នៅ​ប្រទេស​កម្ពុជា​ដឹង​ភ្លាម​ថា ផែនការ​នេះ​គឺ​ផែនការ​ដូច​​ប្រទេស​ចិន​ហើយ ពេលដែល​ជម្លៀស​ទៅហើយ​មក​បានមក​វិញ​ទេ គេ​ប្រាកដជា​ឲ្យ​ទៅធ្វើ​ស្រែ​ហើយ​ដូច​បដិវត្តន៍​ស្រុក​ចិន​ហើយ ហើយ​ពួកគាត់​បាន​ប្រាប់​កូនៗ​ឲ្យ​ប្រមូល​ឥ​វ៉ាន់​ដែលមាន​ដាក់​ទៅតាម​ខ្លួន​ទាំងអស់ ក៏ដូចជា​បានរៀបចំ​ឥ​វ៉ាន់​ដាក់ ពេញ​មួយ​រទេះ​គ្រប់គ្នា ដោយមាន​របស់របរ​គ្រប់បែបយ៉ាង ដូចជា អង្ករ ប៊ីចេង ស្ករ ពូថៅ កាំបិត ចបកាប់​។​ល​។ និយាយ​រួមមាន​គ្រប់បែបយ៉ាង​តែម្តង​។ តែបើ​ក្រឡេក​មក​មើល​ប្រជាជន​ខ្មែរ​វិញ មានតែ​ឥ​វ៉ាន់​បន្តិចបន្តួច រែក​ម្នា​ក់មួយ​​អំ​រែក​តែប៉ុណ្ណោះ​។

​ ​លុះ​យប់​ឡើង​ថ្ងៃ​ដដែល ថ្ងៃទី​២១ ក៏​ឃើញ​ម្តាយ​ខ្ញុំ យាយ​ខ្ញុំ ប្អូនប្រុស​ម្នាក់ និង​ប្អូនស្រី​៣​នាក់ របស់​ម្តាយ​ខ្ញុំ​បាន​ត្រឡប់​មកជួប​ឪពុក​របស់ខ្ញុំ នៅក្នុង​សាលាបឋមសិក្សា​ប៉ៃលិន​ខាងកើត​វិញ ដោយសារ​មានការ​កកស្ទះ​ផ្លូវ​ខ្លាំងពេក ទៅ​មិន​រួច ហើយ​ពួកគាត់​បាន​បែក​ពី​ជីតា និង​ពូ របស់ខ្ញុំ ព្រោះ​ពួកគាត់​មាន​កម្លាំង​គ្រប់គ្រាន់​អាច​ដើរ​អូស​រទេះ​ទៅបាន​លឿន​មុន​។ រយៈពេល​មួយ​យប់​មួយថ្ងៃ​ទៀត​បាន​កន្លងផុត ឪពុកម្តាយ​របស់ខ្ញុំ និង​ក្រុមគ្រួសារ នៅតែ​ពុំមាន​ដំណឹង​អ្វី សោះ​ពី​ការដាក់​ទិស​របស់​អង្គការ​ចំពោះ​គ្រូបង្រៀន គ្រូពេទ្យ និង​មន្ត្រីរាជការ​ផ្សេង​នៅ​ទីនោះ​ដដែល​។

​ ​ស្រាប់តែ​យប់​បន្ទាប់ ប្រហែល​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​១៩៧៥ នា​ម៉ោង​៣​ទៀបភ្លឺ មាន​និ​រ​សារ​របស់​ខ្មែរក្រហម​ម្នាក់ ​បាន​ជិះសេះ​ចូលមក​ប្រាប់​គ្រូ​ម្នាក់​ដែល​នៅ​ជុំគ្នា​ជាមួយ​ឪពុក​ខ្ញុំ​នឹង​ត្រូវជា​គ្រូ​របស់ខ្លួន ដោយ​ការគោរព​ក្នុងនាម​ជា​​សិស្ស ថា «​លោកគ្រូ​បាន​រួច​ជីវិត​ហើយ អង្គការ​លើកលែងទោស​ឲ្យ​ពួក​លោកគ្រូ​ហើយ តែ​លោកគ្រូ​ត្រូវ​ប្រយ័ត្ន​ខ្លួន និង​ខំធ្វើការ លោកគ្រូ​មិនអាច​ប្រឆាំងនឹង​គេ​បានទេ តែ​ប្រឆាំង​គឺ​ស្លាប់​ហើយ មិនបាន​ដាច់ខាត លោកគ្រូ​ខំ​កសាង​ខ្លួន​ទៅ អង្គការ​ប្រជុំគ្នា​សម្រេច​ថា មិន​កម្ទេច​ទេ​»​។ ពេលនោះ​ទើប​ឪពុក​ខ្ញុំ​ភ្ញាក់ខ្លួន​ព្រឺ​ត ហេតុដូច្នេះ​ហើយ​ទើប​គ្រូបង្រៀន​នៅ​​ខេត្ត​ប៉ៃលិន ភាគច្រើន​នៅ​ជំនាន់​ខ្មែរក្រហម គឺ​បាន​លាក់​ប្រវត្តិរូប​។

