ការិយាល័យរដ្ឋអាជ្ញាវ៉េណេស៊ុយអេឡាកោះហៅលោកក្វាយដូជុំវិញការប៉ុនប៉ងធ្វើរដ្ឋប្រហារ

144
ចែករម្លែក

អគ្គរដ្ឋអាជ្ញា លោក ថារិក វីលលៀម សាអាប បានប្រកាសកាលពីថ្ងៃអង្គារទី៣១មីនាថា ក្រុមរដ្ឋអាជ្ញានៃប្រទេសវ៉េណេស៊ុយអេឡាបានកោះហៅមេដឹកនាំបក្សប្រឆាំង លោកហ្វ័ន ក្វាយដូ ជុំវិញបទ “ប៉ុនប៉ងធ្វើរដ្ឋប្រហារ” និង ប៉ុនប៉ងធ្វើឃាត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋ លោកសាអាបបាននិយាយថា លោកក្វាយដូត្រូវបានកោះហៅឱ្យចូលបំភ្លឺនៅចំពោះមុខរដ្ឋអាជ្ញានៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយបន្ទាប់ពីការស៊ើបអង្កេតមួយកាលពីសប្តាហ៍មុនចំពោះការរឹបអូសឃ្លាំងអាវុធមួយនៅក្នុងប្រទេសជិតខាងកូឡុំប៊ី ដែលគាត់និយាយថារត់ពន្ធចូលមកវ៉េណេស៊ុយអេឡា។

លោកសាអាបនិយាយថា ដីកាកោះត្រូវបានបញ្ជូនទៅប្រធានសន្តិសុខរបស់គាត់កាលពីយប់ថ្ងៃចន្ទ។

មេដឹកនាំបក្សប្រឆាំងរូបនេះត្រូវបានទទួលស្គាល់ជាប្រធានាធិបតីបណ្តោះអាសន្នដោយប្រទេសចំនួនជាង ៥០ រួមទាំងសហរដ្ឋអាម៉េរិក ដែលបដិសេធមិនទទួលស្គាល់ប្រធានាធិបតីសង្គមនិយមលោកនីកូឡាស ម៉ាឌូរ៉ូ បន្ទាប់ពីការជាប់ឆ្នោតឡើងវិញដ៏ចម្រូងចម្រាសរបស់លោកកាលពីឆ្នាំ ២០១៨។

កងកម្លាំងកូឡុំប៊ីកាលពីសប្តាហ៍មុនបានរឹបអូសយកឃ្លាំងអាវុធមួយដែលជាប់ទាក់ទងទៅនឹងឧត្តមសេនីយ៍វ៉េណេស៊ុយអេឡាចូលនិវត្តន៍ម្នាក់ ដែលគេតាមចាប់ខ្លួនពីបទជួញដូរគ្រឿងញៀននៅសហរដ្ឋអាម៉េរិក។ ឧត្ដមសេនីយ៍កោរសក់ឈ្មោះ គ្លីវើ អាល់កាឡា បានចុះចាញ់នៅកូឡុំប៊ីហើយត្រូវបានប្រគល់ខ្លួនឱ្យទៅអាជ្ញាធរអាម៉េរិកកាលពីសប្តាហ៍មុន។

លោកអាល់កាឡាបានអះអាងថាជាម្ចាស់លើអាវុធដែលរកឃើញដោយប៉ូលិសនៅព័រតូវីចូក្នុងទីប្រជុំជនម៉ាកដាឡេណានៃប្រទេសកូឡុំប៊ីកាលពីថ្ងៃទី ២៣ ខែមីនា។

នៅក្នុងសេចក្តីប្រកាសរបស់លោកកាលពីថ្ងៃអង្គារ លោកសាអាបនិយាយថា លោកអាល់កាឡា ដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធនឹងលោកប្រធានាធិបតី យូហ្គោ ឆាវេស ប៉ុន្តែបានចូលនិវត្តន៍នៅពេលដែលលោកម៉ាឌូរ៉ូបានឡើងកាន់អំណាចកាលពីឆ្នាំ ២០១៣ បានធ្វើប្រតិបត្តិការក្រោមការណែនាំផ្ទាល់ពីលោក ហ្វ័ន ក្វាយដូ។

លោកក្វាយដូត្រូវបានរដ្ឋាភិបាលចាត់វិធានការម្តងហើយម្តងទៀតនៅក្នុងរឿងក្តីមួយចំនួនប៉ុន្តែមិនដែលត្រូវចាប់ខ្លួនទេចំពេលមានការព្រមានពីសហរដ្ឋអាម៉េរិកថាវាអាចជាកំហុសចុងក្រោយរបស់ម៉ាឌូរ៉ូ។

លោកក្វាយដូបានអំពាវនាវកាលពីថ្ងៃអាទិត្យឱ្យបង្កើតរដ្ឋាភិបាលចម្រុះបន្ទាន់មួយដែលអាចបញ្ចុះបញ្ចូលទីភ្នាក់ងារពហុភាគីដើម្បីផ្តល់មូលនិធិដែលត្រូវការចាំបាច់សម្រាប់ប្រព័ន្ធសុខភាពអន់ថយរបស់ប្រទេសនេះដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិកាលពីសប្តាហ៍មុនបានច្រានចោលសំណើរបស់លោកម៉ាឌូរ៉ូក្នុងការស្នើសុំប្រាក់កម្ចីចំនួន ៥ ពាន់លានដុល្លារដោយលើកហេតុផលថា “មិនមានភាពច្បាស់លាស់” ចំពោះការទទួលស្គាល់ជាអន្តរជាតិរបស់រដ្ឋាភិបាលរបស់លោក៕ ដោយ៖ កញ្ញាដាលីស

លោក ហ្វ័ន ក្វាយដូ នឹងត្រូវចូលបំភ្លឺនៅចំពោះមុខពួករដ្ឋអាជ្ញានៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