កូរ៉េ និងកម្ពុជារួមគ្នា ប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ១៩

329
ចែករម្លែក
 ដោយៈបណ្ឌិត ផាក ហុឺងខ្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា

 ដោយៈបណ្ឌិត ផាក ហុឺងខ្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា

ទន្ទឹមជាមួយគ្នានឹងការសម្លឹង ឃើញជនរងគ្រោះជាច្រើននៅលើពិភពលោក ដែលបានស្លាប់ដោយសារឆ្លងជំងឺ មេរោគកូវីដ១៩ ពួកយើងទាំងអស់គ្នាបាននឹងកំពុងភ្ញាក់រលឹកថា សកម្មភាពជួយសង្គ្រោះជីវិត គឺជាការងារដ៏មានតម្លៃបំផុត ហើយសកម្មភាពក្នុងការបង្ការជំងឺឆ្លងក៏ពិតជាកិច្ចការងារដ៏មាន សារសំខាន់ បំផុតផងដែរ។ ឈរនៅលើមូលដ្ឋាននៃការគោរពតម្លៃនៃជីវិតមនុស្ស រហូតមកដល់ពេលនេះ សាធារណរដ្ឋ កូរ៉េបាន បន្តអនុវត្តនូវគម្រោងផ្នែកវេជ្ជសាស្រ្តជាច្រើននៅកម្ពុជាដូចជា គម្រោងសាងសង់ មន្ទីរពេទ្យភ្នែកនៅមន្ទីរពេទ្យព្រះអង្គដួង គម្រោងកែលំអរមន្ទីរពេទ្យកុមារជាតិ គម្រោងពង្រឹងសមត្ថភាពផ្នែកព្យាបាល ភ្នែក ច្រមុះ ត្រចៀក បំពង់កនៅមន្ទីរពេទ្យព្រះអង្គឌួងគម្រោងគាំពារសុខភាពមាតា និងទារក ក្នុងតំបន់ភូមិភាគឦសាន្ត នៃប្រទេសកម្ពុជាជាដើម។  មិនត្រឹមតែប៉ុណ្ណោះ ក្នុងផ្នែកមួយនៃគម្រោងបង្ការជំងឺឆ្លង សាធារណរដ្ឋកូរ៉េ សហការជាមួយនឹងសហរដ្ឋ អាម៉េរិកក្នុងការ បណ្តុះបណ្តាលអ្នកជំនាញ ផ្នែក អេពីដេម៉ូសាស្រ្ត(អ្នកជំនាញសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងជម្ងឺឆ្លង)  ជូនសិក្ខាកាមជនជាតិកម្ពុជាចំនួន៦៩រូបហើយបច្ចុប្បន្ននេះ ពួកគេទាំងនោះកំពុងចុះទៅបំពេញ ភារកិច្ច យ៉ាងសស្រាក់សស្រាំនៅគ្រប់ទីកន្លែងដែលមាន អ្នកជំងឺ កូវីដ១៩ ព្រមទាំងអនុវត្តសកម្មភាព ប្រឆាំងនឹងកូវីដ ១៩ បានយ៉ាងជោគជ័យ។

