ការ​ប្រជែង​ពាន Premier League កាន់តែ​ក្តៅគគុក ក្រោយពី Man City និង Liverpool ឈ្នះ​ដូចគ្នា​កាលពី​យប់មិញ​

435
ចែករម្លែក

​ការ​ប្រជែង​ពានរង្វាន់​ក្របខ័ណ្ឌ Premier League មើលទៅ​មានតែ​ពីរ​ក្រុម​ទេ​ដែល​ត្រូវ​ដណ្តើម​គ្នា​គឺ​រវាង​ក្រុម Liverpool និង Manchester City ក្រោយពី​ក្រុម​កំពូល​តារាង​ទាំង​២​បានទទួល​ជ័យជំនះ​ក្នុងផ្ទះ​រៀងៗ​ខ្លួន​កាលពី​យប់​ថ្ងៃ​ពុធ​ទី​២៧​កុម្ភៈ ហើយ​ក្រុម​លេខ ៣ Tottenham បាន​ចាញ់​ក្រុម​តោ​ខៀវ Chelsea សម្រាប់​បរាជ័យ​២​លើក​ផ្ទួនៗ​ក្នុង​រយៈពេល​ត្រឹម ៥ ថ្ងៃ​។​

​ក្រុម​ហង្ស​ក្រហម Liverpool បាន​រក្សា​ចំណាត់​ថ្នាក់លើ​កំពូល​តារាង​បាន​ដដែល​តាមរយៈ​ការទទួល​ជ័យជម្នះ ៥-០ លើ​ក្រុម Watford ខណៈដែល​ខ្សែបម្រើ​សា​ឌី​អូ ម៉ា​ណេ និង​ខ្សែការពារ​វើ​ជី​ល វ៉ាន់​ដែក ស៊ុត​បាន​ម្នាក់​២​គ្រាប់ ស្រប​ពេលដែល​ក្រុម Man City ត្រូវការ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​តង់​ទី​២​របស់​សឺ​ជី​អូ អា​ក្វេ​រ៉ូ​ដើម្បី​ផ្តួល​ក្រុម West Ham ១-០​។​

​ការប្រឹងប្រែង​ប្រជែង​ពានរ​បស់ Tottenham បាន​រលាយ​សាបសូន្យ​នៅ​ទឹកដី Stamford Bridge ជាមួយ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ខ្លួនឯង​របស់​កីឡាករ​ឃី​រ៉ា​ន់ ទ្រី​ប​ព្យែ​របា​ន​ជួយ​ឱ្យ​ក្រុម​តោ​ខៀវ Chelsea ដែល​គ្មាន​អ្នកចាំទី​ថ្លៃ​ជាងគេ​បំផុត​នៅលើ​ពិភពលោក​ឈ្នះ ២-០​។ អ្នកចាំទី កេ​ប៉ា អា​រី​យ្សា​បា​ឡា​ហ្គា (Kepa Arrizabalaga) ត្រូវបាន​ទម្លាក់​ឱ្យមក​អង្គុយ​នៅ​កៅអី​បម្រុង​សម្រាប់​ជាការ​ដាក់ទណ្ឌកម្ម​ចំពោះ​ការបដិសេធ​មិន​ប្តូរ​ចេញ​ក្នុង​បរាជ័យ​វគ្គ​ផ្តាច់ព្រ័ត្រ League Cup របស់​ក្រុម​តោ​ខៀវ Chelsea ក្រោម​ថ្វីដៃ Man City កាលពី​ថ្ងៃអាទិត្យ​។​

​ជាមួយ​ក្រុម Tottenham ប្រកួត​ចាញ់​ក្រុម Burnley កាលពី​ថ្ងៃ​សៅរ៍​ដែរនោះ ឥឡូវ​ក្រុម​មាន់​ខ្នាយ​មាស​ចាញ់​ក្រុម​កំពូល​តារាង​ដល់​ទៅ​៩​ពិន្ទុ​និង​នាំមុខ​ត្រឹម​៤​ពិន្ទុ​ប៉ុណ្ណោះ​លើ​ក្រុម​លេខ​៤ Arsenal ដែល​បាន​ផ្តួល​ក្រុម Bournemouth ៥-១ ដើម្បី​ពង្រឹង​កណ្តាប់ដៃ​របស់ខ្លួន​នៅ​ចំណាត់ថ្នាក់​លេខ​៤​។ Tottenham និង Arsenal នឹងត្រូវ​ជួបគ្នា​នៅឯ​ភាគ​ខាងជើង​ទីក្រុង​ឡុង​ដ៍​នៅ​ថ្ងៃ​សៅរ៍​ខាងមុខ​។​

​ក្រុម Manchester United ឥឡូវ​ចាញ់​លេខ​៤​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ​បន្ទាប់ពី​ផ្តួល Crystal Palace ក្នុង​លទ្ធផល ៣-១ ជាមួយ​កីឡាករ​រ៉ូ​មេ​លូ លូ​កា​គូ ស៊ុត​បញ្ចូល​ទី​បាន​២​គ្រាប់​ម្នាក់ឯង​។​

​នៅក្នុង​ការប្រកួត​មួយ​ផ្សេងទៀត​កាលពី​ថ្ងៃ​ពុធ Southampton បាន​ចាក​ចេញពី​តំបន់​កាត់ចោល បន្ទាប់ពី​ផ្តួល​ក្រុម Fulham ២-០៕ ដោយ៖ កញ្ញាដាលីស

Liverpool ឈ្នះ Watford ៥-០ កាលពី​យប់​ថ្ងៃ​ពុធ