ក្រសួងការបរទេស​ប​ង្ហា​ញ​លទ្ធផល​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន​ស្ដីពី​ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​រ៉ូ​ណា

201
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់​សុខុន​រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិសេស​នៃ​ក្រុមប្រឹក្សា​សម្រប​ស​ម្រួ​លា​អាស៊ាន កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន ស្ដីពី​ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​រ៉ូ​ណា (COVID-19) និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៥ ដែល​បាន​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​១៩-២០​ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ទីក្រុង​វៀងចន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។​

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០​បាន​បង្ហាញថា កិច្ចប្រជុំ​ពិសេស​នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​ស្តីពី​ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​រ៉ូ​ណា COVID-19 ៖ ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២០​លោក​ផាម​ប៊ិន​មិញ​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ការបរទេស​វៀត​ណា​ម​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិសេស​នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​ក្នុង​គោលបំណង​លើកកម្ពស់​ការសម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​និង​ការឆ្លើយតប​រួម​របស់​អាស៊ាន​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​បណ្តា​មកពី​ការ​ផ្ទុះឡើង​នៃ​ជំងឺឆ្លង COVID-19 ។

​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​រួបរួមគ្នា​ជា​ធ្លុង​មួយ​និង​មានការ​ឆ្លើយតប​ខ្ពស់​របស់​អាស៊ាន​ក្នុងការ​ដោះស្រាយ​បញ្ហា​ជំងឺឆ្លង​COVID19​និង​បាន​សង្កត់ធ្ងន់​ពី​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​សមាជិក​អាស៊ាន​ក្នុងការ​ទប់ស្កាត់​នូវ​ផលប៉ះពាល់​ដែល​បណ្តាលមកពី​ជំងឺឆ្លង​នេះ ទៅលើ​ដំណើរ​ការកសាង​សហគមន៍​អាស៊ាន ក៏ដូចជា​ដំណើរការ​ជា​ប្រក្រតី​របស់​អាស៊ាន​។

​កិច្ចប្រជុំ​ពិសេស​នៃ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន​ស្ដីពី​ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​រ៉ូ​ណា (COVID-19)ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​ពិសេស​នៃ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន ស្តីពី​ករណី​ជំងឺឆ្លង COVID-19 ក្រោម​ការដឹកនាំ​ដោយ​សហប្រធាន​ដែលមាន​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​ជា​ប្រទេស​សម្របសម្រួល​ដៃគូ​សន្ទនា​អាស៊ាន​-​ចិន​និង​រដ្ឋមន្ត្រីការបរទេស​ចិន​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​សម្តែង​នូវ​ទំនុកចិត្ត​យ៉ាង​ពេញលេញ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​នឹង​អាច​ជំនះ​លើ​ជំងឺឆ្លង COVID-19 ។ ជា​កិច្ច​ឆ្លើយតប លោក​សហប្រធាន វ៉ាង យី បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​សមាជិក​អាស៊ាន​ចំពោះ សមានចិត្ត ការគាំទ្រ និង​ជំនួយ​របស់​អាស៊ាន​។​

​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ចិន​បានកត់សម្គាល់​ដោយ​ការពេញចិត្ត​ចំពោះ​ការឆ្លើយតប​រួម​ជាបន្ទាន់ និង​សាមគ្គី​ភាពជា​ប្រពៃណី ក៏ដូចជា​ការជួយជ្រោមជ្រែង​គ្នា​ទៅវិញទៅមក​ក្នុង​គ្រា​លំបាក ជាពិសេស​ការចាត់វិធានកា​រ​ដ៏​ម៉ឺងម៉ាត់​ដើម្បី​ដោះស្រាយ​ជំងឺឆ្លង​COVID19​តាមរយៈ​ការចែករំលែក​ព័ត៌មាន​យ៉ាង​ឆាប់រហ័ស នឹង​កិច្ចខិតខំ​ប្រឹងប្រែង​ចាំបាច់​នានា ក្នុងការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ និង​ការការពារ​សន្តិសុខ​សុខភាព​សាធារណៈ​ក្នុង​តំបន់ និង​ពិភពលោក​។

