កូរ៉េខាងត្បូង​រាយការណ៍​ការឆ្លង​កូរ៉ូណា​វីរុស​ថ្មី​ចំនួន​៣៧៦​នាក់​បន្ថែម​

182
ចែករម្លែក

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ជែ​អ៊ីន បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​០១​មីនា​ថា រដ្ឋាភិបាល​កំពុង​ចាត់​វិធានការ​ឆ្លើយតប​ពេញទំហឹង​ដើម្បី​ទប់ស្កាត់​​កូរ៉ូណា​វីរុស ខណៈ​ដែល​នៅ​កូរ៉េខាងត្បូង​បាន​ប្រកាស​អ្នក​ឆ្លង​ថ្មី​៣៧៦​នាក់​បន្ថែម នាំ​អោយ​អ្នក​ឆ្លង​សរុប​កើន​ដល់​៣.៥២៦​នាក់​។​

​បុគ្គលិកសុខាភិបាលកូរ៉េខាងត្បូងបាញ់ថ្នាំសម្លាប់មេរោគ ចំពេលប្រទេសរងការវាយប្រហារពីវីរុសCovid-19

ឥឡូវ​កូរ៉េ​ខាងត្បូង​ក្លាយជា​កន្លែង​មាន​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​Covid-19​ច្រើនជាងគេ​បន្ទាប់ពី​ចិន ដោយសារតែ​មាន​កំណើន​អ្នក​ឆ្លង​យ៉ាង​ឆាប់រហ័ស​នៅ​ប៉ុន្មាន​ថ្ងៃ​​មកនេះ​។​

​ព្រឹត្តិការណ៍​ជា​ច្រើន​ត្រូវ​បាន​លុបចោល ឬ​លើក​ពេល​ដោយសារតែ​វីរុស នៅ​ពេល​ប្រទេស​ជាង​៧០​បង្កើន​ការ​រឹតត្បិត​ការធ្វើដំណើរ​ជាមួយ​កូរ៉េ​ខាងត្បូង​។​

​ក្នុង​ពិធី​កត់សំគាល់​ទិវា​ចលនា​ទាមទារ​ឯករាជ្យ​ជាតិ លោក​មូនបាន​និយាយថា​«​រដ្ឋាភិបាល​ឥឡូវ​ចាត់​វិធានការ​ឆ្លើយតប​ពេញទំហឹង​ក្រោយ​បង្កើន​ការព្រមាន​​ដល់​កំរិត​ខ្ពស់​បំផុត​»​។​

​លោក​បាន​បន្ថែមថា​«​យើង​នឹង​អាច​ឈ្នះ​ការផ្ទុះ​ជម្ងឺ​COVID-19 និង​ធ្វើអោយ​សេដ្ឋកិច្ច​របស់​យើង​សកម្ម​ឡើងវិញ​»​។​

​សូមបញ្ជាក់​ថា ករណី​ឆ្លង​ជិត​៩០​ភាគរយ​ត្រូវបាន​រកឃើញ​នៅ​ទីក្រុង​ដេ​ហ្គូ និង​ខេត្ត​ក្យុង​សាង ក្បែរ​នោះ​។​

​កូរ៉េខាងត្បូង​ឥឡូវ​មាន​អ្នកស្លាប់​ដោយ​COVID-19​ចំនួន​១៧​នាក់​។​

​ចំនួន​អ្នក​ឆ្លង​ទូទាំង​ប្រទេស​ត្រូវ​រំពឹងថា​នឹង​កើនឡើង​ដោយសារ​អាជ្ញាធរ​សុខាភិបាល​កំពុង​ពិនិត្យ​សុខភាព​លើ​សមាជិក​ជាង​២៦០.០០០​នាក់​នៃ​ព្រះវិហារ​គ្រិស្ត​មួយ​​ដែល​ជា​ប្រភព​ចម្លង​វីរុស​។​

​ក្នុងពេល​ជាមួយគ្នា អាជ្ញាធរ​អំពាវនាវ​អោយ​ប្រជាជន​មាន​ការ​ប្រុង​ប​ហរ​យ័ត្ន ហើយ​នរណា​ក្តៅខ្លួន​ឬ​ចេញ​រោគ​ផ្លូវដង្ហើម​ត្រូវ​នៅក្នុង​ផ្ទះ​៕​ប្រែ​សម្រួល​៖​វាសនា​