ការពារជនរងគ្រោះ និងជនងាយរង​គ្រោះជាការផ្តល់តម្លៃសម្រាប់មនុស្ស​ជាតិ

127
ចែករម្លែក

ដោយ:បូកគោ/កំពត ៖ ជាការរួមចំណែកក្នុងកិច្ចពន្លឿនការកាត់បន្ថយភាពក្រីក្រ និងការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិជនគ្រប់រូបត្រូវការពារតម្លៃ និងយកចិត្តទុកដាក់ចំពោះជនរងគ្រោះ ព្រមទាំងជនងាយរងគ្រោះទូទៅនៅក្នុងសង្គម។

គណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តកំពត នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំបន្តនៅសាលប្រជុំសាលាខេត្តកំពត។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកជាវ តាយ អភិបាលខេត្ត និងជាប្រធានកាកបាទក្រហមកម្ពុជាសាខាខេត្តកំពតបានមានប្រសាសន៍ថាសកម្មភាពរបស់សមាគមកាកបាទក្រហមកម្ពុជាមានការនាំមុខជាចម្បងក្នុងវិស័យមនុស្សធម៌ដែលត្រូវបានមជ្ឈដ្ឋានទូទៅទទួលស្គាល់ និងផ្តល់តម្លៃខ្ពស់បំផុត។ នេះជាការរួមចំណែកក្នុងកិច្ចពន្លឿនបេសកកម្មសម្រាប់ការកាត់បន្ថយភាពក្រីក្រទូទាំងប្រទេស។

ប្រធានគណៈកម្មាធិការបានបន្តថាចំពោះខេត្តកំពតវិញ ផ្អែកតាមកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់សមាជិក សមាជិកាសាខាកាកបាទក្រហមខេត្ត និងអនុសាខាក្រុង-ស្រុកបានធ្វើឱ្យលទ្ធផលការងារ ពិសេសកិច្ចការមនុស្សធម៌កន្លងមកទទួលបាននូវភាពល្អប្រសើរគួរជាទីមោទនៈ។

ដូច្នេះ ដើម្បីឱ្យសាខាកាកបាទក្រហមខេត្តកាន់តែទទួលបានលទ្ធផលគាប់ប្រសើរបន្ថែមទៀត សមាជិក សមាជិកាទាំងអស់ត្រូវចូលរួមរក្សាសេចក្តីថ្លៃថ្នូរ ព្រមទាំងការពារតម្លៃមនុស្សធម៌ចំពោះជនរងគ្រោះ និងជនងាយរងគ្រោះ ក៏ដូចជាយកចិត្តទុកដាក់ក្នុងកិច្ចឆ្លើយតបចំពោះតម្រូវការអ្នកទាំងនោះឱ្យបានទាន់ពេលវេលា៕B/