​ ​ក្រោយមក​ពេល​ភ្លឺ​ឡើង​ខ្មែរក្រហម​បាន​ជម្លៀស​គ្រូបង្រៀន គ្រូពេទ្យ និង​មន្ត្រីរាជការ​ទាំងអស់ ទៅតាម​ផ្លូវ​ចម្ការ​កាហ្វេ សាលា​ក្រៅ កំរៀង ចង្ហូរ​វែង ស្រែ​អន្ទាក់ ខ្ជាយ ឯណោះ​វិញ ដែល​ស្របតាម​បណ្តោយ​ទល់ដែន​ថៃ​។ការធ្វើដំណើរទាំងថ្ងៃ ទាំងយប់ ដោយ​សម្រាក​ខ្លះ ធ្វើដំណើរ​ខ្លះ និង​រក​របស់របរ​ហូប​នៅតាម​ផ្លូវ​ខ្លះ និង​មិនមាន​ការបង្ខិតបង្ខំ ឬ​រឹបអូស​យក​សម្ភារ​អ្វី​ឡើយ កងទ័ព​ខ្មែរក្រហម​មាន​មួយៗ​តាមផ្លូវ​តែប៉ុណ្ណោះ ហើយ​សូម្បីតែ​ពួកគាត់​ចង់​សម្រាក​ប៉ុន្មាន​ថ្ងៃ​ក៏បាន ចង់​បេះ​ដំណាំ​ផ្លែឈើ​តាម​ភូមិ​ហូប​ក៏បាន មិន​ដូច​ការជម្លៀស​នៅ​ទីក្រុង​ភ្នំពេញ​ទេ​។ បន្ថែម​លើសពីនេះ​ទៀត អំឡុងពេល​ជម្លៀស ពួកគាត់​អាច​ប្រើ​ក្រដាស់ប្រាក់ ដើម្បី​ទិញ​ម្ហូបអាហារ​ពី​ប្រជាជន​មូលដ្ឋាន​បាន​ថែមទៀត​។​ដើរ​បាន​មួយថ្ងៃ ឪពុកម្តាយ​ខ្ញុំ និង​ក្រុមគ្រួសារ ទៅដល់​សាលា​ក្រៅ ហើយ​មួយថ្ងៃ​ទៀត​ទៅដល់ ខ្ជាយ ដែលជា​​ទីកន្លែង​បំបែក ទៅ​ត្រង់​ទៅខាង​ស្រែ​អន្ទាក់ កំ​ប្រ៉​ង់ តា​គ្រៃ និង​ទៅ​ឆ្វេង​ទៅ​ចង្ហូរ​វែង ដែល​គៀក​នឹង​ទល់ដែន​ថៃ ក៏​ជា​កន្លែង​ដែល​ឪពុកម្តាយ​ខ្ញុំ​ឆ្ពោះ​ទៅក្នុង​គោលបំណង​ចង់រ​ត់ទៅ​ប្រទេស​ថៃ​។ ពេល​នោះដែរ​គ្រូបង្រៀន និង​មន្ត្រីរាជការ​អស់​បាន​បែកផ្លូវ​គ្នា​តាម​គោលដៅ​រៀងៗ​ខ្លួន​។​ ​ពេលទៅដល់​ភូមិ​ចង្ហូរ​វែង មាន​ស្ទឹង​មួយ​ហូរ​កាត់​ភូមិ ហើយ​ពេល​ឆ្លងស្ទឹង​នោះ​រួច ប្រហែល​ចម្ងាយ​៨​គីឡូ​ទៀត​
​ពី​ស្ទឹង គឺ​ទៅដល់​ប្រទេស​ថៃ​ហើយ ប៉ុន្តែ​ឪពុកម្តាយ​ខ្ញុំ និង​គ្រួសារ មិនអាច​បន្តទៅ​បាន​ទៀត​ទេ ព្រោះ​ខ្មែរ​ក្រហម​បាន​ចាត់ជា​ក្រុមសាមគ្គី​ដើម្បី​ធ្វើស្រែ​នៅ​ភូមិ​ចង្ហូរ​វែង​នោះ​។ នៅ​ទី​នោះបាន​ប្រហែល​មួយអាទិត្យ​​ទៅ​កន្លះ​ខែ ខ្មែរក្រហម​បាន​ចាត់ តាំង​អ្នកមូលដ្ឋាន​ឲ្យ​ដឹកនាំ​ទៅធ្វើ​ស្រែចម្ការ​ទាំងអស់​គ្នា (​ប្រជាជន​មូលដ្ឋាន និង​ប្រជាជន​ថ្មី​) ហើយ​ប្រធានភូមិ ប្រធាន​​ក្រុម​ចាប់ផ្តើម​ចុះ​ស្ថិតិ​ក្នុងភូមិ ហើយ​ប្រជាជន​ថ្មី​មិនបាន​លាក់​ប្រវត្តិរូប​ទេ លើកលែងតែ​ទាហាន លន់ នល់ គឺ​មិន​ហ៊ាន​​ប្រាប់​ត្រង់ ព្រោះ​នឹងត្រូវ​យកទៅ​សម្លាប់​។ ផ្ទុយ​ពី​គ្រូពេទ្យ គ្រូបង្រៀន មន្ត្រីរាជការ​ផ្សេងៗ គឺ​ប្រាប់​ការពិត​ទាំងអស់ ព្រោះ​ខ្មែរក្រហម​នៅ​ទីនោះ​មិនបាន​យកទៅ​សម្លាប់​ទេ​។ ទោះជា​យ៉ាងនេះ​ក្តី ក៏មាន​ការ​សើ​ុ​ប​ការ​ដើម្បី​ស្វែងរក​ទាហាន លន់ នល់ យកទៅ​សម្លាប់​ដែរ គ្រាន់តែ​ថា​ក្រុមគ្រួសារ​របស់​អ្នកស្លាប់ មិនត្រូវ​បាន​សើ​ប​អង្កេត ចាប់កំហុស យកទៅ​សម្លាប់​បន្ត​នោះទេ​។

