ការពន្យារសុពលភាពនៃវិធានការរឹតត្បិតទប់ស្កាត់និងកាត់បន្ថយការចម្លងមេរោគកូវីដ១៩ នៅស្វីស

137
ចែករម្លែក

ដោយ: មុនីរ័ត្ន/ភ្នំពេញៈ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសហព័ន្ធស្វីស បានជម្រាបជូនពលរដ្ឋកម្ពុជាដែលកំពុងស្នាក់នៅ បម្រើការងារ និងសិក្សា ឬមានបំណងធ្វើដំណើរចូលសហព័ន្ធស្វីសមេត្តាជ្រាបថា៖

 ១. ចាប់តាំងពីខែមីនា ឆ្នាំ២០២០មក រដ្ឋាភិបាលសហព័ន្ធស្វីសបានដាក់ចេញនូវវិធានការរឹតត្បិតជាច្រើន ដែលមានសុពលភាពរហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ក្នុងគោលបំណងទប់ស្កាត់និងកាត់បន្ថយការចម្លងមេរោគកូវីដ១៩។

 ២. នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាលសហព័ន្ធស្វីសបានសម្រេចពន្យារសុពលភាពនៃវិធានការទាំងនោះ បន្ថែមមួយសប្តាហ៍ទៀត គឺរហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។ វិធានការនានាដូចខាងក្រោម ត្រូវបានយកចិត្តទុកដាក់៖

− បិទទីតាំងនានាមិនឱ្យសាធារណជនចូល (ឧទាហរណ៍ ហាងលក់ដូរ ភោជនីយដ្ឋាន ក្លឹបកំសាន្តរង្គសាល កន្លែងកំសាន្ត និងទីតាំងកីទ្បា ។ល។) ប៉ុន្តែ លើកលែងហាងទំនិញចាំបាច់ សេវាដឹកជញ្ជូនអាហារដល់កន្លែង ឱសថស្ថាន សេវាប្រៃសណីយ៍ ធនាគារ ស្ថានីយប្រេងឥន្ធនៈ សេវាកម្មដឹកជញ្ជូនសាធារណៈ រដ្ឋបាលសាធារណៈ ក្រុមហ៊ុនផ្គត់ផ្គង់ថាមពល និងសណ្ឋាគារ។ទីតាំងនិងអាជីវកម្មដែលមិនរងផលប៉ះពាល់ពីបម្រាមនេះ ត្រូវបន្តអនុវត្តវិធានគម្លាត សង្គមនិងអនាម័យ ដែលបានណែនាំដោយអាជ្ញាធរសុខភាពសាធារណៈស្វីស។

− ហាមឃាត់រាល់កម្មវិធីជួបជុំឯកជន និង សាធារណៈ និង ការប្រមូលផ្ដុំ លើសពីប្រាំនាក់ នៅទីសាធារណៈ។ ការ ប្រមូលផ្ដុំ ក្រោមប្រាំនាក់ ត្រូវបានអនុញ្ញាត ប៉ុន្តែ ត្រូវរក្សា គម្លាតពីគ្នាយ៉ាងហោចណាស់ ពីរ ម៉ែត្រ។

− ហាមឃាត់រាល់នីតិវិធីនិងការព្យាបាលដែលពុំមានលក្ខណសង្គ្រោះបន្ទាន់ នៅតាម មន្ទីរពេទ្យគ្លីនិក និងបន្ទប់វេជ្ជសាស្ត្រ ឬព្យាបាលធ្មេញ ។

 − ស្នាក់នៅក្នុងគេហដ្ឋានឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ជាពិសេសអ្នកមានជំងឺ ឬអាយុលើសពី៦៥ឆ្នាំ លើកលែងតែបុគ្គលដែលត្រូវចេញទៅធ្វើការ ជួបពេទ្យ ទិញម្ហូប ឬត្រូវផ្តល់ជំនួយដល់អ្នកដទៃ។

៣. ការរឹតបន្តឹងមិនឲ្យចូលប្រទេសស្វីសនៅតាមព្រំដែន និងការផ្អាកផ្តល់ទិដ្ឋាការចូលប្រទេសស្វីស នៅបន្តអនុវត្តដោយអាជ្ញាធរស្វីស ដដែល៕srn/Ha