កូរ៉េខាងជើង​បាញ់​កាំជ្រួច​ចំពេល​ពិភពលោក​ខ្វល់ខ្វាយ​រឿង​វីរុស​

136
ចែករម្លែក

​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​អាទិត្យ​ទី​២៩​មីនា បាន​បាញ់​អ្វី​អាច​ជា​កាំជ្រួច​ផ្លោង​ចំនួន​២​គ្រាប់​ចូលក្នុង​សមុទ្រ នេះ​បើ​តាម​ការបញ្ជាក់​អះអាង​របស់​អាជ្ញាធរ​កូរ៉េ​ខាង​​ត្បូង​និង​ជប៉ុន​។​

​ការបាញ់​សាកល្បង​សព្វាវុធ​នេះ​បង្ហាញថា មេដឹកនាំ​គីម ជុង​អ៊ុន កំពុង​ព្យាយាម​ពង្រឹង​អំណាច​ចំ​ពេល​ពិភពលោក​ព្រួយបារម្ភ​អំពី​ជម្ងឺឆ្លង និង​មាន​ការសង្ស័យថា វីរុស​កូរ៉ូណាក៏​កំពុងផ្ទុះ​នៅក្នុង​កូរ៉េខាងជើង​ផងដែរ​។​

​នាយសេនាធិការ​កងទ័ព​កូរ៉េខាងត្បូង​បាន​និយាយថា យោធា​កូរ៉េខាងត្បូង​បាន​ចាប់​បាន​វត្ថុ​ផ្លោង​ហោះ​ចេញពី​ទីក្រុង​វ៉ុន​សាន​របស់​កូរ៉េ​ខាងជើ​ង​ចូលក្នុង​ទឹក​​រវាង​ឧបទ្វីប​កូរ៉េ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។​វត្ថុ​ផ្លោង​នេះ​ហោះ​បាន​ចម្ងាយ​២៣០​គីឡូម៉ែត្រ​នៅ​កំពស់​ខ្ពស់បំផុត​៣០​គីឡូម៉ែត្រ​។​

​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​ក្នុងពេល​ជាមួយគ្នា បាន​ពណ៌នា​ការបាញ់​បង្ហោះ​នេះ​ថា​«​មិន​សម​ស្រប​ណាស់​»​ចំ​ពេល​ពិភពលោក​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ការ​​ផ្ទុះ​ជម្ងឺឆ្លង ហើយ​បាន​អំពាវនាវ​អោយ​កូរ៉េខាងជើង​បញ្ឈប់​សកម្មភាព​យោធា​ដូច្នេះ​។​

​ក្រសួង​ការពារជាតិ​ជប៉ុន​បាន​និយាយថា វត្ថុ​ផ្លោង​ដែល​ទំនងជា​កាំជ្រួច​ផ្លោង បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ជប៉ុន និង​ថា​«​ការ​​បាញ់​កាំជ្រួច​ផ្លោង​ដោយ​កូរ៉េ​ខាងជើង​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ចំពោះ​សហគមន៍​អន្តរជាតិ​ទាំងមូល​រួម​ទាំង​ជប៉ុន​»​។​

​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​និង​កាំភ្លើង​ធំ​ម្តង​ពីរ​បី​គ្រាប់​ចូល​ក្នង​សមុទ្រ​ដែល​ទំនង​ជា​ខិតខំ​បង្កើន​សមត្ថភាព​យោធា​របស់​ខ្លួន​​ចំ​ពេល​កិច្ចពិភាក្សា​នុយគ្លេអ៊ែរ​របស់​ខ្លួន​ជាមួយ​អាម៉េរិក​នៅ​ជាប់គាំង​៕​ប្រែ​សម្រួលៈ​វាសនា​

អ្នកដំណើរ​មើល​ទូរទស្សន៍​បង្ហាញ​ការបាញ់​កាំជ្រួច​របស់​កូរ៉េ​ខាង​ជើ​ងនា​ពេល​កន្លងមក​នៅ​ពេល ទូរទស្សន៍កូរ៉េខាងត្បូង​រាយការណ៍​អំពី​ការបាញ់​កាំជ្រួច​ជា​ថ្មី​របស់​កូរ៉េខាងជើង​​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​