កំណាត់​ផ្លូវជាតិ​លេខ​៥​ដែល​ក្រុមហ៊ុន​សាធារណ​ការធ្វើ​រួច ភ្លេច​ចាក់​បេតុង​នៅ​ផ្នែក​ខ្លះ​

1743
ចែករម្លែក
កំណាត់​ផ្លូវជាតិ​លេខ​៥ ដែល​គេ​ធ្វើ​រួចហើយ មិន​ចាក់​បេតុង​បំពេញ​ឲ្យ​ស្មើ​វិញ គំរប​លូ​នៅ​ស្ទើរ​កណ្តាលផ្លូវ ទាប​ជាង​បេតុង​ដល់​ជាង​មួយ​តឹក​។​

​ដោយ​: ប​.​ខុន / ភ្នំពេញ​: កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់ពី​គល់ស្ពាន​ព្រែក​ព្នៅ​ដល់​ម្តុំ​គីឡូម៉ែត្រ​លេខ​៨​ដែល មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ជួល​ក្រុមហ៊ុន​ឯកជន​មក​ធ្វើការ សាង សង់​ជំនួស​ខ្លួន​នោះបាន​ឈានដល់​ទីបញ្ចប់​ប្រហែល​មួយឆ្នាំ​ហើយ​ទាំង​ការដាក់​ភ្លើង​បំភ្លឺ នៅ​ចំ​កណ្តាលផ្លូវ​ជាមួយនឹង​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​តែ​ចំណុចកណ្តាល​របស់​ផ្លូវ​នេះ មិនទាន់ ត្រូវបាន​គេ​ចាក់​បេតុង​បំពេញ​នៅឡើយ​ទេ​។​

​មន្ត្រី​នៃ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​មួយរូប​បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែឧសភា​ឆ្នាំ​២០១៨​ថា​កំណាត់​ផ្លូវជាតិ​លេខ​៥​ចាប់ពី​គល់ស្ពាន​ព្រែក​ព្នៅ​ដល់​ម្តុំ​គីឡូម៉ែត្រ​លេខ​៨ បាន​សាងសង់​ឡើងវិញ​ដោយ​បេតុង​រួចរាល់​ហើយ​ទាំង​ការដាក់​ភ្លើង​បំភ្លឺ​និង​របាំង ពុះ​ចែក​ទ្រូងផ្លូវ​។ ផ្លូវ​នេះ​ទទួលខុស​ត្រូវធ្វើ​នៅ​ចំពោះមុខ​ច្បាប់​ដោយ​មន្ទីរ​សាធារណការ តែ​ជាក់ស្តែង​គឺ​ធ្វើ​ដោយ​ក្រុមហ៊ុន​ឯកជន​គ្មាន​ឆ្លងកាត់​ការដេញថ្លៃ​ទេ​។​

​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា​មន្ត្រី​ជំនាញ​របស់​មន្ទីរ​កុំថាឡើយ​ទទួលបាន​គម្រោង​ផ្លូវ​ណាមួយ​ធ្វើ​ដោយ​ខ្លួនឯង​សូម្បីតែ​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​បច្ចេកទេស និង​គុណភាព​ផ្លូវ​ដែល​ធ្វើ​ដោយ​ក្រុម​ឯកជន​នោះ​ក៏​គេ​មិន​អនុញ្ញាត​ដែរ​។ គម្រោង​សាងសង់​មួយណា ក៏ត្រូវ​បាន​គេ​ប្រាប់ថា ជា​គម្រោង​បន្ទាន់​របស់​សាលាក្រុង​រាជធានី​ដែរ មន្ទីរ​បានត្រឹមតែ ឈរឈ្មោះ​ទេ​។​

​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​មួយរូប​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៣០​ខែឧសភា ថា គម្រោង​សាងសង់​ផ្លូវ​សំខាន់ៗ​នៅក្នុង​រាជធានី​ទាំងអស់​កន្លងទៅនេះ​សាលា រាជធានី ជា​អ្នកសម្រេច​បន្ទាប់ពី​គម្រោង​ទាំង​នោះបាន​លើក​និង​ស្នើ​ឡើងមក​ដោយ​មន្ទីរ សា​ធារ ណ ការ​និង​ដឹកជញ្ជូន​រាជធានី​។ មន្ទីរ​សាធារណការ ជា​អ្នកទទួលខុសត្រូវ​លើ​ផ្នែក​បច្ចេកទេស​និង​គុណភាព មិនមែន​ទុក​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​ដែល​ខ្លួន​បាន​ជួល​មក​ធ្វើ​អ្វី​ស្រេច​តែ អំពើ​ចិត្ត​នោះទេ​។​

