ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ មិន​បន្ធូរដៃ​ទេ ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​!

218
ចែករម្លែក

កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានប្រកាសជូន​ជនរួមជាតិ អំពី​លទ្ធផល​ជា​វិជ្ជមាន​ប្រកបដោយ​និន្នាការ​ដ៏​ល្អ ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្តន៍ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​ធ្វើ​ឲ្យ​អត្រា​អ្នកស្លាប់ អ្នករងរបួស និង គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​ពីរ​សប្តាហ៍ ក្នុង​ខែឧសភា ឆ្នាំ​២០២០ មានការ​ថយចុះ​គួរកត់សម្គាល់​បើ​ប្រៀបធៀប​នឹង​ពេល មុន​មានការ​រឹតបន្តឹង​ការអនុវត្ត​ន៍ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​។​

​សម្តេច​ក្រឡាហោម ស ខេង លើកឡើងថា ទិន្នន័យ​ជា​ផ្លូវការ បាន​បញ្ជាក់ថា ចំនួន​គ្រោះថ្នាក់ចរាចរណ៍​ផ្លូវគោក ក្នុង​រយៈពេល ១៤​ថ្ងៃ គិតពី​ថ្ងៃទី​១ រហូតដល់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០ នេះ បើ​ប្រៀបធៀប​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០ ដូចគ្នា គឺ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍មានការ​ថយចុះ ២៦​លើក អ្នករងរបួស​ថយចុះ ៨១​នាក់ និង​អ្នកស្លាប់​ថយចុះ​បួន​នាក់​។ ចំនួន​នេះ បើ​ប្រៀបធៀប​ពីថ្ងៃ​ទី​១ រហូតដល់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩ វិញ គឺមាន​ការថយចុះ​កាន់តែ​ច្រើន ដូចជា​គ្រោះថ្នាក់​ចរាចរណ៍ថយចុះ ៦៨​លើក អ្នករងរបួស​ថយចុះ ៩១​នាក់​និង​អ្នកស្លាប់ ថយចុះ ២០​នាក់ ដែល​នេះគឺ​បានបង្ហាញ​យ៉ាងច្បាស់​ថា ប្រជាពលរដ្ឋ​យើង​ពិតជា​មានការ​យល់ដឹង និង​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​កាន់តែច្រើន​។​

​ជាថ្មី​ម្តងទៀត សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ប្រកាស ថ្លែងអំណរគុណ​ដល់​ប​ង​ប្អូន​ជនរួម​ជាតិ​ទាំងអស់ ជាពិសេស​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ដែល​បាន​ចូលរួម​គោរព​អនុវត្ត​ច្បាប់​ចរាចរណ៍ផ្លូវគោក​យ៉ាង​ខ្ជាប់ខ្ជួន និង​អរគុណ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ក៏ដូចជាមន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ដែល​បាន​អនុវត្ត​ភារកិច្ច​របស់ខ្លួន​បានល្អ​ប្រសើរ​។

​ជាមួយគ្នានេះ សម្តេច​ក្រឡាហោម ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​គ្រប់​បណ្តាញសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ និង​អប់រំ អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ ជូន​ប្រជាពលរដ្ឋ​ផងដែរ​។

​សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ជម្រាបជូន​ជនរួមជាតិ​ជាទីគោរព​ថា កន្លងមកនេះ មានមតិ​ខ្លះ ក៏បាន​លើកឡើង ដោយ​សុំ​ឲ្យ​មានការ​ពន្យារ ឬក៏​ផ្អាក​ការ​រឹតបន្តឹង​ការអនុវត្ត​ន៍ច្បាប់​ចរាចរណ៍ផ្លូវគោក​នេះ ដោយ​មូលហេតុ​ផ្សេងៗ​។ ប៉ុន្តែ​ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក សម្តេច​សូម​ជម្រាប​បញ្ជាក់ជូន​បងប្អូន​ជនរួមជាតិ មេត្តា​ជ្រាបថា​តាម​លទ្ធផល ជា​វិជ្ជមាន​ខាងលើនេះ បាន​បង្ហាញថា ការពន្យារ ឬក៏​ផ្អាក​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ផ្លូវគោក​នេះ គឺ​ប្រៀបបាន​នឹង​ការ​បណ្តែតបណ្តោយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​នៅតែ​បន្ត​រងរបួស និង​ស្លាប់បាត់​បង់ជីវិត​កាន់តែ​ច្រើនឡើងៗ​ថែមទៀត ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែលជា​ការកើតឡើង​នូវ​សោកនាដកម្ម ទាំង​ចំពោះ​គ្រួសារ និង​សង្គមជាតិ​យើង​។​

​ទោះជា​យ៉ាងណាក៏ដោយ ដើម្បី​កាត់បន្ថយ ឬក៏​លុបបំបាត់​ឲ្យ​បាន​នូវ​បាតុភាព​អវិជ្ជមាន​ផ្សេងៗ ក្នុង​យុទ្ធនាការការ​រឹតបន្តឹង​ការអនុវត្ត​ន៍ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ សម្តេច​ក្រឡាហោម​ក៏​សូម ក្រើនរំលឹក​ថែមទៀត ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ក៏ដូចជា មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន ចូលរួម​អនុវត្ត​ភារកិច្ច​របស់ខ្លួន ត្រូវតែ​បន្ត​ការគោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​វិន័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួនក្នុងការ​អនុវត្ត​ន៍តួនាទី​ភារកិច្ច​របស់ខ្លួន ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​យើង​។​
​ ​
​របាយការណ៍​របស់​អគ្គ​ស្នងការ​នគរបាលជាតិ បង្ហាញថា​បន្ទាប់ពី​ធ្វើការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ផ្លូវគោក​រយៈពេល ២​សប្តាហ៍​កន្លងមកនេះ ពោលគឺ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៤ ខែឧសភា នគរបាល​ចរាចរណ៍ បាន​ផាកពិន័យ​យានយន្ត​ល្មើស​បាន​ជាង ២​ម៉ឺន​គ្រឿង ក្នុងនោះ ម៉ូតូ​មាន​ជាង ១​ម៉ឺន ៦​ពាន់​គ្រឿង និង​រថយន្ត​ជិត ៦​ពាន់​គ្រឿង​។

