ក្នុងពេល​ភ័យ​នឹង​ឆ្លង​កូ​វីដ ក៏​គួរ​កុំ​ភ្លេច​គោរព​ច្បាប់​ចរាចរណ៍​!

284
ចែករម្លែក

​កាលពី​ថ្ងៃទី​២៧ ខែមីនា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង មហាផ្ទៃ បានប្រកាស​ឱ្យប្រើ​ជា​ផ្លូវការ​នូវ​អនុក្រឹត្យ​ថ្មី​ដែល​បាន​កែសម្រួល ដំឡើង ប្រាក់​ផាក ពិន័យ​បទល្មើស​ចរាចរណ៍​។​ការបង្កើន​ប្រាក់​ផាកពិន័យ​នេះ ដើម្បី​ជំរុញ​ឱ្យ​ពលរដ្ឋ​គោរព​ច្បាប់ ចរាចរណ៍​។​
​ ​
ក្នុង​អនុក្រឹត្យ​ចាស់ ស្ដីពី ប្រាក់​ពិន័យ​អន្តរកាល ឆ្នាំ​២០១៧ បានកំណត់​ផាកពិន័យ​អ្នកបើកបរ​ម៉ូតូ ដែល​ល្មើសច្បាប់ ដូចជា មិន​ពាក់មួក​សុវត្ថិភាព ត្រូវ​ពិន័យ ១៥០០០​រៀល ប៉ុន្តែ​អនុក្រឹត្យ​ថ្មី ដែល​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​២៧​មីនាឆ្នាំ​២០២០ គឺ​តម្រូវ​ឲ្យ​ផាកពិន័យ​ដល់ ៦​ម៉ឺន រៀល​ឯណោះ​។ រីឯ​អ្នកបើកបរ​ម៉ូតូ ក្នុងស្ថានភាព​ស្រវឹង នៅក្នុង​អនុក្រឹត្យ​ថ្មី ក៏បាន កំណត់ ប្រាក់​ពិន័យ ចាប់ពី ២៥​ម៉ឺន​រៀល ដល់​មួយ​លាន​រៀល អាស្រ័យ​លើ​កម្រិត​ជាតិ​អាល់កុល​។​
​ ​
ដោយឡែក សម្រាប់​រថយន្ត​វិញ គឺ​អនុក្រឹត្យ​ចាស់ ពិន័យ​ទាប​បំផុត ២៥០០០​រៀល ដូចជា អ្នកបើកបរ និង​អ្នក​អង្គុយ​កៅអី​ខាងមុខ មិន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព ក៏ប៉ុន្តែ​អនុក្រឹត្យ​ថ្មី បានកំណត់​ផាកពិន័យ​ទាប​បំផុត ៧៥.០០០​រៀល​។ ក្នុងនោះ អ្នកបើកបរ​ឡាន​ក្នុងស្ថានភាព ស្រវឹង ត្រូវ​ពិន័យ ចាប់ពី​បួន​សែន​រៀល ទៅ​បួន​លាន​រៀល អាស្រ័យ​លើ​ប្រភេទ​រថយន្ត និង​កម្រិត​ជាតិ​អាល់កុល​។​
​ ​
ក្នុងពេល​ប្រកាស​ផ្សព្វផ្សាយ ដាក់​ឲ្យ​ប្រើ​នូវ​អនុក្រឹត្យ​ផាកពិន័យ​ថ្មី​នេះ សម្ដេច​ក្រឡាហោម ស ខេង បាន​អំពាវនាវ​ប្រជាពលរដ្ឋ មានការ​យល់យោគ ចំពោះ​វិធានការ​ច្បាប់​ដ៏​តឹងរ៉ឹង​នេះ ហើយ ដើម្បី​ចៀស​ផុតពី​ការប្រឈមមុខ​នឹង​ច្បាប់ សូម​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ឱ្យបាន​ខ្ជាប់ខ្ជួន​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជា​ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រីនគរបាល​ទូទាំង ប្រទេស ត្រូវ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ និង​អនុក្រឹត្យ​ថ្មី​នេះ ប្រកបដោយ​ភាពម៉ឺងម៉ាត់ ដាច់ខាត​មិន​យោគយល់ និង​ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ តាម​នីតិវិធី​ច្បាប់ តម្លាភាព ស្មើភាព​និង​មិន​រើសអើង ពិសេសត្រូវ​សហការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនបង្ក​គ្រោះ ថ្នាក់​ចរាចរណ៍​ផ្លូវគោក ដែល​គេចខ្លួន យកមក​ផ្ដន្ទាទោសតាមច្បាប់ឱ្យបាន​ជាដាច់ ខាត​។​

​ក្រៅពី​ការជំរុញ​ឲ្យ​ពលរដ្ឋ​គោរព​ច្បាប់ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​បញ្ជាក់ថា កត្តា​ដែល នាំឱ្យ​ច្បាប់​ស្ដីពី​ចរាចរណ៍ អនុវត្តបាន​ជោគជ័យ ក៏ត្រូវ​មានការ​រួមចំណែក​តាមរយៈ​ការបំពេញ តួនាទី​បាន​ត្រឹម​របស់​មន្ត្រី​ប៉ូលិសចរាច​រណ៍ និង​ការលើកទឹកចិត្ត ផ្ដល់​រង្វាន់​តាម​ការកំណត់ របស់​រដ្ឋ និង​ការលើកសរសើរ​ចំពោះ​អង្គភាព និង​មន្ត្រី​មាន​ស្នាដៃ​ដែរ និង​ក៏​ត្រូវតែ​ដាក់វិន័យ ឱ្យបាន​ម៉ឺងម៉ាត់ ចំពោះ​មន្ត្រីប៉ូលិស​ចរាចរណ៍ អសកម្ម ឬ​មន្ត្រី​ទាំងឡាយណា​ដែល​ប្រព្រឹត្ត​ផ្ទុយ ពី​ក្រមសីលធម៌​វិជ្ជាជីវៈ​។​