ពាក់ព័ន្ធជាមួយនឹងបញ្ហាកូវីដ១៩នេះដែរ គិតចាប់ពីចុងខែកុម្ភៈ រហូតដល់ដើមខែមីនា ប្រទេសកូរ៉េបាន ជួបប្រទះនូវបញ្ហាយ៉ាងធ្ងន់ធ្ងរ ដោយក្នុងរយៈពេលមួយថ្ងៃៗមានការរកឃើញអ្នកជំងឺថ្មីៗ ក្នុងចំនួន រាប់រយនាក់។ ក៏ប៉ុន្តែ ដោយសារប្រទេសកូរ៉េបានផលិតដោយខ្លួនឯងនូវឧបករណ៍សម្រាប់ធ្វើតេស្តជំងឺកូវីដ១៩នេះ ហើយធ្វើការពិនិត្យធ្វើតេស្តក្នុង១ថ្ងៃបានចំនួន២ម៉ឺនករណីនោះ ទើបអាចធ្វើការស្វែងរក និងព្យាបាល ជូនអ្នកជំងឺដែលទើបនឹងឆ្លងក្នុងដំណាក់កាលដំបូង ព្រមទាំងតាមដានអ្នកដែលធ្លាប់ប៉ះពាល់ជាមួយនឹងអ្នកឆ្លងជម្ងឺ ដើម្បី ធ្វើការទប់ស្កាត់បង្ការការឆ្លងរីករាលដាលបន្ថែមទៀត។ បន្ថែមពីនេះ តាមរយៈការរាយការណ៍ ជាសង្ខេប ជូនប្រជាជនក្នុងមួយថ្ងៃចំនួន២ដង យើងក៏បានធ្វើការប្រកាសផ្សព្វផ្សាយអំពីស្ថានភាព ក្នុងការប្រឆាំង នឹងជំងឺកូវីដ១៩ ព្រមទាំងវិធានការអនាម័យជាដើម ជូនប្រជាជន យ៉ាងលំអិត និងច្បាស់លាស់។ ទង្វើនេះនាំឲ្យប្រជាជនកូរ៉េទាំងអស់ស្ម័គ្រចិត្តគោរពអនុវត្តតាមវិធានអនាម័យយ៉ាងយកចិត្តទុកដាក់ដូចជា អនុវត្តការរក្សានូវគម្លាតសង្គម និងពាក់ម៉ាស់ជាដើម ដោយ មិនចាំបាច់ត្រូវប្រើប្រាស់ នូវ វិធានការណ៍ បង្ខំ  ដូចជាការរឹតបន្តឹងលើការធ្វើដំណើរនោះឡើយ ។ ជាលទ្ធផល មកដល់ពីថ្ងៃទី២៨ ខែមេសានេះ ក្នុងមួយថ្ងៃៗប្រទេសកូរ៉េមានអ្នកឆ្លង ជំងឺកូវីត១៩ថ្មីៗស្ថិតនៅក្នុងចន្លោះ ត្រឹម១០នាក់ តែប៉ុណ្ណោះ ហើយអ្នកជំងឺចំនួនជាង៨០ភាគរយបានទទួលការព្យាបាលជាសះស្បើយ និងបានវិលត្រលប់ ទៅរស់នៅ ក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេវិញ ក្នុងចំណោមអ្នកជំងឺចំនួន ១0,៧៥២នាក់ មានអ្នកស្លាប់ បាត់បង់ជីវិតចំនួន២៤៤នាក់ អត្រាមរណភាពមានត្រឹម២.២ភាគរយ ដែលវាគឺ ជាតួលេខ ល្អគួរសម។ 

រដ្ឋាភិបាលកូរ៉េបានចែករំលែក នូវបទពិសោធជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩នេះ ជាមួយនឹងថ្នាក់ដឹកនាំកំពូលៗបរទេស តាមរយៈកិច្ចប្រជុំកំពូលG20 និងកិច្ចប្រជុំកំពូលអាស៊ាន បូក៣ តាមប្រព័ន្ធវីដេអូ និងធ្វើការពិភាក្សាស្តីអំពីយុទ្ធសាស្រ្តក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជាមួយ គ្នានេះដែរ កូរ៉េកំពុងខិតខំប្រឹងប្រែង ក្នុងការចែករំលែកនូវបទពិសោធន៍ដែលបានមក ពីការព្យាបាល តាមរយៈសិក្ខាសាលារបស់អ្នកជំនាញការតាមប្រព័ន្ធវីដេអូ ដើម្បីអនុញ្ញាតឲ្យភាគី ពាក់ព័ន្ធបរទេស អាចសិក្សាទុកបទពិសោធន៍ដោយផ្ទាល់ ហើយឧបករណ៍ពិនិត្យរកមេរោគនេះ កំពុងត្រូវបានផ្តល់ឲ្យតាមលទ្ធភាពរបស់កូរ៉េ ទៅកាន់ប្រទេសនានាដូចជាសហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសជាច្រើនទៀតដែលមានអ្នកឆ្លង ជំងឺប្រភេទនេះច្រើន។

