ក្រសួងការងារជូនដំណឹងពីការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និង ការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស

204
ចែករម្លែក

ដោយ៖ដេប៉ូ/ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៩ ខែ មេសា ឆ្នាំ២០២០បានចេញសេចក្តីជូនដំណឹងមួយដោយបានដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩របស់រាជរដ្ឋាភិបាលកម្ពុជា។

  ក្នុងសេចក្តីជូនដំណឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់ដល់ម្ចាស់ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលមិនត្រូវបានកំណត់ឲ្យបិទសកម្មភាពអាជីវកម្មកម្មករនិយោជិត និងបុគ្គលិក និងអ្នកបើកបរ ឬម្ចាស់មធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិកដូចជា៖អ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួននិងធ្វើដំណើរតែម្នាក់ឯងត្រូវយកតាមនូវ(១)កាតសម្គាល់កម្មករនិយោជិត ,ទី២អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬឯកសារដែលអាចបញ្ជាក់ពីទីលំនៅបច្ចុប្បន្នរបស់ខ្លួន នៅរៀងរាល់ពេលធ្វើដំណើរទៅកន្លែងធ្វើការ និងត្រឡប់មកផ្ទះដើម្បីបង្ហាញជូនអាជ្ញាធរមានសមត្ថកិច្ច។

  ព្រមជាមួយគ្នានេះក្រសួងការងារក៏បានបញ្ជាក់ដល់អ្នកប្រើប្រាស់មធ្យោបាយផ្សេងទៀតក្នុងនេះដូចជាអ្នកប្រើប្រាស់មធ្យោបាយរួមដែលដឹកកម្មករនិយោជិតត្រូវតែមានប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត ចេញដោយក្រសួងឬមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ក្រៅពីនេះត្រូវយកតាមខ្លួននូវកាតសម្គាល់កម្មករនិយោជិត និងបុគ្គលិកនៅរៀងរាល់ពេលធ្វើដំណើរទៅកន្លែងធ្វើការងារនិងត្រឡប់មកផ្ទះដើម្បីបង្ហាញដល់មន្រ្តីមានសមត្ថកិច្ច។

  ក្នុងសេចក្តីជូនដំណឹងខាងលើក៏បានកំណត់ដល់កម្មករនិយោជិតត្រូវមកធ្វើការដូចថ្ងៃធម្មតានៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន របស់ខ្លួន។ក្នុងករណីមិនមកធ្វើការត្រូវចាត់ទុកជាមានកំហុសធ្ងន់ដែលអាចប្រឈមនឹងការបញ្ឈប់ពីការងារដោយគ្មានសំណង។

  ជាមួយគ្នាក្រសួងក៏បានធ្វើការដាស់តឿនដល់កម្មករនិយោជិតត្រូវមកធ្វើការងារតាមធម្មតានិងពិសេសមិនត្រូវបង្កការរំខានឬចូលរួមសកម្មភាពញុះញង់ បំភិតបំភ័យ គំរាមកំហែងកម្មករនិយោជិតបុគ្គលិកដទៃទៀតឡើយ។

  ក្នុងសេចក្តីជូនដំណឹងដដែលបានបញ្ជាក់បន្ថែមថា ចំពោះសហគ្រាសឬនាយករោងចក្រសហគ្រាស គ្រឹះស្ថានត្រូវផ្តល់បញ្ជីស្លាកលេខរថយន្ត ឬ មធ្យោបាយដឹកជញ្ជូនដល់អធិការការងារ។ក្រៅពីនេះក្រសួងការងារក៏បានណែនាំដល់អ្នកបើកបរនិងម្ចាស់មធ្យោបាដឹកជញ្ជូនកម្មករនិយោជិតត្រូវបន្តដឹងជញ្ជូនកម្មករនិយោជិត និងបុគ្គលិកទៅធ្វើការងារនិងត្រឡប់មកផ្ទះវិញដូចធម្មតាបើមិនដូច្នេះនឹងត្រូវចាត់ទុកជាការប្រឆាំងនឹងបទបញ្ជារបស់រាជរដ្ឋាភិបាលនិងត្រូវប្រឈមនឹងការបង្ខំឱ្យបញ្ចប់កិច្ចសន្យាផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិតនិងបុគ្គលិកផងដែរ៕