​ ​នៅ​ភូមិ​ចង្ហូរ​វែង​បាន​៣​ទៅ​៤​ខែ ស្រាប់តែ ជីតា និង​ពូ​របស់ខ្ញុំ​បានមក​តាមរក​គ្រួសារ​ពី​ស្រុក​មោងឫស្សី មកដល់ ភូមិ​តា​គ្រៃ ស្រុក​បរវេល​តាម​រថ​ភ្លើង ដែល​មានតែ​ក្រដាស់​មួយ​សន្លឹក​សរសេរ​ដោយ​កម្មាភិបាល​ខ្មែរក្រហម ជា​លិ​ខិ​ត​អនុញ្ញាត​ឲ្យ​គាត់ និង​កូនប្រុស​ទៅរក​ប្រពន្ធ​កូន​នៅ​ស្រុក​បរវេល​។ ពេលទៅដល់​ភូមិ​តា​គ្រៃ កងឈ្លប​ក៏បាន​មក​ស៊ើ​បរក​​ឃើញថា​មានឈ្មោះ​ឪពុក​ម្តាយ​ខ្ញុំ នៅ​ភូមិ​ចង្ហូរ​វែង បន្ទាប់មក កងឈ្លប​នោះ​ក៏​យក​រទេះគោ​មក​ដឹក​ឪពុកម្តាយ​ខ្ញុំ និង​ក្រុម គ្រួសារ ទៅ​ជួប​ជីតា និង​ពូ​ខ្ញុំ នៅ​ភូមិ​តា​គ្រៃ ហើយ​មិនបាន​អនុញាតិ​ឲ្យ​ត្រឡប់​ទៅ​ភូមិ​ចង្ហូរ​វែង​វិញ​ទេ គណ​ឃុំ​នៅ​ទីនោះ​ឈ្មោះ ពុក​ឡោ​។ នៅ​ភូមិ​តា​គ្រៃ​បាន​ប្រហែល​២ ទៅ​៣​ខែ អ្នកភូមិ​ចង្ហូរ​វែង​បានរ​ត់ទៅ​ប្រទេស​ថៃ​ជាច្រើន ពេលនោះ​ខ្មែរក្រហម​ក៏បាន​ជម្លៀស​ប្រជាជន​ពី​ភូមិ​ចង្ហូរ​វែង មក​ភូមិ​តា​គ្រៃ ហើយក៏​ជួប​ជាមួយ​ក្រុមគ្រួសារ​របស់​ឪពុកម្តាយ​ខ្ញុំ​វិញ ហើយ​ក្នុងអំឡុង​ពេលនោះ​រហូត​ដល់​ដើមឆ្នាំ​១៩៧៦ ក៏​ចាប់ផ្តើម​មានការ​បង្កើត​សហករណ៍ ដែល​មួយ​សហករណ៍​មាន ១០០​គ្រួសារ និង​ចាប់ផ្តើម​ហូបបាយ​រួម ប៉ុន្តែ​មិនមាន​ការបែងចែក​កង​បុរស ឬ​កង​នារី ឬ​កងកុមារ ឬ​កង​ចាស់ នោះទេ មានតែ​ការបែងចែក​ជា​ក្រុម​ជនជាតិ​កូ​ឡា ក្រុម​ជនជាតិខ្មែរ និង​ក្រុម​ជនជាតិ​ចិន ហើយ​ជនជាតិ​នីមួយៗ​សង់ផ្ទះ​នៅ​ជុំគ្នា​តាម​ជនជាតិ​រៀងៗ​ខ្លួន ដោយ​ចាត់តាំង​ជនជាតិ​នីមួយៗ​ជា​ប្រធាន និង​អនុប្រធាន​ក្រុម ដោយសារ​ការប្រើប្រាស់​ភា​សា​។ ឪពុកម្តាយ​ខ្ញុំ និង​គ្រួសារ ត្រូវបាន​ចាត់​ចូលក្នុង​ក្រុម​ជនជាតិ​ចិន ដែល​ឪពុក​ខ្ញុំ​ត្រូវ​ចាត់តាំង​ជា​អនុប្រធាន​ក្រុម​ចិន​។ សហករណ៍​មួយ​អាចមាន​ពី ១០០ ឬ​២០០ ឬ​៣០០ គ្រួសារ ដូចជា សហករណ៍​តា​គ្រៃ សហករណ៍​ដំណាក់​សាលា សហករណ៍​មាន​ល័​ក្ខ សហករណ៍​កំ​ប្រ៉​ង់ តាម​ភូមិ​មួយៗ​។​

​ ​ពេលដែល​កំពង់​ស្ថិតនៅ​ក្នុង​របប​ខ្មែរក្រហម​ឪពុក​ខ្ញុំ​មិនបាន​ដឹង​ទេ​ថា ហេតុអ្វី​ទើប​គេ​មិន​គាបសង្កត់​ខ្លាំង​នៅ​​តំបន់​​ដែល​​គាត់​រស់នៅ ទើបតែ​ក្រោយ​រំដោះ​ឆ្នាំ​១៩៧៩ ទើប​គាត់​ដឹងថា​ខ្មែរក្រហម​ខ្លាច​ប្រជាជនរ​ត់ទៅ​ថៃ​។ ដោយ​ខ្មែរ​​ក្រហម​បានអនុញ្ញាត​ឲ្យ​ប្រជាជន​ឈប់សម្រាក​មួយថ្ងៃ​ក្នុងពេល​ដប់​ថ្ងៃ ថែមទាំង​មាន​សិទ្ធ​រក​ម្ហូប​ហូប​បាន​តាមចិត្ត លើក​​លែង​តែ​របប​អាហារ​ជាប្រចាំ​ថ្ងៃ គឺ​ហូប​បបរ​លាយ​តំឡូងឈើ តែ​បបរ​មិន​រាវ​ទេ គឺ​ខាប់ តែ​ពេល​ច្រូតកាត់​មាន​បាយ​លាយ​សណ្តែកខៀវ​ហូប​រយៈពេល​៣​ខែ រួច​ចាប់ផ្តើម​ហូប​បបរ​វិញ ប៉ុន្តែ​ម្ហូប​គឺ មាន​ជាប្រចាំ​មិន​ដាច់​ទេ ព្រោះ​មានការ​ចាត់តាំង​ឲ្យ​រក​ម្ហូប គ្រាន់តែ​មិនមាន​សាច់ជ្រូក សាច់គោ​ទេ មានតែ​បន្លែ ឬ​ប្រហុក ។

