កូន​ផ្សោត​ញី​មួយ​ក្បាល​ងាប់​នៅក្បែរ​ព្រំដែន​ផ្លូវទឹក​កម្ពុជា​-​ឡាវ​

128
ចែករម្លែក

ដោយ​៖​សុខុម​/​ស្ទឹងត្រែង​៖​កូន​សត្វ​ផ្សោត​ញី​មួយ​ក្បាល​គេ​សន្និដ្ឋានថា​ទើបនឹង​កើត​បាន​ងាប់​អណ្តែត​ទឹក​។​ឆ្មាំ​ទន្លេ​បាន​ប្រទះឃើញ​នៅត្រង់​អន្លង់​ក្បាលកោះ​ល្ង​ឃុំ​ព្រះ​រំកិល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ខេត្តស្ទឹងត្រែង​នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២០​។​

លោក​ដន​បាន់​ឆ្មាំ​ទន្លេ​ប្រចាំ​ឃុំ​ព្រះ​រំកិល​បាន​ប្រាប់​ឱ្យដឹងថា​ក្រុម​អភិរក្ស​បើកទូក​ល្បាត​បាន​ប្រទះឃើញ​កូន​ផ្សោត​ញី​មួយ​ក្បាល​ទំនង​ទើបនឹង​កើត​បាន​ងាប់​អណ្តែត​ទឹក​។​ខណៈនោះ​មេ​ផ្សោត​បាន​ផុស​ហែល​កៀង​ជា​បំណង​យក​កូន​មុជ​ចូលក្នុង​ទឹក​វិញ​។​ឆ្មាំ​បាន​ដណ្តើមយក​កូន​ផ្សោត​ដែល​ងាប់​ស្រង់​ដាក់​ក្នុង​ទូក​ប្រហែល​ពីរ​ម៉ោង​ទើបបាន​សម្រេច​។​

ឆ្មាំ​ទន្លេ​បាន​និយាយទៀតថា​មេ​ផ្សោត​មើលទៅ​វា​ស្រឡាញ់​កូន​ខ្លាំងណាស់​ទោះបី​មនុស្ស​ចូលទៅ​ជិត​សឹង​មិន​ខ្លាច​សោះ​។​កូន​ផ្សោត​មាន​ទម្ងន់​ជាង​១៣​គីឡូក្រាម​ប្រវែង​ជាង​១​ម៉ែត្រ​ទទឹង​ជា​១​តឹក​។​ខណ្ឌ​ជលផល​ខេត្តស្ទឹងត្រែង​បានប្រគល់​សាកសព​កូន​ផ្សោ​តទៅ​មន្ត្រី​ជំនាញ​អង្គការ​(WWF)​នៅ​ខេត្តក្រចេះ​ដើម្បី​យកទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​នៅ​ព្រឹក​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ ២០២០​នេះ​។​

លោក​ទុំ​នី​រ៉ូ​នាយ​ខណ្ឌ​ជលផល​ខេត្តស្ទឹងត្រែង​សន្និដ្ឋានថា​កូន​ផ្សោត​នោះ​ទំនង​អាច​ងាប់​ដោយសារ​មេ​រប​ស់វា​ទះ​បណ្តាលឱ្យ​ឈ្លក់ទឹក​ងាប់​ព្រោះ​នៅលើ​ខ្លួន​របស់​វា​មិនមាន​ស្នាម​ជាប់​មង​ឡើយ​។​មន្ត្រី​ឆ្មាំ​ទន្លេ​ការពារ​អន្លង់​ផ្សោត​ឈើទាល​ឃុំ​ព្រះ​រំកិល​បាន​និយាយថា​នៅ​ឆ្នាំ​២០១៥​ផ្សោត​មាន​ចំនួន​៦​ក្បាល​។​ប៉ុន្តែ​ផ្សោត​បាន​បំលាស់​ទី​និង​ងាប់​ផង​នៅសល់​តែត្រឹម​បី​ក្បាល​ទេ​បច្ចុប្បន្ន​៕S/​