ការសិក្សារកឃើញថា ស្វាបានបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងកូវីដ១៩ ក្រោយឆ្លងមេរោគ និងចាក់វ៉ាក់សាំង

144
ចែករម្លែក

ការសិក្សាចំនួនពីរលើសត្វស្វា ដែលចេញផ្សាយកាលពីថ្ងៃពុធ ទី២០ ឧសភា បានផ្តល់នូវក្តីសង្ឃឹមថា មនុស្សអាចផលិតប្រព័ន្ធភាពស៊ាំការពារប្រឆាំងនឹងវីរុសកូរ៉ូណា។

ការសិក្សា ដែលចុះផ្សាយក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ បានពិនិត្យមើលវ៉ាក់សាំងគំរូមួយ និងមើលថាតើការឆ្លងមេរោគ Sars-CoV-2 ផ្តល់នូវភាពស៊ាំប្រឆាំងនឹងការឆ្លងជំងឺនេះម្តងទៀតឬអត់។

សំណួរទាំងពីរគឺមានសារៈសំខាន់ណាស់ ខណៈអ្នកស្រាវជ្រាវកំពុងដោះស្រាយជាមួយវីរុស ដែលបានឆ្លងដល់មនុស្សជិត ៥ លាននាក់នៅជុំវិញពិភពលោកនិងសម្លាប់មនុស្សជាង ៣២៥.០០០ នាក់។

ការសិក្សាត្រូវបានធ្វើឡើងលើប្រភេទសត្វស្វាពណ៌ត្នោតដើម្បីមើលថាតើវាបង្កើតបានភាពស៊ាំការពារពីការឆ្លងវីរុសដោយធម្មជាតិឬអត់។

អ្នកនិពន្ធជាន់ខ្ពស់លោក ដាន់ បារ៉ូច នាយកមជ្ឈមណ្ឌលរោគវិទ្យានិងការស្រាវជ្រាវវ៉ាក់សាំងនៅមណ្ឌលវេជ្ជសាស្ត្របេតអ៊ីស្រាអែលនៅទីក្រុងបូស្តុន និយាយថា “ការរាតត្បាតនៃជំងឺកូវីដ១៩ទូទាំងពិភពលោកបានធ្វើឱ្យការបង្កើតវ៉ាក់សាំងក្លាយជាអាទិភាពផ្នែកជីវវេជ្ជសាស្រ្ត ប៉ុន្តែបច្ចុប្បន្នគេដឹងតិចតួចណាស់អំពីភាពស៊ាំការពារចំពោះវីរុស Sars-CoV-2″។

លោកបារ៉ូចនិយាយថា “នៅក្នុងការសិក្សាទាំងពីរនេះ យើងបានបង្ហាញនៅក្នុងសត្វស្វាថា វ៉ាក់សាំងគំរូនេះបានការពារប្រឆាំងនឹងការឆ្លងមេរោគ Sars-CoV-2 ហើយដូច្នេះការឆ្លងមេរោគ Sars-CoV-2 ត្រូវបានការពារមិនឱ្យងើបឡើងវិញទេ”។

នៅក្នុងការសិក្សាមួយទៀត ដែលធ្វើឡើងដោយលោកបារ៉ូចនិងអ្នកស្រាវជ្រាវដទៃទៀត សត្វស្វាពេញវ័យចំនួន ៩ ក្បាលត្រូវបានចម្លងកូវីដ១៩។

ស្វាបានវិវត្តរោគសញ្ញាកូវីដ១៩ ប៉ុន្តែបានបង្កើតអង្គបដិប្រាណការពារ និងជាសះស្បើយវិញនៅប៉ុន្មានថ្ងៃក្រោយ។

ដើម្បីតេស្តមើលប្រព័ន្ធភាពស៊ាំ ស្វាទាំងនោះត្រូវបានដាក់ឱ្យឆ្លងវីរុស Sars-CoV-2 ម្តងទៀតនៅ ៣៥ ថ្ងៃក្រោយ សម្រាប់អ្វីដែលគេហៅថា “ដាក់ឱ្យឆ្លងជំងឺម្តងទៀត” ហើយពួកវាបង្ហាញរោគសញ្ញាតិចតួចបំផុត។

ក្រុមអ្នកនិពន្ធការសិក្សានេះដាស់តឿនថា ការស្រាវជ្រាវបន្ថែមទៀតចាំបាច់ត្រូវធ្វើ ពីព្រោះតែភាពខុសគ្នារវាងការឆ្លងកូវីដ១៩ចំពោះសត្វនិងមនុស្ស៕ ដោយ៖ កញ្ញាដាលីស

វ៉ាក់សាំងកូវីដ១៩និងការពិសោធន៍លើភាពស៊ាំការពារការឆ្លងកូវីដឡើងវិញកំពុងធ្វើឡើងយ៉ាងសកម្ម