ក្រសួងកសិកម្ម​ស្នើ​ឲ្យ​ប្រទេស​កូរ៉េ​បន្ត​ឧបត្ថម្ភ​គាំទ្រ​ដល់​សាលា​ជាតិ​កសិកម្ម​កំពង់ចាម

390
ចែករម្លែក

ដោយ​:គង់​ហេង​/កំពង់ចាម​ : មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បានស្នើ​ដល់​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​កូរ៉េ មេត្តា​ពិនិត្យ​លទ្ធភាព​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​សាលា​ជាតិ​កសិកម្ម​កំពង់ចាម​របស់​ប្រទេស​កម្ពុជា គឺ​ដើម្បី​ឲ្យ​សាលា​មួយ​នេះ​រៀបចំខ្លួន​បង្កើន​សមត្ថ​ភាព និង​ពង្រីក​វិសាលភាព​ទៅជា​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ស្របតាម​ទស្សនទាន នៃ​ផែនការ ២០១៩ ដល់ ២០៣៤ ដូច​គម្រោង​បានរៀបចំ​រួមគ្នា​កន្លងមក​នោះ​។​

នៅក្នុង​ពិធី​សម្ពោធ​មន្ទីរពិសោធន៍ និង​បិទ​បញ្ចប់​គម្រោង​លើកកម្ពស់​គុណភាព និង​នវានុវត្តន៍​សាលា​ជាតិ​កសិកម្ម​កំពង់ចាម​លោក ឆេង គឹម​ស៊ុន រដ្ឋលេខាធិការ​ក្រសួង កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅបាន​មានប្រសាសន៍ថា តាមរយ​:​លោក អូ ណឹ​ក​យ៉ុង ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ប្រទេស​កម្ពុជា និង​លោក ចុង យីន​គី​ក នាយក​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ប្រចាំ​កម្ពុជា​( KOICA) គឺ​សូម​ថ្លែង​នូវ​ការដឹងគុណ និង​អរគុណ​ជា​អនេក​កាប​កាល​ចំពោះ​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​កូរ៉េ ដែលជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយ​បាន និង​កំពុង​ជួយ​ចូលរួម​វិស័យ​អភិវឌ្ឍន៍​នានា​ជាច្រើន​នៅ​កម្ពុជា​។​

លោក ឆេង គឹម​ស៊ុន បាន​មានប្រសាសន៍​លើកឡើង​ទៀតថា ពិសេស​ជួយ​ដល់​កិច្ចអភិវឌ្ឍន៍​លើ​ការងារ​អប់រំ សិក្សា​ស្រាវជ្រាវ​វិស័យ​កសិកម្ម ដល់​សាលា​ជាតិ​កសិកម្ម​កំពង់ចាម ទាំង​ស្មារតី បច្ចេកទេស សម្ភារ​: និង​មធ្យោបាយ​ផ្សេងៗ​។​

លោក​រដ្ឋលេខាធិការ​បា​ន​មានប្រសាសន៍​បន្ថែមថា ដើម្បី​ពង្រីក​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ប្រកបដោយ​សមត្ថភាព សង្ឃឹម​យ៉ាង​មុតមាំ​ថា បន្ទាប់ពី​គម្រោង​លើកកម្ពស់​គុណភាព និង​នវានុវត្តន៍​រយ​:​ពេល​បី​ឆ្នាំនេះ​បាន​បញ្ចប់ទៅ គឺ​យើង​នឹង​រួមគ្នា​បន្តទៀត ដើម្បី​អភិវឌ្ឍន៍​គម្រោង​ថ្មីៗ ជួយ​ដល់​សាលា​ជាតិ​មួយ​នេះ ឲ្យ​បាន​រឹងមាំ ហើយ​យើងខ្ញុំ​សន្យាថា នឹង​បន្ត​នូវ​ប្រពៃណី សហប្រតិបត្តិការ​ដ៏​ល្អ​នេះ​ឲ្យ​បានទទួល​ជោគជ័យ​ថ្មីៗ ទៀត​នាពេល​អនាគត​។​

លោក​បាន​បន្តថា សំណូមពរ​ដល់​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​កូរ៉េ តាមរយ​:​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ និង​លោកនាយក KOICA ប្រចាំ​កម្ពុជា មេត្តា​ពិនិត្យ​លទ្ធភាព​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​សាលា​ជាតិ​កសិកម្ម​កំពង់ចាម ដើម្បី​រៀបចំខ្លួន​បង្កើន​នូវ​សមត្ថភាព និង​ពង្រីក​វិសាលភាព ទៅជា វិទ្យាស្ថាន​ជាតិ​កសិកម្ម តាម​ទស្សនទាន នៃ​ផែនការ ២០១៩ -២០៣៤ ដែល​គម្រោង​បានរៀបចំ​រួមគ្នា​កន្លងមក​នោះ​។​

គួរ​បញ្ជាក់ថា គម្រោង​លើកកម្ពស់​គុណភាព និង​នវានុវត្តន៍​សាលា​ជាតិ​កសិកម្ម​កំពង់ចាម​( KCNSA)​បាន​ចាប់​អនុវត្តន៍​កាលពី​ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ​២០១៦ ដល់​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ​២០១៩ ក្រោម​ការឧបត្ថម្ភ​រប​ស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​(KOICA) និង​សហគមន៍ PMC( KNU_IIRD,GLOBAL AGRO NETWORK, DESIGN GROUP YEGA)៕​B/