កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​នៅ​អន្លង់​ផ្សោត​កាំ​ពី​

801
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​ឬ​ហៅ​កាត់​ថា​WWF-​កម្ពុជា​បានប្រកាស​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែមករា​នេះ​ថា​កូន​ផ្សោត​ទន្លេមេគង្គ​ទើប​កើត​ថ្មី​មួយ​ក្បាល​ត្រូវបាន​គេ​ប្រទះឃើញ​ជា​លើកដំបូង​ក្នុង​ដើមឆ្នាំ​២០១៩​នេះ​។​

កូនផ្សោតទើបកើតថ្មី

​ប្រភព​ដដែល​នេះ​រំលឹកថា​នៅ​ថ្ងៃទី​២៧ ខែមករា ក្រុម​អ្នកចម្លង​ទូក​ទេសចរណ៍​មើល​សត្វ​ផ្សោត បាន​ប្រទះឃើញ​កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​ក្នុង​អន្លង់​ផ្សោត​កាំ​ពី ក្នុងភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ហើយ​បាន​រាយការណ៍​ជូន​លោក ស្រី ស៊ីថា ជាម​ន្ត្រី​ប៉ូលីស​ទេសចរណ៍ ប្រចាំការ​នៅ​រមណីយដ្ឋាន​អន្លង់​ផ្សោត​កាំ​ពី​។​បន្ទាប់មក​លោកស្រី​ស៊ីថា​ក៏បានផ្តល់​ព័ត៌មាន​ជូន​ក្រុមការងារ​របស់​អង្គការ WWF-​កម្ពុជា ប្រចាំខេត្ត​ក្រចេះ​។​

​លុះ​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា ក្រុមការងារ​អង្គការ WWF-​កម្ពុជា បាន​ចុះទៅពិនិត្យ និង​ស្វែងរក​កូន​ផ្សោត​ទើប​កើត​ថ្មី​នោះ ហើយ​ក៏បាន​ប្រទះឃើញ​កូន​ផ្សោត​ទើប​កើត​ថ្មី​នោះ​។ បន្ទាប់មក ក្រុមការងារ​ក៏បាន​ផ្តិត​យក​រូបថត​របស់​កូន​ផ្សោត​ដែល​ទើប​កើត​ថ្មី​នោះ​និង​មេ​របស់​វា​ព្រមទាំង​ធ្វើការ​អង្កេត​ដោយផ្ទាល់​។​

​ប្រភព​ដដែល​បន្តថា​តាមរយៈ​ការអង្កេត​ជាក់ស្តែង​បាន​បង្ហាញថា កូន​ផ្សោត​ថ្មី​ស្ថិតនៅក្នុង​ក្រុម​ហ្វូង​ផ្សោត​ធំ​ចំនួន​ប្រមាណ​ប្រាំមួយ​ក្បាល​។ កូន​ផ្សោត​ទើប​កើត​ថ្មី​នេះ បាន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ភាព​វិជ្ជមាន​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុង​ការងារ​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ រវាង​អង្គការ WWF-​កម្ពុជា និង​ដៃគូ​អភិរក្ស​ដូចជា រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងបរិស្ថាន ក្រសួង​ទេសចរ ប្រជា​សហគមន៍​នេសាទ ភ្នាក់ងារ​ទេសចរ​ធម្ម​ជាតិ និង​អាជ្ញាធរ​ថ្នាក់​ខេត្ត ស្រុក​ឃុំ និង​ដៃគូ​អភិរក្ស​នានា​៕​សរន