​ ​នៅ​ទីនោះ​ម្តាយ​ខ្ញុំ​បាន​ពរ​ពោះ​បងប្រុស​ច្បង​របស់ខ្ញុំ ខ្មែរក្រហម​បាន​ឲ្យ​ម្តាយ​ទៅធ្វើ​ការធម្មតា ហើយ​ថែមទាំង​​មានការ​គោរព​ដល់​អ្ន​កមាន​ផ្ទៃពោះ និង​ផ្តល់​របប​បំប៉ន​ឲ្យ​បាន​ហូប​ឆ្អែត និង​ឲ្យ​សម្រាក​នៅពេលដែល​ម្តាយ​ខ្ញុំ​ហត់​អស់កម្លាំង​ម្តងៗ​។ នៅពេល​សម្រាល​រួច នៅមាន​របប​អាហារ​សម្រាប់​ទារក គឺ​មួយ​ថ្ងៃមួយ​កំប៉ុង​អង្ករ​សម្រាប់​បី​ពេល តែ​សម្រាប់​​ម្តាយ​ខ្ញុំ​ហូប​របប​អាហារ​នៅឯ​រោង​បាយ​រួម​ជាធម្មតា​។

​ ​នៅពេល​ម្តាយ​ខ្ញុំ​ឈឺពោះ​សម្រាលកូន អ្នកភូមិ​នៅក្នុង​ភូមិ​បាន​ជួយ​ហៅ​ឆ្មប​ភូមិ​មកជួយ​បង្កើត តែ​សំណាងល្អ ឪពុក​ខ្ញុំ​ស្គាល់​មិត្តភក្តិ​របស់គាត់​ដែលជា​ពេទ្យឆ្មប​ពី​សង្គមចាស់ គាត់​ក៏បាន​ទៅតាម​ឲ្យ​មកជួយ​ម្នាក់ទៀត ចៃដន្យ​ម្តាយ​ខ្ញុំ​ពិបាក​ក្នុងការ​បង្កើតកូន ពេល​នោះបាន​ពេទ្យ​ដែលជា​មិត្តភក្តិ​ឪពុក​ខ្ញុំ​ជួយ​បង្កើត ដោយ​ប្រើប្រាស់​ថ្នាំពេទ្យ​ដែល​ឪពុកម្តាយ​ខ្ញុំ​ប្រមូលយក​ពី​ផ្ទះ​ពេលដែល​ជម្លៀស​មក​ទើប​អាច​សង្គ្រោះ​ម្តាយ​ខ្ញុំ និង​បងប្រុស​របស់ខ្ញុំ​បាន​ពី​គ្រោះថ្នាក់​នេះ​។

​ ​ពេល​បងប្រុស​ខ្ញុំ​អាយុ​បាន​៣ ទៅ​៤​ខែ ខ្មែរក្រហម​ចាប់ផ្តើម​ចាត់តាំង​មនុស្ស​ចាស់​ដែល​ធ្វើការ​ធ្ងន់​មិនបាន​ឲ្យ​
​មើល​កូនង៉ា ក្នុង​ម្នាក់​មើល​១ ឬ​២​នាក់ ហើយ​ឲ្យ​ម្តាយ​ខ្ញុំ​ទៅធ្វើ​ការ​ស្ទូង​ដក​វិញ​។ ដោយឡែក​បើ​កូន​យំ​គេ​អនុញ្ញាតិ​ឲ្យ​
​ម្តា​យមក​បំបៅកូន ហើយ​ជួនកាល​ក៏​អនុញ្ញាតិ​ឲ្យ​មេដោះ​យក​កូន​មក​ឲ្យ​ម្តាយ​បំបៅ​ដល់​កន្លែងធ្វើការ​នៅឯ​ស្រែ​ទៀត​។ ពេល​ក្រោយមកទៀត ឪពុកម្តាយ​ខ្ញុំ​ក៏បាន​ស្នើសុំ​យក​បងប្រុស​ខ្ញុំ​មក​ផ្ទះ ដោយ​ស្នើ​ឲ្យ​មេដោះ​ដែល​មើល​ចៅ​គាត់​នៅក្បែរនោះ​ជួយ​មើលថែ​ថែមទៀត​។​
​ ​ក្រោយមក​ចុងឆ្នាំ​១៩៧៦​ទើប​បែងចែក ក្រុមយុវជន​ឈានមុខ ដែលជា កម្លាំង​ស្រួច​ឲ្យ​ទៅធ្វើ​ស្រែ​នៅ​អំពិល​ប្រាំ​ដើម ដែលមាន​ចំងាយ​ពី​ភូមិ​តា​គ្រៃ​ជិត​២០​គីឡូ ហើយ​១២​គីឡូ​ពី​ស្រុក​ប​វេ​ល ដោយ​បែក​ចែក តាម​គ្រួសារ ដូចជា​ឪពុកម្តាយ​ដែល​ទើបតែ​មានកូន​ម្នាក់ ត្រូវ​ទៅ​នៅ​ភូមិ​អំពិល​ប្រាំ​ដើម ដែល​ពេលនោះ​ចាប់ផ្តើម​មាន​សហករណ៍ និង​កង​​ច្បាស់លាស់ គឺ​មួយ​សហករណ៍​មាន​១០០០​គ្រួសារ​តែម្តង ហើយ​មួយ​កង​មាន​ពី​៣០ ទៅ​៤០​គ្រួសារ​។​