​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ចិន ក៏បាន​ពិភាក្សា​អំពី​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​វិធានការ​សម្របសម្រួលរ​វាង​អាស៊ាន​និង​ចិន​មាន​ជាអាទិ៍​៖​បង្កើន​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ប្រឆាំងនឹង​ជំងឺឆ្លង COVID-19 តាមរយៈ​ការចែករំលែក ព័ត៌មាន និង​ឧ​ត្ត​ម្មា​នុ​វត្ត​ឱ្យបាន​ទាន់ពេលវេលា​។ ជំរុញឱ្យមាន​កិច្ចសន្ទនា​គោលនយោបាយ និង​ការផ្លាស់ប្តូរ​ព័ត៌មាន​វិវត្តន៍​ចុងក្រោយ​អំពី​ជំងឺឆ្លង COVID19​ដែល​រួមមាន​ការត្រួតពិនិត្យ​និង​ការព្យាបាល​។​ធ្វើការ​រួមគ្នា​ដើម្បី​លើកកម្ពស់​សមត្ថភាព​ក្នុងការ​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺឆ្លង នឹង​ជាការ​រើប​ឡើងវិញ​នូ​ង​ជំងឺឆ្លង រួមមាន​ករណី COVID-19 ជាដើម​។

លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់​សុខុន​បាន​ឆ្លៀតឱកាស​នេះ​ជម្រាបជូន​កិច្ចប្រជុំ​អំពី​វិធានការ​ដ៏​ម៉ឺងម៉ាត់​របស់​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង COVID19​ជាពិសេស​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​កម្ពុជា ក្នុងការ​អនុញ្ញាតឱ្យ​នាវា​ទេសចរណ៍​Westerdam​ចូល​សំចត​នៅ​កំពង់ផែ​ព្រះសីហនុ​ដោយមាន​ការត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​និង​ប្រុងប្រយ័ត្ន​បំផុត​អនុលោម​តាម​បទ​ប្បញ្ញត្តិ​សំខាន់ៗ​របស់​អង្គការ​សុខភាព​ពិភពលោក និង​ដោយមាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​សុខាភិបាល​អន្តរជាតិ​នានា ដូចជា​អង្គការ​សុខភាព​ពិភពលោក​មជ្ឈមណ្ឌល​អាឡឺម៉ង់​សម្រាប់​ការស្រាវជ្រាវ​ជំងឺឆ្លង​និង​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​របស់​សហរដ្ឋអាមេរិក​។

​លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​អះអាង​ជាថ្មី​អំពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា ក្នុងការ​បន្ត​ជួយ និង​សហការ​យ៉ាង​ក្លៀវក្លា​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង COVID-19 និង​ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន និង​បន្ត​ជំរុញ​ការសម្របសម្រួល និង​សហការ​ជាមួយ​ចិន ក្នុងការ​ទប់ស្កាត់ និង​លុបបំបាត់​ទាំងស្រុង​ជំងឺឆ្លង COVID-19 នេះ​។

​ទន្ទឹមពេល​ជាមួយគ្នានេះ​លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​គាំទ្រ​ចំពោះ​សំណើ​របស់​ប្រទេស​ចិន ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​ចិន ស្តីពី COVID-19 នៅពេល​វេលា​សមស្រប​ណាមួយ​។​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៥៖​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៥ ដែលមាន​លោក សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត រដ្ឋមន្ត្រីការបរទេស​ឡាវ និង​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន​ជា​សហប្រធាន​និង​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រីការបរទេស​កម្ពុជា មី​យ៉ាន់​ម៉ា​ថៃ​និង​វៀតណាម​បាន​សម្តែង​ការកោតសរសើរ​ចំពោះ​វឌ្ឍនភាព​នៃ​ការអនុវត្ត​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​២ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៤ ព្រមទាំង​ការអនុវត្ត​ផែនការ​សកម្មភាព​ប្រាំ​ឆ្នាំ​មេគង្គ​-​ឡាន​ឆាង (២០១៨-២០២២)​។ វឌ្ឍនភាព​នេះ បានរួម​ចំណែក​ដល់​ការជំរុញ​បន្ថែម​នូវ​ទំនុកចិត្ត​ទៅវិញទៅមក ពង្រីក​វិស័យ​កិច្ចសហប្រតិបត្តិការ និង​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​ភាពជា​ដែ​គូ ក្នុងចំណោម​បណ្ដា​ប្រទេស​មេគង្គ​-​ឡាន​ឆាង​។​

រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង បាន​អះអាង​សារជាថ្មី​និង​ជា​ឯកច្ឆ័ន្ទ ការបន្ត​គាំទ្រ​ប្រព័ន្ធ​ពហុភាគី​និយម ប្រព័ន្ធ​អន្តរជាតិ​ដែលមាន​អង្គការសហប្រជាជាតិ​ជា​មជ្ឈមណ្ឌល និង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដែល​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​និង​មាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជា​មូលដ្ឋានគ្រឹះ​។ រដ្ឋមន្ត្រី​បាន​ឯកភាពគ្នា​ក្នុងការ​ជំរុញ​កិច្ចសន្ទនា​ក្នុងចំណោម​គណបក្សនយោបាយ ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​វប្បធម៌​និង​ប្រជាជន​ព្រមទាំង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​មិនមែន​ប្រពៃណី ដែល​រួមមាន ភេរវកម្ម បទឧក្រិដ្ឋ​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណេ​ត គ្រោះធម្មជាតិ ជម្ងឺឆ្លង ការជួញដូរ​មនុស្ស និង​គ្រឿងញៀន​ខុសច្បាប់ និង​ការរត់ពន្ធ​និង​ការជួញដូរ​សព្វាវុធ​។​

​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង​បាន​ស្វាគមន៍​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ ជា​អ្នក​អង្កេត​ការណ៍​នៃ​ក្រុមការងារ​រួម​ស្តីពី​កិច្ចសហប្រតិបត្តិការ​ធ​ន​ធាន​ទឹក និង​បាន​ឯកភាព​ក្នុង​ការជំរុញ​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្របខ័ណ្ឌ​មេគង្គ​-​ឡាន​ឆាង ជាមួយនឹង​យន្តការ​កិច្ចសហប្រតិបត្តិការ​តំបន់ និង​អនុតំបន់​នានា ដោយ​ឈរលើ​ស្មារតី​បើកចំហរ បរិ​យា​ប័ន្ន និង​បំពេញបន្ថែម​។​