​ប្រភព​ខាងលើ​បន្តថា ការធ្វើ​ផ្លូវ​នៅក្នុង​ទីក្រុង​ភ្នំពេញ​កន្លងទៅនេះ​ពិតជា​ខ្វះ​ការត្រួតពិនិត្យ​បច្ចេកទេស​និង​គុណភាព​ផ្លូវ​ពី​មន្ទីរជំនាញ ធ្វើ​ឲ្យ​ការធ្វើ​ផ្លូវ​ខ្លះ​ខុស​ក្បួនខ្នាត​ដូចជា​ធ្វើ​ផ្លូវ​រួច​បាន​កាយ​ដាក់លូ ដែលជា​ហេតុ​នាំ​ឲ្យ​ផ្លូវ​បេតុង​ថ្មី​ប្រេះ​ស្រុត​ទៅវិញ​ក្នុងពេល​ខ្សែ​ផ្លូវ​ទាំងមូល​មិនទាន់​ធ្វើ​រួច​។ ផ្លូវ​ខ្លះ​ធ្វើ​គ្រឹះ​មិនបាន​ល្អ គឺ​ធ្វើ​លំៗ​ក៏​ចាក់​បេតុង​យកតែ​ម្តង​។ ឧទាហរណ៍​ផ្លូវ​ហាណូយ​និង​ផ្លូវជាតិ​លេខ​៥​ជាដើម​។​

​ចំពោះ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់ពី​គល់ស្ពាន​ព្រែក​ព្នៅ​ដល់​ម្តុំ​គីឡូម៉ែត្រ​លេខ​៨​ដែល​បានធ្វើ​រួច​ទាំង​ការដាក់​របាំង​ចែក​ទ្រូងផ្លូវ និង​ភ្លើង​បំភ្លឺ​ផ្លូវ​ហើយ​នោះ គេ​មើលឃើញថា ផ្លូវ​នេះ​ចាក់​បេតុង​មិនទាន់រួច​ទេ​នៅ​ផ្នែក​កណ្តាល​ដែលជា​ផ្នែក​ដាក់​បង្គោល​ភ្លើង​និង​របាំង​ចែក​ទ្រូ​វ​ផ្លូវ​នោះ​។​

​មន្ត្រី​របស់​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​មួយរូប​ផ្សេងទៀត​ដែល​កន្លងទៅ​មិនត្រូវ​បាន​គេ​ប្រើ​ឲ្យ​ធ្វើការ​អ្វី​សោះ​នោះ​និយាយថា នៅ​ផ្នែក​កណ្តាលផ្លូវ​ជាតិ​លេខ​៥ ដែល​មិនទាន់បាន​ចាក់​បេតុង​បំពេញ​នោះ ជា​កន្លែង​សម្រាប់​ជីក​ដាក់​ខ្សែភ្លើង បង្គោល​ភ្លើង និង របាំង​ចែក​ទ្រូងផ្លូវ​ទើបបានជា​គេ​មិន​ចាក់​បេតុង​នាំ​តែ​ខាត​លុយ​ឥតប្រយោជន៍​។​

​អ្នកដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥​ម្នាក់ បាន​យល់ស្រប​ចំពោះ​ការលើកឡើង​របស់​មន្ត្រី​ខាងលើ តែ​ជំទាស់​ថា​កន្លែង​ផ្លូវ​ឆ្លងកាត់​របាំង​ពុះ​ចែក​ទ្រូ​វ​ផ្លូវ ហេតុ​អី​មិន​ចាក់​បេតុង​បំពេញ​ឲ្យ​ស្មើ​ខ្នង​ផ្លូវ គេ​ភ្លេច​ឬ​គេ​ធ្វើ​បំភ្លេច ។ គ្រោះថ្នាក់​កើតមាន​រាល់ថ្ងៃ​ដោយសារតែ​ផ្លូវ​ដែល​គេ​មិនបាន​ចាក់​បេតុង​ឲ្យ​ពេញ​នេះ​។ គំរប​លូ​ខ្លះ​នៅលើ​ផ្លូវ​នេះ​ទាប​ជាង​ផ្លូវ​រហូតដល់​ជាង​មួយ​តឹក សួរថា​បែបនេះ​គ្រោះថ្នាក់​ដែរ​ឬ​អត់​?៕