​ប៉ូលិស បង្ហាញថា ក្នុងអំឡុងពេល​នៃ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​រយៈពេល ២​សប្តាហ៍​កន្លងមកនេះ សម្រាប់​ម៉ូតូ​បទល្មើស​ភាគច្រើន គឺ​អត់​មួកសុវត្ថិភាព បំពាន​ផ្លាក​សញ្ញា ស្រវឹង ដឹក​លើស​ចំណុះ និង​អត់​ផ្លាក​លេខ​។ ដោយឡែក សម្រាប់​រថយន្ត ភាគច្រើន​បាន​ល្មើស​ល្បឿន អត់​ពាក់​ខ្សែក្រវាត់ គ្មាន​ប័ណ្ណ​បើកបរ និង​ប្រើប្រាស់​ទូរស័ព្ទ​ដោយ​គ្មាន​ឧក​រណ៍​ភ្ជាប់​សំឡេង​ពេល​កំពុង​បើកបរ​។​

​ជាការ​កត់សម្គាល់ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស​បានចាប់ផ្តើម​សកម្មភាព រឹតបន្ដឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅលើ​ដងផ្លូវ​នានា កាលពី​ថ្ងៃទី​១ ខែឧសភា​។ រឹតបន្ដឹង អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នោះ គឺ​កម្លាំង​នគរបាល បាន​ផ្តើម​អនុវត្ត​អនុក្រឹត្យ ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ ស្តីពី ការកែសម្រួល​អនុក្រឹត្យ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧ ស្តីពី​ការពិន័យ អន្តរការណ៍ ចំពោះ​អំពើ​ល្មើសច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដែល​បានកំណត់​ដំឡើង​កម្រិត ទឹកប្រាក់​ពិន័យ ក្នុង​ចំនួន​ពី ៣ ទៅ ៥​ដង​។​

​ជាការ​ពិត វិធានការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​របស់​ប៉ូលិស នាពេលនេះ ត្រូវបាន​មហាជន​ភាគច្រើន បាន​អបអរសាទរ និង​គាំទ្រ ហើយ​គោរព​តាម​។ដ្បិត​អី វិធានការ​រឹតបន្តឹង​នេះ គឺ​ដើម្បី​ការពារ​អាយុ ជីវិត​របស់​ប្រជាពលរដ្ឋ​យើង​ទេតើ​!

​រីឯ​អ្នក​ដែ​ល​ទិតៀន​នូវ​វិធានការ​នេះ គឺជា​អ្នក​ល្មើសច្បាប់ ដែលមាន​ចំនួន​ដ៏​តិច​ប៉ុណ្ណោះ​ទេ​។ ម្យ៉ាងទៀត បើសិនជា​ប៉ូលិស​បន្ត​វិធានការ​រឹតបន្តឹង​ដូច្នេះ នោះ​ច្បាស់​ណាស់​ថា អ្នកបើកបរ ដែល​មិនទាន់​គោរព​ច្បាប់​ដ៏​តិចតួច​នេះ ក៏​នឹង​ច្បាស់​ជា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ព្រោះ​ការ ផាកពិន័យ​នេះ ត្រូវ​បង់លុយ​ច្រើន លើសពី​ការទិញ​មួកសុវត្ថិភាព​មក​ពាក់ ឬក៏​ដាក់​កញ្ចក់​មើល ក្រោយតាម​ម៉ូតូ ទៅទៀត​។​

​មួយវិញទៀត អ្នកបើកបរ​ទាំងឡាយ ពិសេស​អ្នកបើកបរ​ម៉ូតូ ក៏​គួរតែ​ស្វែងរក​សាលារៀន​បើកបរ ឬក៏​ស្វែងរក​មេរៀន​ចរាចរណ៍ ចូលរៀន និង​មើល​រៀនសូត្រ ឲ្យ​បាន​ចេះដឹង​ពី​ច្បាប់​ចរាចរណ៍ បើទោះបីជា​ច្បាប់​មិន​តម្រូវ​ឲ្យ​អ្នកបើកបរ​ម៉ូតូ កម្លាំង​ក្រោម ១២៥ CC​មាន​ប័ណ្ណ​បើកបរ​ក៏ដោយ ចុះ​។ កាលណា​អ្នកបើកបរ​យើង​ទាំងឡាយ ចេះ​ចាំច្បាប់​ចរ​ចរណ៍ ស្គាល់​ផ្លាក​សញ្ញា​ត្រឹមត្រូវ នោះ​ក៏​ជា​ផ្នែក​មួយ ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ហើយក៏​ចូលរួម​កាត់បន្ថយ​ការងារ របស់​ប៉ូលិស​ផងដែរ​៕ ដោយ​: ម៉េង​ឆៃ​/Ha