កិច្ចប្រជុំតាមអនឡាញរវាង AUF និងសាកលវិទ្យាល័យនៅកម្ពុជាស្តីពីការប្រើប្រាស់បណ្ណាល័យឌីជីថល

130
ចែករម្លែក

ដោយៈសុផល

        ភ្នំពេញ៖ តំណាងសាកលវិទ្យាល័យនិងវិទ្យាស្ថានរដ្ឋ២២នាក់បានចូលរួម​ក្នុងកិច្ចប្រជុំ​តាមអនឡាញរៀបចំឡើងដោយការិយាល័យនៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF)ប្រចាំនៅកម្ពុជានាថ្ងៃទី១៩ឧសភា២០២០។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងធ្វើការបង្ហាញដល់សាកលវិទ្យាល័យជាសមាជិករបស់ AUF​ នូវរបៀបប្រើប្រាស់និងស្រាវជ្រាវធនធានឯកសារ ការបញ្ចូលអ្នកជំនាញក្នុង​បណ្តាញ​អ្នក​ជំនាញនៅលើពិភពលោក ការផ្សព្វផ្សាយស្នាដៃស្រាវជ្រាវនានារបស់សាស្ត្រាចារ្យ​ជំនាញនិង​ផ្នែកស្រាវជ្រាវចូលក្នុងបណ្ណាល័យឌីជីថល BNEUF https://bneuf.auf.org/

ក្នុងពិធីបើកកិច្ចប្រជុំនេះ លោក អ៊ឹម ក្រាវង្ស ប្រធានការិយាល័យរបស់ AUF​ នៅកម្ពុជា​បានស្នើ​តំណាងគ្រឹះស្ថានឧត្តមសិក្សាជាសមាជិកឱ្យ ប្រើប្រាស់ធនធានក្នុងបណ្ណាល័យឌីជីថលនេះ និង​សុំ​ជួយផ្សព្វផ្សាយបន្តដល់គ្រប់មជ្ឈដ្ឋានអ្នកសិក្សាស្រាវជ្រាវនិងនិស្សិត។ លោកក៏បានស្នើដល់​គ្រឹះស្ថានឧត្តមសិក្សាទាំងឡាយចូលរួមផ្សព្វផ្សាយនិងចែករំលែកធនធានដែលមានស្រាប់ និង​ផ្ញើ​បញ្ជីឈ្មោះសាស្ត្រាចារ្យជំនាញនិងផ្នែកស្រាវជ្រាវដើម្បីដាក់​បញ្ចូលក្នុងក្រាំង​អ្នកជំនាញ​របស់​គ្រឹះស្ថានផ្ទាល់លើ BNEUF។

លោក អ៊ឹម ក្រាវង្ស(ស្តាំ) ប្រធានការិយាល័យរបស់ AUF​ នៅកម្ពុជា

លោកបានបន្តថា៖​វិធីសាស្ត្រនេះធ្វើឱ្យគ្រប់គ្រឹះស្ថានឧត្តមសិក្សាកម្ពុជាដែលជាសមាជិករបស់ AUF​ អាចរំលេចខ្លួនលើឆាកអន្តរជាតិនិងផ្សព្វផ្សាយ​ពីអ្នកជំនាញនិងធនធាន​ស្រាវជ្រាវ​របស់ខ្លួន​លើ BNEUF បានយ៉ាងទូលំទូលាយ។

លោកបានលើកឡើងថា ៖ « ការដាក់បញ្ចូលឯកសារស្រាវជ្រាវនិងរបកគំហើញលើគ្រប់វិស័យ ជាពិសេសផ្នែកវប្បធម៌ទំនៀមទំលាប់ជាភាសាជាតិក្តីជាភាសាបរទេសក្តីធ្វើឱ្យអ្នកសិក្សា​ស្រាវ​ជ្រា​វ​​ជាតិនិងអន្តរជាតិអាចស្វែងយល់ពីកម្ពុជាព្រមទាំងធ្វើទំនាក់ទំនងដោយផ្ទាល់​ជាមួយអ្នក​ជំនា​ញ​និងសាកលវិទ្យាល័យកម្ពុជាក្នុងក្របខណ្ឌនៃកិច្ចសហប្រតិ​បត្តិការផ្សេងៗ​នាពេល​អនាគត​»

លោកបានបន្តថា៖និស្សិតនិងសាស្ត្រាចារ្យក៏អាចសិក្សាឯកសារស្រាវជ្រាវតាមរយៈសៀវភៅ​ផ្សេង​ៗ​ដែលបានបោះពុម្ពផ្សព្វផ្សាយដោយគ្រឹះស្ថានជាតិ​និងអន្តរជាតិបានយ៉ាង​ងាយស្រួល​តា​ម​រយៈ  បណ្ណា​ល័យនេះ ហើយអ្នកស្រាវជ្រាវក៏អាចរំលេចនូវស្នាដៃ​ស្រាវជ្រាវរបស់ខ្លួន​ជា​សាកល​បានដែរ ត្បិតការបោះពុម្ពផ្សព្វផ្សាយនិក្ខេបបទនិងការស្រាវជ្រាវ​វិទ្យាសាស្ត្រកន្លងមកមិន​ទាន់​មាន​លក្ខណៈទូលំទូលាយទាំងនៅកម្ពុជាក៏ដូចជាលើឆាកអន្តរជាតិ។

