ការស្តា​របឹង​សាធារណៈ​ជា​ផ្នែក​មួយ​នៃ​មូលដ្ឋាន​បង្កើន​សេដ្ឋកិច្ច​ដល់​ចង្កោម​កសិករ​

128
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ការស្តា​របឹង​សាធារណៈ​ជា​ផ្នែក​មួយ​នៃ​មូលដ្ឋាន​បង្កើន​សេដ្ឋកិច្ច​ដល់​ចង្កោម​កសិករ​។​មន្ត្រី​គម្រោង​បានឱ្យដឹង​កាលពី​ថ្មីៗ​នេះ​ថា​៖​ចង្កោម​កសិករ​ផលិត​ស្រូវ​នៅ​ភូមិ​ត្របែក ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បាន​អនុវត្ត​កិច្ចសន្យា​ទិញ​-​លក់​ស្រូវ បាន​ចំនួន ២​លើក ក្នុង​ឆ្នាំ​២០១៩​។

ដែល​ការអនុវត្ត​លើក​ទី​១ ទទួលបាន​លទ្ធផល​ល្អប្រសើរ​លើសពី​ការរំពឹងទុក ។​ប៉ុន្តែ​សម្រាប់​លើក​ទី​២​ត្រូវបាន​ប្រឈម​នឹង​កត្តា​អាកាសធាតុ​រាំងស្ងួត​ខ្វះ​ប្រភពទឹក​ស្រោចស្រព​ដែលជា​កត្តា​ចម្បង​មិនអាច​សម្រេច​លទ្ធផល​តាម​កិច្ចសន្យា​បាន​។

​មន្ត្រី​គម្រោង​នេះ​បានឱ្យដឹងថា​ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នេះ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​ឬ​ហៅ​កាត់​ថា​(AIMS)​បាន​សំឡឹង​ឃើញ​បឹង​សាធារណៈ​មួយ​ក្នុងភូមិ​ត្របែក​ដែល​អាច​អភិវឌ្ឍ​ជា​អាង​ស្តុក​ទឹក​សម្រាប់​ដោះស្រាយ​បញ្ហា​កង្វះ​ទឹក​ស្រោចស្រព​ដល់​ប្រជាកសិករ​ចំនួន​៥​ភូមិ​។

​មន្ត្រី​បាន​បន្ត គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច ធ្វើ​អន្តរ​គម​ន៍​លើ​ខ្សែសង្វាក់​តម្លៃ​ស្រូវ ដោយ​ផ្តួចផ្តើម​ឱ្យមាន​កិច្ចពិភាក្សា​ពី​បណ្តា​ភាគី​ពាក់ព័ន្ធ​នានា​និង​អាជ្ញាធរ​មូលដ្ឋាន​រហូត​សម្រេចបាន​ការសហការ​វិនិយោគ​ពី​ក្រុមហ៊ុន​វិនិយោគ​ចំនួន​២ ដែល​ទទួលខុសត្រូវ​លើ​ផ្ទៃដី​ស្តារ​ទំហំ ៤០.០០០ ម៉ែត្រការ៉េ ជម្រៅ ១២​ម៉ែត្រ​។

ទន្ទឹមនឹង​ការស្ដារ​បឹង​ក៏មាន​ការពង្រីក​ផ្លូវលំ​ប្រវែង​១.១០០​ម៉ែត្រ​លើផ្លូវ​ចាស់​។​ការស្ដា​បឹង​និង​ពង្រីក​ផ្លូវ​អស់ថ​វិការ​សរុប​ប្រមាណ​១៣០.០០០​ដុល្លារ​។​បច្ចុប្បន្ននេះ​សកម្មភាព​នៃ​ការស្តា​របឹង​ខាងលើ​គឺ​បានសម្រេច​ប្រមាណ ៧០​ភាគរយ​នៃ​ផែនការ​។​ការខិតខំ​ប្រឹងប្រែង​យ៉ាង​សស្រាក់សស្រាំ​ពី​ក្រុមការងារ​នេះ ទទួល​បានការ​សាទរ​ពី​ប្រជាកសិករ​ក្នុងភូមិ​។​

​ជាក់ស្តែង​កសិករ​ចំនួន​១២​គ្រួសារ​ដែលមាន​ទីតាំង​ស្រែ​ជាប់​នឹង​គម្រោង​ផ្លូវ​ត​ភ្ជាប់​ពី​ភូមិ​ត្របែក​មកកាន់​ទីតាំង​ប្រមូលផ្តុំ បាន​សម្បទាន​ជា​ចំណែក​ដី​លំនៅដ្ឋាន និង​ដីស្រែ​ដើម្បី​ពង្រីក​ទទឹងផ្លូវ​ពី ៤​ម៉ែត្រ ទៅ ៧​ម៉ែត្រ​ផងដែរ​។​

សមិទ្ធិផល​នៃ​ការស្តា​របឹង​សាធារណៈ​ភូមិ​ត្របែក​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​មូលដ្ឋាន​ក្នុងការ​បង្កើន​សេដ្ឋកិច្ច​ដល់​ចង្កោម​កសិករ​តាមរយៈ​ការផលិត​ស្រូវ​ប្រកបដោយ​គុណភាព​អាច​ប្រកួតប្រជែង​លើ​ទីផ្សារ​បាន​និង​ទទួលបាន​ការគាំទ្រ​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ធាតុ​ចូល​។​ពិសេស​ទទួលបាន​កិច្ចសហការ​តាមរយៈ​កិច្ចសន្យា​ទិញ​-​លក់​ពី​បណ្តា​ក្រុមហ៊ុន​បញ្ជា​ទិញស្រូវ​ធំៗ​នានា​ក្នុង​និង​ក្រៅ​តំបន់​ជាមួយនឹង​តម្លៃ​សមរម្យ​។​

សូមបញ្ជាក់ថា​៖​មុនពេល​ចូល​គម្រោង​AIMS​ចង្កោម​កសិករ​ផលិត​ស្រូវ​នៅ​ភូមិ​ត្របែក​ផលិត​ស្រូវ​រៀងៗ​ខ្លួន​និង​រៀនសូត្រ​បច្ចេកទេស​តៗ​គ្នា​ដោយ​មិនទាន់មាន​ការប្រមូលផ្តុំ​ជា​ចង្កោម​នៅឡើយ​។​សូម្បីតែ​ការលក់ដូរ​កសិផល​ស្រូវ​ក៏​អនុវត្ត​រាយប៉ាយ​គ្មាន​ពេលវេលា​និង​អ្នកប្រមូល​ទិញ​មិន​ច្បាស់លាស់​៕S/

​រូបថត​៖​ការស្តា​របឹង​សាធារណៈ​ជា​ផ្ន​ឬ​កមួយ​នៃ​មូលដ្ឋាន​បង្កើន​សេដ្ឋកិច្ច​ដល់​ចង្កោម​កសិករ (​រ​រូប ៖ ប​.​ជ័យ​)​