ការជួបជុំ​រវាង​វាគ្មិន និង​អ្នកនិពន្ធ​រឿងរ៉ាវ​ជីវិត​ក្នុង​របប​ខ្មែរក្រហម

783
ចែករម្លែក
ការជួបជុំ​រវាង​វាគ្មិន និង​អ្នកនិពន្ធ​រឿងរ៉ាវ​ជីវិត​ក្នុង​របប​ខ្មែរក្រហម

ដោយៈ​ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៩ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា រួមសហការ​ជាមួយ​សមាគម​អ្នកនិពន្ធ​ខ្មែរ​បង្កើត​កម្មវិធី​សិក្ខាសាលា​ក្រោម​ប្រធានបទ «​ឈ្វេងយល់​រឿងរ៉ាវ​ជីវិត​ក្នុង​របប​ខ្មែរក្រហម​» ដែលមាន​ទីតាំង​ស្ថិតនៅ​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ ក្នុង​រាជធានី​ភ្នំពេញ​។​


សិក្ខាសាលា​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់ លោកស្រី ទន់ សា​អ៊ី​ម អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ជ័យ ចាប ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នកនិពន្ធ​ខ្មែរ លោក ព្រឿង ប្រណីត ប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ និង​លោក ផេង ពង្ស​រ៉ាស៊ី ប្រធាន​គម្រោង​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ព្រមទាំង​មាន​សិក្ខាកាម​ចូលរួម​ប្រមាណ​៤០​នាក់ ដែលជា​អ្នកនិពន្ធ និង​អ្នកសរសេរ​រឿង​។
​ការបង្កើត​សិក្ខាសាលា​នេះ​ឡើង គឺមាន​គោលបំណង​ចែករំលែក និង​ពិភាក្សា​អំពី​វិធីសាស្ត្រ​ក្នុងការ​សរសេរ​រឿងរ៉ាវ​ជីវិត​ក្នុង​របប​ខ្មែរក្រហម ទៅដល់​សិក្ខាកាម​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ស្នាដៃ​តែង​និពន្ធ​រឿង​ខ្លី​ស្តីអំពី «​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត​»​។ សិក្ខាសាលា​នេះ​ក៏​នឹង​ជួយ​លើកស្ទួយ​ការស្រាវជ្រាវ ការ​តែង​និពន្ធ​រឿងរ៉ាវ​របស់​អ្នក​ដែល​រស់រានមានជីវិត និង​អ្នក​ដែល​ធ្លាប់​បានឮ​រឿងរ៉ាវ​ដែល​បានកើត​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ការថែរក្សា​ឯកសារ​ប្រវត្តិសាស្ត្រ និង​ការចងចាំ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ កម្មវិធី​នេះ​ក៏មាន​គោលបំណង​វាស់​ស្ទង់​ពី​កម្រិត​នៃ​ការយល់ដឹង​របស់​យុវជន​ជំនាន់​ក្រោយ​ស្ដីអំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ការចែករំលែក​រឿងរ៉ាវ​ជីវិត​របស់​មនុស្ស​ជំនាន់​មុន​មក​មនុស្ស​ជំនាន់​ក្រោយ និង​ការផ្លាស់ប្តូរ​ការយល់ឃើញ​អំពី​ភាព​សាហាវឃោរឃៅ​នៅក្នុង​របប​ខ្មែរក្រហម​។

ការជួបជុំ​រវាង​វាគ្មិន និង​អ្នកនិពន្ធ​រឿងរ៉ាវ​ជីវិត​ក្នុង​របប​ខ្មែរក្រហម


​ផ្ទុយទៅវិញ​មានរឿង​រ៉ាវ​ខ្លះ​ដែល​បានកើត​ឡើង​នៅក្នុង​របប​ខ្មែរក្រហម ក៏​នឹងធ្វើ​ឲ្យ​ប្រជាជន​បាន​ធូរស្បើយ និង​ជាការ​លើកទឹកចិត្ត​ដើម្បី​ឈានដល់​ការផ្សះផ្សា​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​បានរស់នៅ​ក្នុងសង្គម​ដែល​បែកបាក់​ដោយសារ​សង្គ្រាម​។ នៅក្នុង​សិក្ខាសាលា​នេះ​លោកអ្នក​ដែល​ចូលរួម​ទាំងអស់​នឹង​ទទួលបាន​នូវ​វិធីសាស្ត្រ​និពន្ធ​ស្នាដៃ​បែប​រឿង​ពិត និង​ស្នាដៃ​បែប​និទាន​ពី​វាគ្មិន​លោក ឃឹម ច័ន្ទ​សុ​អ​ហំ បណ្ណាធិការ​សមាគម​អ្នកនិពន្ធ​ខ្មែរ និង​អ្នក​ដែល​បាន​ឆ្លងកាត់​រឿងរ៉ាវ​ជីវិត​ក្នុងសម័យ​ខ្មែរក្រហម​អ្នកគ្រូ ប៉ុល ពិសី អនុប្រធាន​សមាគម​ខ្មែរ​។​


​ចាប់ពី​ថ្ងៃទី​១ ខែតុលា មកដល់ ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៩ បេក្ខជន​បាន​សរសេរ​រឿង​ខ្លី ក្រោម​ប្រធានបទ «​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​» និង​បាន​ផ្ញើ​សំណេរ​របស់ខ្លួន​មកកាន់​សមាគម​អ្នកនិពន្ធ​ខ្មែរ​បាន​មួយចំនួន​៤២​រួចមកហើយ ដែល​ការទទួលយក​សំណេរ​នេះ​នឹង​ផុតកំណត់​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​។ សំណេរ​ចំនួន​១០​នឹងត្រូវ​បាន​ជ្រើស ហើយ​ចំពោះ​បេក្ខភាព​ដែល​ទទួលបាន​ជ័យលាភី​ក្នុងការ​ប្រកួតប្រជែង​ស្នាដៃ​តែង​និពន្ធ​រឿង​ខ្លី​នេះ​នឹង​ទទួលបាន​ពានរង្វាន់​ស្លឹករឹត និង​ថវិកា​មួយចំនួន ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ដើមឆ្នាំ​២០២០ ខាងមុខ​៕សរន

ការជួបជុំ​រវាង​វាគ្មិន និង​អ្នកនិពន្ធ​រឿងរ៉ាវ​ជីវិត​ក្នុង​របប​ខ្មែរក្រហម

លោកស្រី ទន់ សា​អ៊ី​ម អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា
លោកជ័យ ចាប ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នកនិពន្ធ​ខ្មែរ