កែកុន​ច្រមុះ​ខុស​បច្ចេកទេស​បណ្តាលឱ្យ​ក្មេងស្រី​អាយុ ១៣ ឆ្នាំ​ម្នាក់​ពិការភ្នែក​ម្ខាង​

654
ចែករម្លែក

នៅក្នុង​ការស្វែងរក​ភាពស្រស់ស្អាត ក្មេងស្រី​ជំទង់​ម្នាក់​បានបញ្ចប់​ទៅដោយ​ការខាតបង់​ធ្ងន់​បំផុត គឺ ពិការភ្នែក​ម្ខាង​។

​យោងតាម​បណ្តាញ​ផ្សព្វផ្សាយ​វៀតណាម​បានឱ្យដឹងថា ក្មេងស្រី​អាយុ ១៣ ឆ្នាំ​ម្នា​ក់នៅ​ប្រទេស​វៀតណាម​បាន​ពិការភ្នែក​ស្តាំ និង បណ្តាលឱ្យ​ខូច​ជាលិកា​ផ្ទៃមុខ បន្ទាប់ពី​ការកែ​កុន​ច្រមុះ​ខុស​បច្ចេកទេស​នៅ​ហាង​ស្ប៉ា​មួយកន្លែង​នៅក្នុង​តំបន់​។

​យោងតាម​ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ​បានឱ្យដឹងថា នាង​មិន​សប្បាយ​ចិត្តនឹង​ច្រមុះ​ធម្មជាតិ​របស់​នាង​ទេ ហើយ​នាង​ចង់រក​ការកែ​ច្រមុះ​តាំងពី​យូរ​មកហើយ​។​

​ដោយ​មិនឱ្យ​ឪពុកម្តាយ​ដឹង នាង​បាន​ទៅ​ហាង​ស្ប៉ា​នៅ​ខេត្ត​យិន​បៃ​កាលពី​ថ្ងៃទី ២១ ខែតុលា​សម្រាប់​ការចាក់​ច្រមុះ​ឱ្យ​ខ្ពស់​។​

​ការចាក់​ច្រមុះ​នេះ​គឺ​មិនមាន​ការវះកាត់​ទេ ដោយ​គ្រាន់តែ​ចាក់​អាស៊ីត Hyaluronic ទៅក្នុង​ច្រមុះ​ដើម្បីឱ្យ​ច្រមុះ​ប្តូរ​ទ្រង់ទ្រាយ​។​

​ក្មេងស្រី​នេះ​បាន​សារភាពថា​នាង​មិនមាន​គម្រោង​កែ​ច្រមុះ​ទេ​ប៉ុន្តែ​បាន​យល់ព្រម​កែ​ច្រមុះ​បន្ទាប់ពី​ម្ចាស់​ហាង​ស្ប៉ា​ប្រាប់​នាង​ថា​នាង​អាច​បង់​រំលស់​នូវ​លុយ ២ លាន​ដុង (៨៥ ដុល្លារ​)​។​

​ប៉ុន្តែ ៣០ នាទី​បន្ទាប់ពី​ចាក់​ថ្នាំ​អាស៊ីត​នោះ​រួច នាង​ចាប់ផ្តើម​មាន​អារម្មណ៍​ឈឺភ្នែក​ខាងស្តាំ​ក៏ដូចជា​ឈឺក្បាល​និង​ចង់​ក្អួត​។ បន្ទាប់ពី​អង្កេត​ឃើញ​ភ្នែក​ស្តាំ​មើលលែងឃើញ នាង​បាន​ប្រញាប់​តេ​ហៅ​គ្រួសារ​នាង​ឱ្យ​ដឹក​នាង​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​គួរឱ្យ​សោកស្តាយ នាង​បាន​បាត់បង់​ភ្នែក​ម្ខាង​ទៅហើយ ដោយសារតែ​ជាលិកា​ក្នុង​គ្រាប់ភ្នែក​និង​ផ្ទៃមុខ​ម្ខាង​បាន​ខូច​បាត់ទៅហើយ​៕ ដោយ៖កញ្ញាដាលីស

ក្មេងស្រី​អាយុ​១៣​ឆ្នាំ​ពិការភ្នែក​ស្តាំ​ដោយសារតែ​កែ​ច្រមុះ