សូមជំរាបថាបណ្ណាល័យឌីជីថល BNEUF បង្កើតឡើងដោយ AUF ដែលមានការចូលរួម​ពី​សាកល​វិទ្យាល័យជាសមាជិកនៅទូទាំងពិភពលោក។ បច្ចុប្បន្ន មានធនធានឯកសារ​ជាង១១​លានច្បាប់និងអ្នកជំនាញជាង២ម៉ឺននាក់។និស្សិតនិងសាស្ត្រាចារ្យអាចចូលប្រើប្រាស់​ដោយ​សេរី​​និងឥតគិតថ្លៃ។វាជាបណ្ណាល័យមួយដែលសំបូរបែបនិងមានគ្រប់វិស័យរួមចំណែក​ដល់អ្នក​ស្រាវ​ជ្រាវនិងអ្នកសិក្សាពីចម្ងាយ ឆ្លើយតបនឹងបរិបទពិភពលោកដែលកំពុងបន្ត​និងពង្រីកការ​សិក្សា​តាមអនឡាញ ដើម្បីការពារនិងប្រឆាំងការរីករាលដាលនៃមេរោគកូវីត១៩។

រហូតដល់ពេលនេះ កម្ពុជាមានគ្រឹះស្ថានមួយចំនួនហើយដែលបាន​បញ្ចូលអ្នកជំនាញរបស់ខ្លួន​រួច​ហើយក្នុងបញ្ជីរអ្នកជំនាញនៃបណ្ណាល័យ BNEUF ។ អ្នកជំនាញជាច្រើនទៀត​នៅកម្ពុជា​នឹង​ត្រូវបញ្ចូលក្នុងបណ្តាញអ្នកជំនាញពិភពលោកជាបន្តបន្ទាប់ដើម្បីធ្វើការសហការណ៏ជាមួយសាកលវិទ្យាល័យអន្តរជាតិនានាលើពិភពលោក។

ក្រោយពីបានធ្វើបទបង្ហាញអំពីរបៀបចូលប្រើប្រាស់និងការចុះឈ្មោះក្នុងបណ្តាញអ្នកជំនាញនៅលើ BNEUFរួចមកតំណាងគ្រឹះស្ថានឧត្តមសិក្សាមានការ​ចាប់អារម្មណ៏ជាខ្លាំងចំពោះ​អត្ថប្រយោ​ជ​​ន៍នៃ បណ្ណាល័យឌីជីថលនេះ។ នៅក្នុងបណ្ណាល័យនេះ ក្រៅពីមានឯកសារសិក្សាស្រាវជ្រាវដ៏​សំបូរ​បែប នូវមានផែនទីនិងផែនទីបង្ហាញអ្នកជំនាញ (Atlas de l’expertise) នៅតាមតំបន់​និង​ប្រទេសនានាលើពិភពលោករួមនិងបណ្តាញសង្គមដែលអ្នកសិក្សាអាច​បង្កើតឡើងដោយ​ផ្ទា​ល់​​​នៅលើ BNEUF ដោយធ្វើការភ្ជាប់ជាមួយនឹងហ្វេសប៊ុក ឬក៏អ៊ីម៉ែល Google ផ្ទាល់ខ្លួន​បាន​ដោយ​ងាយស្រួល ។

លោកស្រីបណ្ឌិត ម៉ែន ចាន់ទេវី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រ​សិល្បៈ​

លោកស្រីបណ្ឌិត ម៉ែន ចាន់ទេវី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រ​សិល្បៈ​បាន​​ចាប់អារម្មណ៏ថា៖មានចំណុចល្អៗណាស់សំរាប់និស្សិតនិងសាស្ត្រាចារ្យ អាចចូល​ស្រាវជ្រាវ​បាន ។ លោកស្រីបានស្នើឱ្យអ្នកជំនាញរបស់ AUF​ ចូលរួមធ្វើបទបង្ហាញពី​របៀបប្រើប្រាស់​និង​ការចុះឈ្មោះតាមអនឡាញដល់និស្សិតនិងលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យតាមកម្មវិធីដែលនឹងទទួលបានការឯកភាពពីសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បះចាប់ពីសប្តាហ៏ក្រោយ។ដោយឡែកសាលាភូមិន្ទរដ្ឋបាលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខភិបាលនិង​សាកល​វិទ្យាល័យមួយចំនួនទៀតក៏នឹងស្នើអោយAUFជួយរៀបចំធ្វើបទបង្ហាញដល់និស្សិតនិង​សាស្រ្តា​ចារ្យ​​ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

កិច្ចប្រជុំតាមអនឡាញរវាង AUF និងសាកលវិទ្យាល័យនៅកម្ពុជាស្តីពីការប្រើប្រាស់បណ្ណាល័យឌីជីថល