ការសិក្សារបស់អ្នកវិទ្យាសាស្ត្រអង់គ្លេស ៖ ការបាត់បង់ឃានវិញ្ញាណនិងជិវ្ហាវិញ្ញាណ ជារោគសញ្ញាសំខាន់នៃជំងឺកូវីដ១៩

305
ចែករម្លែក

ការបាត់បង់ឃានវិញ្ញាណនិងជិវ្ហាវិញ្ញាណប្រហែលជាវិធីល្អបំផុតដើម្បីប្រាប់ថាតើអ្នកមានឆ្លងជំងឺកូវីដ១៩ឬអត់ នេះយោងតាមការសិក្សានៃទិន្នន័យប្រមូលបានតាមរយៈកម្មវិធី (App) តាមដានរោគសញ្ញា ដែលបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រអង់គ្លេសដើម្បីជួយតាមដានមេរោគរាតត្បាតដែលបង្កពីវីរុសកូរ៉ូណាថ្មី។

ជិត ៦០ ភាគរយនៃអ្នកជំងឺដែលត្រូវបានបញ្ជាក់ថាវិជ្ជមានកូវីដ១៩ បានរាយការណ៍អំពីការបាត់បង់ឃានវិញ្ញាណនិងជិវ្ហាវិញ្ញាណ។

ចំនួននោះគឺប្រៀបធៀបជាមួយ ១៨ ភាគរយនៃអ្នកដែលបានធ្វើតេស្តអវិជ្ជមាន។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ King’s College London បាននិយាយថា លទ្ធផលដែលត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណេតប៉ុន្តែមិនទាន់មានការពិនិត្យមើលឡើងវិញពីសំណាក់អ្នកស្រាវជ្រាវគ្នាឯង គឺមានភាពរឹងមាំខ្លាំងក្លាក្នុងការទស្សន៍ទាយដឹងអំពីការធ្វើរោគវិនិច្ឆ័យឃើញជំងឺកូវីដ១៩ជាងអាការៈក្តៅខ្លួនដែលពិនិត្យដោយខ្លួនឯង។

ក្នុងចំណោមអ្នកប្រើ App ចំនួន ១,៥​ លាននាក់នៅចន្លោះថ្ងៃទី២៤មីនានិង២៩មីនា មាន២៦ភាគរយរាយការណ៍រោគសញ្ញា១ឬ២តាមរយៈ App នោះ។ ក្នុងចំណោមនោះ មាន ១.៧០២ នាក់រាយការណ៍ថាបានតេស្តរកមើលកូវីដ១៩ ដោយមាន ៥៧៩ នាក់មានលទ្ធផលវិជ្ជមាន និង ១.១២៣ នាក់មានលទ្ធផលអវិជ្ជមាន។

ដោយប្រើទិន្នន័យទាំងអស់ដែលប្រមូលបាន ក្រុមអ្នកស្រាវជ្រាវបានអភិវឌ្ឍគំរូគំនិតវិទ្យាមួយដើម្បីកំណត់បណ្តុំរោគសញ្ញាមួយណាដែលមានភាពច្បាស់លាស់ក្នុងការព្យាការណ៍អំពីការឆ្លងមេរោគកូវីដ១៩ ក្នុងនោះរួមមានចាប់ពីការបាត់បង់ឃានវិញ្ញាណនិងជិវ្ហាវិញ្ញាណរហូតដល់គ្រុនក្តៅ ក្អកមិនបាត់ អស់កម្លាំងល្ហិតល្ហៃ រាគរូស ឈឺពោះ និង បាត់ចំណង់អាហារ។

លោកធីម ស្ពិកទ័រ សាស្ត្រាចារ្យដឹកនាំការស្រាវជ្រាវនៅសាកលវិទ្យាល័យខាងលើ បាននិយាយថា “នៅពេលផ្គុំគ្នាជាមួយរោគសញ្ញាផ្សេងៗ មនុស្សដែលបាត់បង់ឃានវិញ្ញាណនិងជិវ្ហាវិញ្ញាណមានឱកាសបីដងក្នុងការឆ្លងកូវីដ១៩នេះយោងតាមទិន្នន័យរបស់យើង ហើយដូច្នេះគួរបង្ខាំងខ្លួនឯងដាច់ដោយឡែក១៤ថ្ងៃដើម្បីទប់ស្កាត់ការរាលដាលជំងឺមួយនេះ”៕ ដោយ៖ កញ្ញាដាលីស

ការបាត់បង់ឃានវិញ្ញាណនិងជិវ្ហាវិញ្ញាណជារោគសញ្ញាចម្បងនៃជំងឺកូវីដ១៩