កូនកំលោះចេញពីពិធី​ស៊ីស្លា​ម្លូ​រួច​ ជិះ​ម៉ូតូ​ទៅ​​ផ្ទះ​ ដល់​ពាក់​កណ្តាលផ្លូវ​ ​ត្រូវ​រន្ទះបាញ់​ស្លាប់​

1160
ចែករម្លែក
សាកសពជនរងគ្រោះមកពី​ស៊ីស្លា​ម្លូ​រួច​ ជិះ​ម៉ូតូ​ទៅ​​ផ្ទះ​ ខណៈ​ដល់​ពាក់​កណ្តាលផ្លូវ​ ​ត្រូវ​រន្ទះបាញ់​ស្លាប់​


ដោយៈ​សុខ​សុ​ភ័​ណ្ឌ​កំពង់ស្ពឺៈ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​កូនកំលោះ​ទើប​ចេញពី​កម្មវិធី​ភ្ជាប់ពាក្យ​ខ្លួនឯង​រួចរាល់​ ដោយមាន​ចាស់ទុំ​ទាំងសងខាង​ដឹងឮ រួចរាល់​ហើយ​នាំគ្នា​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ​ ជា​អកុសល​ជួប​គ្រោះធម្មជាតិ​ត្រូវ​រន្ទះបាញ់​ស្លាប់ចោល​កូនក្រមុំ​វ័យក្មេង​ឲ្យនៅ​មេម៉ាយ​​។​ហេតុការណ៍​រន្ទះបាញ់​បណ្តាលឲ្យ​ស្លាប់​កូនកំលោះ​ខាងលើនេះ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​
​រសៀល​ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ ២០១៩​ នៅតាម​បណ្តោយ​ទំនប់​ខ្នង​ប្រឡាយ​មួយ​ខ្សែ កណ្តាល​វាលស្រែ ស្ថិតនៅ​ក្នុងភូមិ​កោះ​ឈើទាល ឃុំ​ទួលសាលា ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។​


​លោក អ៊ុ ចំរើន អធិការនគរបាល​ស្រុក​បសេដ្ឋ​បានឱ្យដឹងថា​ បុរស​ជា​ជនរងគ្រោះ​(​ជា​កូនកំលោះ​ទើប​ភ្ជាប់ពាក្យ​រួច​)​មានឈ្មោះ​ស៊ិន ហៀ​ង អាយុ​២៧​ឆ្នាំ ជា​កម្មករ​រោងចក្រ រស់នៅក្នុង​ភូមិ​អូរ​ត្នោត ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​
​ចំណែក​កូនក្រមុំ​(​មេម៉ាយ​ស្លា​ម្លូ​)​ដែល​ភ្ជាប់ពាក្យ​រួចហើយ(​គូ​ដណ្តឹង​ជនរងគ្រោះ​ដោយសារតែ​រន្ទះបាញ់​ស្លាប់​នោះ​) មានឈ្មោះ សាន្ត សុខ​គា អាយុ​២០​ឆ្នាំ​ មុខរបរ​ជា​កម្មការិនី​រោងចក្រ រស់នៅក្នុង​ភូមិ​កោះ​ឈើទាល ឃុំ​ទួលសាលា​ស្រុក​បសេដ្ឋ​ខាងលើ​។​


​លោក​បាន​បន្តថា ​នៅមុន​ពេល​កើតហេតុ​នោះ ​គឺ​បុរស​ជា​ជនរងគ្រោះ​ខាងលើ​បានធ្វើ​ពិធីស្តីដណ្តឹង​(​ឬ​ភ្ជាប់ពាក្យ​)​ដោយមាន​ភ្ញៀវ​ចូលរួម ចាស់ទុំ​ដឹងឮ​នៅផ្ទះ​ខាង​ស្រី​ក្នុងភូមិ ឃុំ​ខាងលើ ។ ពេល​រួចរាល់​ចប់​កម្មវិធី​ហើយ​នោះ​ក៏​នាំគ្នា​ធ្វើដំណើរ​ត្រឡប់មកផ្ទះ​វិញ​ ដោយ​បុរស​ជា​ជនរងគ្រោះ​និង​ជា​កូនកំលោះ​ទើប​ភ្ជាប់ពាក្យ​ហើយ​នោះបាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ស៊េរី​២០១៧ ដោយ​ឈ្មោះ​ប៊ឺ​ត ជីវ​ន្ត័ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​ ជា​អ្នក​ឌុប ហើយ​ឈ្មោះ​សាន់ ផៃ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ​អង្គុយ​កណ្តាល បុរសរងគ្រោះ​នៅក្រោយ ​ស្រាប់តែ​ធ្វើដំណើរ​តាម​ខ្នង​ប្រឡាយ​កណ្តាល​វាលស្រែ មេឃ​ខ្មៅ​កល់​រក​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់ មាន​រន្ទះ​ផង​នោះ​បាញ់​ចំ​បុរសរងគ្រោះ​បណ្តាលឲ្យ​ស្លាប់​តែម្តង ចំណែកយុវជន​២​នាក់​រួម​ដំណើរ​ជាមួយ​មិនមាន​របួស​អ្វី​ឡើយ​។​ពេលនោះ​ក៏មាន​ការ​ភ្ជា​ក់​ផ្អើល​ដល់​អ្នកធ្វើដំណើរ​និង​សាច់ញាតិ​មក​ចោមរោម និង​រាយការណ៍​ទៅ​សមត្ថកិច្ច ចុះ​ពិនិត្យ​សន្និដ្ឋានថា​ពិតជា​ស្លាប់​ដោយសារតែ​គ្រោះធម្មជាតិ​រន្ទះបាញ់​ពិតប្រាកដ​មែន ហើយ​បានប្រគល់​សព​ឱ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

អ្វីដែល​គួរឲ្យចាប់អារម្មណ៍​នោះ​ បុរសរងគ្រោះ​ខាងលើ​ទើបតែ​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​រួច ហើយ​កូនក្រមុំ​នៅ​មេម៉ាយ​ស្លា​ម្លូ​ទៅវិញ​៕​Ha

សាកសពជនរងគ្រោះមកពី​ស៊ីស្លា​ម្លូ​រួច​ ជិះ​ម៉ូតូ​ទៅ​​ផ្ទះ​ ខណៈ​ដល់​ពាក់​កណ្តាលផ្លូវ​ ​ត្រូវ​រន្ទះបាញ់​ស្លាប់