​ ​តាម​ការសង្កេត​របស់​ឪពុក​ខ្ញុំ ប្រជាជន​មូលដ្ឋាន​ដែល​គាត់​បាន​ជួប​គ្រប់​ភូមិ​ដែល​គាត់​បាន​ទៅដល់ មានការ​​រីករាយ និង​រាក់ទាក់​ខ្លាំង​ចំពោះ​ប្រជាជន​ថ្មី ព្រោះ​ដោយសារ​មាន​របស់របរ ដូចជា​ខោអាវ​សម្រាប់​ដូរ មិនតែ​ប៉ុណ្ណោះ​​ប្រជាជន​មូលដ្ឋាន មានការ​អាណិតអាសូរ​ដល់​ប្រជាជន​ថ្មី ដោយបាន​លើកឡើងថា «​ដោយសារតែ​សង្គ្រាម ដែល​ត្រូវ​​ជ​ម្លៀ​ប្រជាជន បាន​ធ្វើបាប​ប្រជាជន​ថ្មី​ដែល​នៅ​ទីនោះ​គ្នា​មាន​លុយ ស​ប្បូរ​សប្បាយ​ហើយ មក​ឲ្យ​ធ្វើបាប​ធ្វើស្រែ​» ដោយ​សូម្បីតែ​ប្រធាន​សហករណ៍​ក៏បាន​និយាយ​ដូច្នេះ​ដែរ​។ ជាក់ស្តែង ប្រធាន​សហ​រណ៍​តា​គ្រៃ ឈ្មោះ ពុក​ឡោ បាន​និយាយ​ប្ទៅ​ប្រាប់​ទៅកាន់​ប្រជាជន​មូលដ្ឋាន​ទាំងអស់​ថា «​មិន​ឲ្យ​រើសអើង​ទេ ព្រោះ​អ្នក​ដែល​ជម្លៀស​មក សុទ្ធតែ​អ្នកមាន​ជីវភាព ធូរធារ និង​បានមក​ដាក់ខ្លួន​ដើម្បី​ហូប​រួមជាមួយ​យើង​ហើយ ដូច្នេះ​យើង​ត្រូវតែ​រាប់អាន រាក់ទាក់ មិន​ឲ្យ​អ្នកណា​ធ្វើ​ផ្តេសផ្តាស​លើ​ប្រជាជន​ថ្មី​ទាំងអស់​នោះទេ​»​។
​ ​ទោះបីជា​ក្រោយមកទៀត មានការ​ផ្លាស់ប្តូរ​អ្នកដឹកនាំ​ដោយ​ខាង​កម្មាភិបាល​ភូមិភាគ​ប​ច្ចឹ​ម នា​ចុងឆ្នាំ​១៩៧៦
​និង​ក្រោយមក​បាន​មួយឆ្នាំ​ខាង​ភូមិភាគ​និរតី​ក៏ដោយ ក៏​មិន​មានការ​រឹតបន្តឹង​ច្រើន​ដែរ ដោយសារ​ធ្លាប់មាន​ទាហាន​នៅ​​តាម​​ទល់ដែន​ចូលរួម​ប្រជុំ​ជាមួយ​កម្មាភិបាល​ខ្មែរក្រហម ហើយ​បាន​ព្រមាន​ដល់​កម្មាភិបាល​នៅក្នុង​សហករណ៍​កុំ​ឲ្យ​​មានការ​បង្អត់អាហារ​ប្រជាជន បើ​មាន​ប្រជាជនរ​ត់ទៅ​ដោយសារ​កា​រ​ខ្វះខាត​អាហារ​ទៀត និង​យក​កម្មាភិបាល​ទាំងនោះ​ទៅ​សម្លាប់ចោល​ទាំងអស់ ព្រោះ​មាន​ប្រជាជនរ​ត់ទៅ​ថៃ​ច្រើនណាស់​។ ម្លោះ​ហើយ​ទើប​កម្មាភិបាល​ដែល​មក​បន្ត​មិន​ហ៊ាន ប្តូរ​របៀប​គ្រប់គ្រង​ទេ ដោយ​យល់ថា ការដឹកនាំ​ពីមុន គឺមាន​ការរៀបចំ​បានល្អ​ហើយ​។ ឪពុក​ខ្ញុំ​បានដឹង​ពី​ការ​គំរាម​របស់ កងទ័ព​ខ្មែរក្រហម​តាម​ទល់ដែន ព្រោះ​ពេល​នៅ​ខាង​ភូមិ​តា​គ្រៃ ឪពុក​ខ្ញុំ​ជា​អនុប្រធាន​ក្រុម​ជនជាតិ​ចិន គាត់​ថែមទាំង​ធ្លាប់​​បាន​ចូលរួម​ប្រជុំ និង​បោះឆ្នោត​រើស​តំណាងរាស្ត្រ​ទៀតផង ពេលនោះ​ដែរ​សម​មិត្ត អ៊ុយ ជា​តំណាងរាស្ត្រ​មណ្ឌល​​បរវេល នា​ចុងឆ្នាំ​១៩៧៥ ឬ​ដើមឆ្នាំ​១៩៧៦​។ ការបោះឆ្នោត​នោះ​មាន​លក្ខណៈ​ចម្លែក