កូនស្រីអតីតមន្ត្រីខ្មែរក្រហមស្រុកសំឡូតម្នាក់ត្រូវបានចាត់ទុកជាស្ត្រីឆ្នើមក្នុងការដោះមីន

498
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង : លោកស្រីអ៊ុន សាវឿន ដែលជាកូនរបស់អតីត​មន្ត្រីយោធាខ្មែរក្រហមស្រុកសំឡូត គឺជាស្ត្រីឆ្នើមមួយរូបប្រចាំអង្គភាពស៊ីម៉ាក់ ដែលមានស្នាដៃល្អក្នុងការងារបោសសម្អាតមីន ដោយត្រូវបានលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា(CMAC) បានបង្ហោះសារ​រៀបរាប់​អំពីស្នាដៃលោកស្រី អ៊ុន សាវឿន ដែលមានខ្លឹមសារដើមទាំងស្រុងថាៈ​«លោកស្រី អ៊ុន សាវឿន ជាមន្ត្រីអង្គភាពស៊ីម៉ាក់មានតួនាទីជាអ្នក​​​ដោះមីន​ប្រចាំស្រុកសំឡូត អត្តលេខៈ 936107 គាត់គឺជាមន្ត្រីមួយរូបដែលមានស្មារតី និងទឹកចិត្តឧស្សាហ៍ព្យាយាមយ៉ាងហ្មត់ចត់ក្នុងការងារនិងជាអ្នកចូលរួមក្នុងកិច្ចការពង្រឹងសុខសុវតិ្ថភាពសង្គមយ៉ាងសកម្ម» ។

លោកស្រីអ៊ុន សាវឿន មានម្តាយឈ្មោះអ្នកស្រី យិន សំបូរ និងឪពុកលោកឡាយ ប៊ុនធឹង ជាអតីតយោធាជួរមុខរបស់កម្លាំងខ្មែរក្រហមតាំងពីឆ្នាំ១៩៧០​រហូត​ដល់១៩៩៨ ជាអ្នកប្រយុទ្ធក្នុងសមរភូមិចុងក្រោយនៅភ្នំពេញនៅក្នុង​ឆ្នាំ១៩៧៩ ដោយបានរត់ទៅភ្នំពេញនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩តាមរថភ្លើងជាមួយលោក​ខៀវ សំផន​ ដែលជាមេដឹកនាំខ្មែរក្រហមម្នាក់ក្នុងចំណោមមេខ្មែរក្រហម​ជាច្រើននាក់។

លោកអគ្គនាយកហេង រតនា បានបន្តថា ម្តាយរបស់នាងគឺលោកស្រី យិន សំបូរ ដែលជាអតីតនាយតំណាងមីនស្រុកសំឡូត។ តាំងពីប្រទេសមានសន្តិភាពដោយ​នយោបាយឈ្នះ-ឈ្នះនៅចុងឆ្នាំ១៩៩៨មកពួកគាត់រស់នៅស្រុកសំឡូតដដែល​ព្រមទាំងបានចូលរួមការងារសង្គមជាមួយអង្គភាពស៊ីម៉ាក់យ៉ាងសកម្មបំផុត​​ហើយកូនស្រីគាត់ បានបន្តវេនពីគាត់ធ្វើជាមន្ត្រីស៊ីម៉ាក់រហូតមានស្នាដៃ​ឆ្នើម​ទើបទទួលបានងារជានាយតំណាងមីនប្រចាំស្រុកសំឡូត រហូតសព្វថ្ងៃ៕B/Ha