កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព និង​ថវិកា ឆ្នាំ​២០១៩ របស់​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​តំបន់​ទន្លេសាប​ជំហាន​២ (TSSD-AF) នៅ​ក្រុង​សៀមរាប​

476
ចែករម្លែក

ដោយ​: បាយ័ន / ខេត្តសៀមរាប​: កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​សិក្ខាសាលា​ស្តីពី ការផ្សព្វផ្សាយ​ផែនការ​សកម្មភាព និង​ថវិកា ឆ្នាំ​២០១៩ របស់​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​តំបន់​ទន្លេសាប​ជំហាន​២ (TSSD-AF) នៅ​សណ្ឋាគារ​សេរីភាព ក្រោម​អធិបតីភាព លោក លី សំរិទ្ធ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត តំណាង​លោក ទៀ សីហា អភិបាលខេត្ត និង​មានការ​ចូលរួម​ពី​តំណាង​ក្រសួងកសិកម្ម ក្រុមការងារ​គម្រោង​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​សរុប​ប្រមាណ ១៥០ នាក់​។​

​សិក្ខាសាលា​នេះ រៀបចំឡើង​ដោយ​ផ្តោត​សំខាន់​លើ​ការងារ​មួយចំនួន​ដូចជា ការពិនិត្យ​ឡើងវិញ ពី​សកម្មភាព​ដែល​ត្រូវអនុវត្ត​ក្នុង​ឆ្នាំ​២០១៩ និង​អ្នកទទួលខុសត្រូវ​, បង្ហាញ​សង្ខេប​ពី​ផែនការ​ថវិកា​ប្រចាំឆ្នាំ​សម្រាប់​លទ្ធផល​នីមួយៗ និង​ការបង្ហាញ​ពី​ក្របខណ្ឌ នៃ​ការត្រួត​ពិនិត្យមើល​ការអនុវត្ត​សកម្មភាព​របស់​គម្រោង (AMF) ដែល​ក្នុងនោះ​ដូចជា​ទម្រង់​របាយការណ៍ និង​ប្រព័ន្ធ​រាយការណ៍​ជាដើម​។​

​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​នេះ​ផងដែរ លោក លី សំរិទ្ធ អភិបាលរង​ខេត្ត ក៏បាន​ធ្វើការ​ចាប់អារម្មណ៍​ទៅលើ​ចំណុច​មួយចំនួន​ដូចជា ការប្រៀបធៀប​ចំណុចខ្លាំង និង​ចំណុចខ្សោយ នៃ​ការងារ​អនុវត្ត​គម្រោង​នេះ រវាង​ជំហាន​១ និង​ជំហាន​២, ក្រុមការងារ​អនុវត្ត​សកម្មភាព ត្រូវ​កំណត់​គោលដៅ​ប្រជាពលរដ្ឋ ដែល​ទទួលបាន​ការណែនាំ​ហើយ គាត់​នៅតែ​ក្រ និង​ពាក់ព័ន្ធ​អនុវត្ត​គម្រោង​អោយមាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ជាពិសេស ប្រើប្រាស់​កញ្ចប់​ថវិកា​អោយចំ​គោលដៅ​៕