ដោយមាន​តំណាងរាស្ត្រ​តែ​ម្នាក់​គត់​ដែល​ឈរឈ្មោះ ហើយ​ពេល​បោះឆ្នោត​មាន​ច្រក​តែមួយ​ទេ​ឲ្យ​ចូលទៅ​បោះ ដោយ​បត់​ក្រ​ដាក់ចូល​ហិប​ឆ្នោត រួច​ចេញ​មកវិញ​គេ​ក៏​ចែក​បារី​សេក​ឲ្យ​ម្នាក់​មួយកញ្ចប់​។ ការបោះឆ្នោត​នោះ​ទៀតសោត​មាន​លាយ​ចម្រុះ​ទាំង​ប្រជាជន​ថ្មី និង​​ប្រជាជន​ចាស់ តែ​ប្រជាជន​ថ្មី​មាន​ចំនួន​តិច ដោយសារ​ប្រជាជន​ថ្មី​មានតែ​ប្រធាន និង​អនុប្រធាន​ក្រុម​ជនជាតិ​កូ​ឡា ជនជាតិ​ចិន និង​ជនជាតិខ្មែរ តែប៉ុណ្ណោះ​។ ចំណែក​ខាង​ប្រជាជន​ចាស់​មាន​ច្រើន​នាក់ មាន​តំណាង​សហករណ៍ តំណាង​ក្រុមយុវជន តំណាង​ក្រុម​បុរស តំណាង​ក្រុម​នារី​។​ល​។

​ ​ដោយឡែក​ការរៀប​អាពាហ៍ពិពាហ៍​ក្នុង​របប​ខ្មែរក្រហម ឪពុក​ខ្ញុំ​ធ្លាប់​ឃើញតែ​ម្តងគត់ គឺ​នៅក្នុង​ឆ្នាំ​១៩៧៦ ដោយមាន​ការស្នើរ​រៀបការ​ម្តង​មួយគូរ ដោយ​រៀបការ​តាម​ប្រពៃណី ដែលមាន​ឪពុកម្តាយ​ចូលរួម​ដូច​ធម្មតា​។ ចាប់ពី​​ពេល​នោះមក ឪពុក​ខ្ញុំ​មិនដែល​បានឃើញ​ទៀត​ទេ ព្រោះ​ឪពុកម្តាយ​ខ្ញុំ​នៅក្នុង​ភូមិ ហើយ​កងចល័ត​នារី និង​បុរស​មិន​នៅ​​ក្នុងភូមិ​ទេ ដូច្នេះ​គាត់​មិនដឹងថា តើ​មានការ​ប្តេជ្ញា​ក្នុង​ការរៀប​ការដែល​ឬ​យ៉ាងនោះ​។​

​ ​ចំពោះ​ការសម្លាប់​នៅ​ទីនោះ​ឪពុក​មិនដែល​បានឃើញ​ទេ ចំពោះ​អ្នក​ខ្ជិល​ច្រ​អូ​ុ​ស​មិន​ធ្វើការ គឺ​គ្រាន់តែ​ធ្វើការ​ស្វ័យ ទិ​តៀន​ចំ​បុគ្គល និង​មិនមាន​ការដាក់​ទារុណកម្ម​អ្វី​ឡើយ​។ តែ​ឈ្មោះ ថាច សាមឿន ជា​មិត្តភក្តិ​របស់​ឪពុក​ខ្ញុំ ដែលជា​​គ្រូបង្រៀន​ជាមួយគ្នា ត្រូវបាន​ខ្មែរក្រហម​យកទៅ ហើយ​អ្នកមូលដ្ឋាន​នៅ​ទីនោះ​ប្រាប់ថា ខ្មែរក្រហម​ច្រ​លំ​ថា​គាត់​ជា​គិញ​។ ក្នុងពេលនោះ​ហើយ​ដែលមាន​មិត្តភក្តិ​របស់​ឪពុក​ខ្ញុំ​មួយចំនួនទៀត​មានការ​​ប្រុងប្រយ័ត្ន​ខ្លាំង និង​ខ្លះទៀតរ​ត់ទៅ​ថៃ​។ ក្រោយមកទៀត មាន​មិត្តភក្តិ​របស់​ឪពុក​ម្នាក់ទៀត​ធ្វើ​ទាហាន លន់ នល់ បាន​និយាយ​ពិភាក្សាគ្នា​ពី​ការ​សុ​ើ​ប​ការណ៍ ក៏ត្រូវ​បាន​គេ​សុ​ើ​ប​ដឹង រួច​ក៏​យក​គា​ត់ទៅ​បាត់​មួយទៀត ក្នុង​លេស​ចាត់តាំង​ឲ្យ​គាត់​ទៅ​ដឹកស្រូវ ជាមួយ​ខ្មែរក្រហម និង​រទេះគោ ស្រាប់តែ​ពីរ​ថ្ងៃ​ក្រោយមក​ឃើញតែ​រទេះ និង​គោ ត្រឡប់មកវិញ​ប៉ុណ្ណោះ​។ ក្នុងការ​ស្វែងរក​ខ្មាំង​នៅ​កន្លែង​​ឪពុកម្តាយ​ខ្ញុំ​រស់នៅ គឺ​តាមរយៈ​ការ​ស្រង់​ស្ថិតិ​សួរនាំ​នៅ​រោង​បាយ​ពេលយប់ ម្តង​ហើយ​ម្តងទៀត គឺធ្វើឡើង​ពីរដង នៅ​ចុងឆ្នាំ​១៩៧៥​ម្តង និង​ឆ្នាំ​១៩៧៧​ម្តង​។ លើកលែងតែ​កម្មាភិបាល​ខ្មែរក្រហម​ត្រូវបាន​សម្លាប់ ពេល​មានការ​ផ្លាស់ប្តូរ​កម្មាភិបាល​មកពី​ភូមិភាគ​ប​ច្ចឹ​ម នា​ចុងឆ្នាំ​១៩៧៦ និង​ចុងឆ្នាំ​១៩៧៨ បាន​ផ្លាស់ប្តូរ​កម្មាភិបាល​ភូមិភាគ​និរតី ហើយ​បានសម្លាប់​កម្មាភិបាល​ពី​ភូមិភាគ​ប​ច្ចឹ​ម​គ្មាន​សល់​ម្នាក់​។ ចំណែក​កម្មាភិបាល​ខាង​ពាយ័ព្យ​មួយចំនួន​បាន​រត់គេចខ្លួន ស្រប​​នឹងមាន​ការប្រកាស​តាម​ចាប់​ខ្លាំង​ឲ្យ​ខាន​តែ​បាន​ជាមួយគ្នា​នោះដែរ​។​

​ ​នៅ​ចុងឆ្នាំ​១៩៧៨ មាន​ហេតុការណ៍​មួយ​ចម្លែក​កើតឡើង​ដែល​ឪពុក ក៏ដូចជា​អ្នកភូមិ​ដទៃទៀត ត្រូវ​បានដាក់​
​ទិស​​ឲ្យ​ជីក​ស្រះ​ពេលយប់ បន្ទាប់ពី​ហូបបាយ​ល្ងាច​រួច ជីក​រហូតដល់​ម៉ោង​ប្រហែល​៩​យប់​ទើប​ឈប់ ហើយ​ខ្មែរក្រហម​បាន​ប្រាប់ថា ពេល​ជីក​រួច​នឹង​មានការ​ជប់លៀង​នំ​បញ្ចុក​។ អ្នក​នៅក្នុង​ភូមិ ក៏ដូចជា​ឪពុក មិនមាន​ការចាប់អារម្មណ៍​អ្វី​​ទាំងអស់ ដោយ​ស្មានតែ​ខ្លាច​មានការ​ខ្វះ​ទឹក​ប្រើប្រាស់ លុះ​ពេលដែល​គាត់​បែក​មក​តាមផ្លូវ ស្រាប់តែ​ឮ ប្រជាជន​គ្រប់​កន្លែង​ទាំងអស់​ប្រាប់​ពី​ការជីក​ស្រះ និង​គម្រោង​ជប់លៀង​ហូប​នំ​បញ្ចុក​ដូចៗ​គ្នា​ទាំងអស់ ដូច្នេះហើយ​ទើប​មនុស្ស​គ្រប់គ្នា យល់ថា ផែនការ​របស់​ខ្មែរក្រហម គឺ​ចង់​សម្លាប់​ប្រជាជន​ថ្មី​ចោល​ទាំងអស់ ដោយ​ខ្មែរក្រហម​គិតថា អប់រំ​លែង​បាន​ហើយ និង​ចាត់ទុកជា​ខ្មាំង (​ឪពុក បានដឹង​រឿងនេះ​នៅពេលដែល​គាត់​បាន​ទៅ​រៀន​នយោបាយ​ក្នុង​ជំនាន់ ហេង សំរិន​) ដោយ​​ទុក​តែ​ក្មេងៗ ដែលជា​កូន​របស់​អង្គការ ហើយ​ចាស់​រកតែ​បះបោរ​។ តែ​ជា​សំណាងល្អ​មានការ​រំដោះ​បាន​មុន បើ​មិន​ដូច្នោះ​ទេ គឺ​ត្រូវ​សម្លាប់​ទាំងអស់​ហើយ​។​

​ ​ក្នុង​ឆ្នាំ​១៩៧៩ នៅ​ភូមិ​អំពិល​ប្រាំ​ដើម​ដឹងថា​របប​ខ្មែរក្រហម​បាន​ផ្តួលរំលំ​នៅក្នុង​ខែកុម្ភៈ ដោយ​ប្រជាជន​មិន​
​ដឹង​​រឿង​អ្វី​សោះ ហើយ​កម្មាភិបាល​ខ្មែរក្រហម​រត់​បាត់អស់​ពី​ក្នុងភូមិ ដោយ​ឪពុក​គ្រាន់​ចាំ​ថា មុននឹង​បែក​មាន​សំលេង​​គ្រាប់កាំភ្លើង​ផ្លោង​ចូលមក​ក្នុងភូមិ​១២​គ្រាប់ ហើយ​ព្រឹក​ឡើង​បាត់​កម្មាភិបាល​ខ្មែរក្រហម​អស់​ដោយ​មិនដឹងថា​ទៅណា​។ បន្ទាប់មក ក៏បាន​ចាត់តាំង​រក​អ្នក​ដែល ធ្លាប់​ធ្វើជា​ទាហាន លន់ នល់ បីនាក់​ឲ្យ​ទៅ​សុ​ើ​ប​នៅ​ស្រុក​បរវេល​ពី​មូលហេតុ​នៃ​ការបាត់​ខ្លួន​របស់​កម្មាភិបាល​ខ្មែរក្រហម ពេល​កំពុង​រង់ចាំ​ដំណឹង ប្រជាជន​បាននាំគ្នា​ទៅ​ច្រូតស្រូវ​តាម​ធម្មតា រយៈពេល​​បី​ថ្ងៃ​ទើប​ដឹងថា គេ​រំដោះ​ហើយ ប្រជាជន​នៅ​ទីរួមស្រុក​បរវេល មានការ​សប្បាយរីករាយ ទើប​នាំគ្នា​ធ្វើដំណើរ​ទៅ​ស្រុក​​បរវេល​។ ពេលមកដល់​ទីរួមស្រុក​បរវេល ប្រជាជន​ផឹកស្រា រាំច្រៀង ជប់លៀង​យ៉ាង​ទ្រហឹង​អឹងកង បានតែ​២​ថ្ងៃ ស្រាប់តែ​ខ្មែរក្រហម​ត្រឡប់មកវិញ ប្រជាជន​នាំគ្នា​រត់​មក​ខាង​ថ្មគោល ខេត្តបាត់ដំបង ដោយមាន​ការបាញ់​តាម​ពីក្រោយ​របស់​កងទ័ព​ខ្មែរក្រហម​។ ការ​ត្រឡប់មកវិញ​នោះដែរ គឺ​មក​កៀរ​ប្រជាជន​ទៅជា​មួយ តែ​ឪពុក​មិនបាន​ដឹងថា​ខ្មែរក្រហម​​ប្រកាស​យ៉ាងណា​នោះទេ​។ ពេលមកដល់​ស្រុក​ថ្មគោល ប្រជាជន​នៅទីនេះ​មានការ​រស់នៅ​ធម្មតា​វិញ​ហើយ មាន​អ្នកខ្លះ​​ក៏​រត់​កង់​ឌុប អ្នកខ្លះ​ក៏​ធ្វើស្រែ​ចម្ការ​ឡើងវិញ អ្នកខ្លះ​រក​សុ​ី​យក​ស្ករ ប៊ីចេង សា​រ៉ុង ពី​បោយ​ប៉ែត​មក​ដូរ​។​ល​។ បន្តដំណើរ បន្តទៀត ឪពុកម្តាយ និង​ក្រុមគ្រួសារ បានមក​ស្នាក់​នៅក្នុង​ខេត្តបាត់ដំបង ហើយ​ឪពុក​បាន​ទៅ​នេសាទ​ត្រី​នៅ​បឹង​ទន្លេសាប ជាមួយ​ប្អូន ដែល​មកពី​ខាង​បឹង​ទន្លេសាប ហើយ​ម្តាយ និង​យាយ របស់ខ្ញុំ លក់​ឥ​វ៉ាន់​ចាប់ហួយ​នៅ​ផ្សារ​សាលា​តា​អន ពេលដែល​បាន​នេសាទ​បាន ត្រី​មក ធ្វើ​ប្រហុក ធ្វើ​ត្រីឆ្អើ រួចហើយ ម្តាយ យកទៅលក់​នៅ​ផ្សារ​។ លុះ​បាន​ដំណឹង​ថា ឪពុកម្តាយ​របស់​ឪពុក​នៅរស់ ទើប​គាត់​នាំគ្នា ត្រឡប់មក​ទីក្រុង​វិញ ភូមិកំណើត​វិញ តាមរយៈ​ឡាន​ដឹកទំនិញ​វៀត​ណា​ម​​ទៅ​ឈប់​នៅ​សៀ​ុ​ម​រាប រួចមក​ទៅ​ខេត្តកំពង់ចាម បន្ត​មក ជិះ​កាណូត​ពី​កំពង់ចាម​មក​ភ្នំពេញ ក្នុង​ខែតុលា ឆ្នាំ​១៩៧៩​។ នៅ​ខែធ្នូ ឆ្នាំ​១៩៧៩ ឪពុក​បាន​ចូល​ធ្វើជា​គ្រូបង្រៀន​វិញ ដោយ​គាត់ ធ្លាប់ជា​គ្រូបង្រៀន​មានឈ្មោះ​ក្នុង​បញ្ជីរ​របស់​រដ្ឋ ទើប​គេ​ហៅ​ឪពុក​ឲ្យ​ទៅ​បង្ហាញខ្លួន ហើយ​ចាប់​បង្រៀន​ថ្នាក់​ទី​៣ បឋមសិក្សា បាន​រយៈពេល​២​ឆ្នាំ ឪពុក​ក៏បាន​ទៅធ្វើជា​​ប្រធាន​រោងចក្រ​ដីស ក្រោយមកទៀត​គាត់​ក៏បាន​បង្កើត​រោង​ជាង​ផលិត​សម្ភារ​ឧបទ្ទេស រួច​ក្រោយមក ក៏បាន​ទៅធ្វើជា​​នាយក​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​មិត្តភាព​កម្ពុជា​ជប៉ុន​។​

​ ​ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ សមាជិកគ្រួសារ​ម្តាយ​ខ្ញុំ​ដែលមាន​បង​ប្អូ​ន​៧​នាក់ ត្រឡប់មកវិញ​តែ​៥​នាក់ និង​យាយ​តា​របស់ខ្ញុំ ដែល​មីង​របស់ខ្ញុំ​ឈ្មោះ អ៊ា ប៊ុនហួរ ស្លាប់ (​ប្រហែលជា​លង់ទឹក​ស្លាប់​) និង​ប្អូនប្រុស​ម្តាយ​ម្នាក់​ឈ្មោះ អ៊ុយ ស្លាប់ (​ដោយសារ​គ្រាំ​ក្នុង​)៕មន