នៅក្នុង​កិច្ចប្រជុំ​នេះដែរ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សង្កត់ធ្ងន់ថា កិច្ច​សហ​ប្រតប​តិ្ត​ការ​មេគង្គ​-​ឡាន​ឆាង គឺជា​ក្របខណ្ឌ​សាមគ្គីភាព​ដ៏​សំខាន់ ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព និង​ការជំរុញ​វិបុលភាព​រួម​នៅក្នុង​តំបន់​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​សារជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុងការ​ពង្រឹង​និង​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​ចំណងមិត្តភាព​រវាង​ប្រទេស​មេគង្គ និង​ចិន ដើម្បី​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​របស់​ថ្នាក់ដឹកនាំ ក្នុង​ការកសាង «​សហគមន៍​ដែល​រួម​អនាគត​ប្រកបដោយ​សន្តិភាព និង​វិបុលភាព​»​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ជំរុញ​ប្រទេស​សមាជិក​មេគង្គ​-​ឡាន​ឆាង​បង្កើន​កិច្ច​សហ​-​ប្រតិបត្តិការ​បន្ថែមទៀត​តាមរយៈ​ការស្វែងរក​នូវ​គម្រោង​ធំៗ​ដែល​អាចឆ្លើយតប​ឱ្យបាន​ពេញលេញ​ទៅនឹង​តម្រូវការ​សេដ្ឋកិច្ច​-​សង្គម​ស្ថិតក្រោម​របៀបវារៈ​អង្គការសហប្រជាជាតិ​ស្តីពី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពី​ភាពចាំបាច់​ក្នង​ការពង្រឹង​យន្តការ​តាមដាន​នូវ​ការអនុវត្ត​វិស័យ​អាទិភាព​នីមួយៗ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ដោយ​ផ្អែកលើ​ប្រព័ន្ធ​ត្រួតពិនិត្យ​និង​វាយតម្លៃ​ដ៏​ប្រសើរ សំដៅ​សម្រេច​ឱ្យបាន​នូវ​ទិសដៅ និង​គោលដៅ​ដែល​បាន​ដាក់ចេញ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​ការគាំទ្រ​យ៉ាង​ពេញលេញ​ចំពោះ​គំនិត​ផ្តួចផ្តើម​ថ្មី​របស់​ចិន ស្តីពី​ច្រករបៀង​ពាណិជ្ជកម្ម​ដែន​គោក​-​សមុទ្រ​អន្តរជាតិ​ថ្មី​និង​ការបង្កើត​ខ្សែក្រវាត់​អភិវឌ្ឍ​សេដ្ឋកិច្ច​មេគង្គ​-​ឡាន​ឆាង​ដែល​នឹង​ត​ភ្ជាប់​អនុតំបន់​មេគង្គ​ដែលជា​ប៉ូល​នៃ​កំណើន​ជាមួយ​ដែនដី​ដ៏​ធំ​នៃ​ប្រទេស​ចិន​ដោយមាន​គោលដៅ​ចំបង​ក្នុងការ​បង្កើត​ថាមភាព​សម្រាប់​ខ្សែសង្វាក់​ផលិតកម្ម​នៅក្នុង​តំបន់​ការលើកកម្ពស់​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព​និង​ការជំរុញ​ការតភ្ជាប់​ទំនាក់ទំនង វប្បធម៌ និង​រវាង​ប្រជាជន និង​ប្រជាជន​នៅក្នុង​តំបន់​។ ក្នុងន័យនេះ​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ដល់​ភ្នាក់ងារ​រដ្ឋាភិបាល​នៃ​ប្រទេស​មេគង្គ​-​ឡាន​ឆាង​ក្នុងការ​សិក្សា​លើ​លទ្ធភាព​នៃ​ការធ្វើ​សហកម្ម​រវាង​ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន ២០២៥ និង​គំនិត​ផ្តួចផ្តើម​នានា​ខាងលើ ។​

​កិច្ចប្រជុំ​បានបញ្ចប់​ដោយបាន​អនុម័ត​នូវ​សេចក្តីប្រកាស​ព័ត៌មាន​រួម​ស្តីពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​-​បរទេស​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៥​និង​កត់សម្គាល់​របាយ​ការណ៍​ឆ្នាំ​២០១៩​ស្តីពី​ការអនុវត្ត​ផែនការ​សកម្មភាព​រយៈ​ពេល​ប្រាំ​ឆ្នាំ​ស្តីពី​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​(២០១៨,២០២២)​ព្រមទាំង​បានអនុម័ត​បញ្ជី​គម្រោង​គាំទ្រ​ដោយ​មូលនិធិ​ពិសេស​មេគង្គ​-​ឡាន​ឆាង​ឆ្នាំ​២០២០ ដែលមាន​ចំនួន​សរុប ១៥២​គម្រោង ហើយ​ក្នុងនោះ​កម្ពុជា​បានទទួល​គម្រោង​សរុប​ចំនួន​២០​គម្រោង​(​ប្រមាណ​៧,៧៨​លាន​ដុល្លារ​អាមេរិក​)​។ គម្រោង​ទាំងនេះ ភាគច្រើន​គ្របដណ្ដប់​លើ​សកម្មភាព​នានា ដែល​ពាក់ព័ន្ធ​នឹង​ការកសាង​សមត្ថភាព ការអប់រំ​ការកាត់បន្ថយ​ភាពក្រីក្រ​ការផ្ដល់អំណាច​ដល់​ស្ត្រី​វប្បធម៌​ទេសចរណ៍​ការផ្លាស់ប្ដូរ​បច្ចេកទេស​ប្រព័ន្ធ​ផ្សព្វផ្សាយ បរិស្ថាន ធនធានទឹក និង​សមត្ថភាព​ផលិត​៕S/