ថ្មីៗនេះរដ្ឋាភិបាលកូរ៉េបានធ្វើការសម្រេចថា នឹងផ្តល់ជូនមិត្តកម្ពុជា នូវឧបករណ៍ពិនិត្យជំងឺ ដែលមានតម្លៃ ប្រមាណជា ១០ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក និងជំនួយជាទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារសម្រាប់ទិញសម្ភារពេទ្យប្រឆាំងនឹងជំងឺកូវីដ១៩ ។ ចំណែកសម្ភារៈផ្សេងៗក៏នឹងអាចត្រូវផ្គត់ផ្គង់បន្ថែម នៅពេលមានបន្ថែមទៀតទៅតាមស្ថានភាពនៅកូរ៉េ។ នៅប្រទេសកូរ៉េ មានករណីម្តាយ និងទារកអាយុ៣ខែ ព្រមទាំងជីដូនរបស់ទារកជាជនជាតិខ្មែរស្នាក់នៅកូរ៉េ ដែលអ្នកទាំង៣នេះ ត្រូវបានឆ្លងជំងឹកូវីដ១៩ និងបានជាសះស្បើយបន្ទាប់ពីទទួលបានការព្យាបាលនៅមន្ទីរពេទ្យ ហើយ បច្ចុប្បន្ននេះពួកគេបានធ្វើការចាកចេញពីមន្ទីរពេទ្យរួចរាល់ហើយ។ ក្រៅពីអ្នកទាំង៣នោះ គ្មាន ករណីឆ្លងជម្ងឺនេះ ក្នុងចំណោមពលករកម្ពុជាចំនួនជិត ៥ម៉ឺននាក់ ដែលកំពុងស្នាក់នៅកូរ៉េឡើយ។ ហើយប្រសិនបើមានការឆ្លងដល់ជនជាតិខ្មែរបន្ថែមទៀតនោះ ពួកគេទាំងនោះក៏នឹងទទួលការព្យាបាល ជាបន្ទាន់ក្នុងដំណាក់កាលឆ្លងដំបូងដូចជនជាតិកូរ៉េដ៏ទៃផ្សេងទៀតផងដែរ។

ចំណុចដែលគួរឲ្យកត់សម្គាល់ក្នុងការប្រឆាំងជំងឺកូវីដ១៩លើកនេះគឺ កូរ៉េ និងកម្ពុជាបានដាក់ កំហិតតិច តួចបំផុត លើការធ្វើដំណើររបស់អ្នកដំណើរអន្តរជាតិ ដោយនៅតែរក្សាជើងយន្តហោះត្រង់រវាង កម្ពុជា និងកូរ៉េ ដែលចំណុចនេះមានលក្ខណៈខុសប្លែកពីប្រទេសផ្សេងដ៏ទៃទៀត។  ហើយតាមរយៈនេះ យើងធ្វើការរក្សាបាននូវជើងហោះហើរត្រង់រវាង កូរ៉េ និងកម្ពុជា ហើយការធ្វើដំណើរ ចូលក្នុង ប្រទេសកូរ៉េ ម្តងទៀតរបស់ពលករកម្ពុជាដែលស្ថិតក្នុងក្របខ័ណ្ឌប្រព័ន្ធអនុញ្ញាតមុខរបរនោះ ក៏ត្រូវបាន អនុញ្ញាតឲ្យធ្វើដំណើរចូលប្រទេសកូរ៉េបានដូចធម្មតា ដោយមិនមានផ្អាក ហាមឃាត់អ្វី ឡើយ។ ជាមួយ គ្នា នេះ ដែរ ប្រទេសកូរ៉េក៏បាននឹងកំពុងចាត់វិធានការយ៉ាងសកម្ម ដើម្បីកាត់បន្ថយ ផលប៉ះពាល់ លើ សេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺកូវីដ១៩ដូចប្រទេសកម្ពុជាផងដែរ។ កូរ៉េនឹងប្រើប្រាស់ នូវ បទពិសោធន៍ ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩នេះ ធ្វើជាមូលដ្ឋានគ្រឹះ ក្នុង ការរឹតបន្តឹង ចំណង កិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលជាមួយនឹងកម្ពុជា ព្រមទាំងធ្វើការចូលរួមយ៉ាង សកម្មជាមួយនឹងកម្ពុជា នៅលើឆាកអន្តរជាតិក្នុងការខិតខំប្រឹងប្រែង ដើម្បីស្តារសេដ្ឋកិច្ចពិភពលោក ឡើងវិញ៕សរន