កូនភ្លោះកើតចំពេលឥណ្ឌាបិទប្រទេស ត្រូវឪពុកម្តាយដាក់ឈ្មោះ “កូរ៉ូណា” និង “កូវីដ”

223
ចែករម្លែក

សារព័ត៌មានក្នុងប្រទេសឥណ្ឌាបានរាយការណ៍ថា កូនភ្លោះប្រុសស្រីកើតនៅឥណ្ឌាចំពេលប្រទេសកំពុងបិទ ត្រូវបានឪពុកម្តាយដាក់ឈ្មោះថា កូរ៉ូណា និង កូវីដ។

យោងតាមកាសែតល្បីបំផុតរបស់ឥណ្ឌា NDTV បានឱ្យដឹងថា កូនភ្លោះនេះកើតនៅមន្ទីរពេទ្យ Dr BR Ambedkar Memorial កាលពីព្រឹកថ្ងៃទី២៧មីនា។

ឪពុកម្តាយឈ្មោះ ព្រីទី និង វីណារី វើម៉ា មកពីរដ្ឋឆាតធីសស្កា បានប្រាប់សារព័ត៌មាន Press Trust of India ថា កូរ៉ូណានិងកូវីដត្រូវបានជ្រើសរើសជាឈ្មោះព្រោះវាជានិមិត្តរូបនៃការយកឈ្នះលើការលំបាកទាំងពួង។

លោកស្រី ព្រីទី វើម៉ា អ្នកស្រុកមកពីទីក្រុងពូរ៉ានទីបាស៊ី និយាយថា “ការសម្រាលបានកើតឡើង បន្ទាប់ពីប្រឈមការលំបាកជាច្រើន ហើយដូច្នេះទើបស្វាមីខ្ញុំចង់យកថ្ងៃនេះធ្វើជាការចងចាំជានិច្ច”។

លោកស្រីបន្ថែមថា “ជាការពិត មេរោគនេះមានគ្រោះថ្នាក់និងគំរាមដល់ជីវិត ប៉ុន្តែការផ្ទុះឡើងនៃមេរោគនេះបានធ្វើឱ្យមនុស្សផ្តោតលើអនាម័យ ភាពស្អាត និង នាំឱ្យមនុស្សកើតទម្លាប់ល្អៗជាច្រើន។ ហេតុដូច្នេះហើយទើបយើងគិតដល់ឈ្មោះមេរោគនេះ”៕ ដោយ៖ កញ្ញាដាលីស