​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស កាលពី​ឆ្នាំ​២០១៩ ស្ថិតក្នុង​កម្រិត ត្រូវ​ប្រកាសអាសន្ន ដោយ​សម្លាប់​មនុស្ស ១៩៨១​នាក់ កើន ២២០​នាក់ លើស​ឆ្នាំ​២០១៨ និង​របួស ៦១៤១​នាក់ កើន ១៣៧​នាក់ លើស​ឆ្នាំ​២០១៨​។​

​វិធានការ​បង្កើន​ប្រាក់​ផាកពិន័យ ចំពោះ​អ្នកបើកបរ និង​អ្នកធ្វើដំណើរ ល្មើសច្បាប់​ចរាចរណ៍ ដែល​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២០ តទៅ​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​កាត់បន្ថយ គ្រោះថ្នាក់​ចរាចរណ៍ ដែលជា​មធ្យម សម្លាប់​មនុស្ស ៥​នាក់ និង​បង្ក​ឲ្យ​របួស​ជាង ១០​នាក់ ក្នុង ១​ថ្ងៃៗ នៅ​ទូទាំងប្រទេស​កម្ពុជា​យើង​។

​ដូច្នេះ ដើម្បី​កុំ​ឲ្យ​អស់​លុយ​ច្រើន និង​ជាពិសេស​ដើម្បី​សុខ​សុវត្ថិភាព​ក្នុងពេល​ធ្វើដំណើរ សូមអ្នក​ដំណើរ​ទាំងអស់ មេត្តា​គោរព​ច្បាប់​ចរាចរណ៍ ដោយ​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​ត្រូវ​ពាក់ មួកសុវត្ថិភាព មាន​កញ្ចក់​មើល​ក្រោយ កុំ​បើកបរ​លឿន និង​កុំ​បើកបរ​បញ្ច្រាសទិស ជាដើម​។ រីឯ​អ្នកធ្វើដំណើរ​តាម​រថយន្ត​តូចធំ ក៏​ចូលរួម​គោរព​ច្បាប់ ដោយ​ពាក់​ខ្សែក្រវ៉ាត់​សុ​វ​តិ្ថ​ភាព កុំ​បើកបរ​លឿន សូមមេត្តា​យោគយល់​អធ្យាស្រ័យ​។​

​ជាពិសេស​ទៅទៀត នៅពេល​ស្រវឹង សូមមេត្តា​កុំ​បើកបរ​ឲ្យ​សោះ មិន​ថា​ម៉ូតូ ឬ​ឡាន​ទេ​។ បើ​ស្រវឹង​បើកបរ នៅពេល​ប៉ូលិស​ចាប់​ផាក គឺ​អស់​លុយ​ច្រើន ហើយ​បើ​កើតហេតុ​ការណ៍ គ្រោះថ្នាក់​ដោយ​ចៃដន្យ​នោះ គឺអាច​បង្ក​គ្រោះថ្នាក់ មិន​ត្រឹមតែ​ខ្លួនឯង ជា​អ្នកបើកបរ​ទេ គឺ​អ្នករួមដំណើរ​ជាមួយ និង​អ្នក​ដទៃទៀត នៅតាម​ផ្លូវ​ក៏​អាច​គ្រោះថ្នាក់​ដោយសារតែ​ការធ្វេសប្រហែស បាត់បង់​ម្ចាស់ការ ស្មារតី​ក្នុងពេល​បើកបរ ដោយ សារតែ​ស្រ​រឹង​នោះដែរ​។​

​ជារួម នាពេលនេះ ក្នុងពេល​យើង​ភ័យខ្លាច​នឹង​ការឆ្លង​ជំងឺ​កូ​វីដ​១៩ សូម​ឲ្យ​ប្រជាជន​កម្ពុជា​យើង យកចិត្តទុកដាក់ និង​ខ្លាច​គ្រោះថ្នាក់​ចរាចរណ៍ តាមរយៈ​គោរព​ច្បាប់ និង​យោគយល់​អ​ធ្យា ស្រ័យ​គ្នា ក្នុង​ស្មារតី​ខ្មែរ​តែមួយ​។

​ជំងឺ​កូ​វីដ មិនមាន​រូបរាង មើលមិនឃើញ​ផង យើង​អាច​បង្ការ និង​ការពារ​បាន ចុះ​ហេតុអ្វី​គ្រោះ ថ្នាក់​ចរាចរណ៍ ដែលមាន​រូបរាង ហើយ​បង្កឡើង​ដោយ​មនុស្ស​យើង រឿង​អី​ថា យើង​បង្ការ និង​ការពារ​មិនបាន​? ។​យើង​ធ្វើបាន បើសិនជា​យើង​ធ្វើ​វា​៕ ដោយ​: ម៉េង​ឆៃ​