ក្រសួងការពារជាតិ​ចិន​អះអាង​អំពី​សមត្ថភាព​ត្រៀមប្រយុទ្ធ​របស់​ក្រុម​នាវា​ផ្ទុក​យន្តហោះ​ចិន​ខណៈ​ភាព​តានតឹង​ជាមួយ​អាមេរិក​អំពី​សមុទ្រ​ចិន​ខាងត្បូង​កើនឡើង​

3441
ចែករម្លែក

​ក្រុម​នាវា​ផ្ទុក​យន្តហោះ​ចិន​ដឹកនាំ​ដោយ​នាវា​ផ្ទុក​យន្តហោះ​ដំបូង​របស់ខ្លួន​Liaoning​បាន​ឈានដល់​ការត្រៀមខ្លួន​ប្រយុទ្ធ​ដំណាក់កាល​ដំបូង នេះ​បើតាម​ការប្រកាស​របស់​​ក្រសួងការពារជាតិ​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១​ឧសភា​។​

​ការប្រកាស​របស់​ក្រសួងការពារជាតិ​ចិន​កើតឡើង​ក្នុង​ថ្ងៃ​ដែល​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ហៅ​ការអះអាង​របស់​អាមេរិក​ថា​ចិន​ធ្វើ​យោ​ធូប​នីយកម្ម​សមុទ្រ​ចិន​​ខាងត្បូង​នោះ​ថា​”​ជា​រឿង​គួរអោយ​អស់សំណើច​”​។​

​សេចក្តីថ្លែងការណ៍​ដោយ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក រេ​ន ហ្គោ​ហ្គាំ​ង និង​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ហួរ ជុន​យី​ង ជា​ប្រតិកម្ម​ទៅនឹង​សម្តី​របស់​រដ្ឋមន្ត្រី​​ការពារជាតិ​អាមេរិក​លោក ជេ​ម​ស៍ ម៉ា​តទី​ស ដែលថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​ប្រជែង​នឹង​អំពើ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅក្នុង​ផ្លូវទឹក​មាន​ជម្លោះ​នេះ​។​

​ម៉ា​តទី​ស កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា​អាមេរិក​នឹង​រុញច្រាន​អ្វីដែល​ខ្លួន​មើលឃើញថា​ជា​យោ​ធូប​នីយកម្ម​របស់​ចិន​នៅ​បណ្តា​កោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ទោះជា​ចិន​​បាន​ថ្កោលទោស​ការធ្វើដំណើរ​មួយ​របស់​នាវាចម្បាំង​អាមេរិក​ពីរ​គ្រឿង​កាត់​តំបន់​នេះ​កាលពី​ចុង​សប្តាហ៍​ក៏ដោយ​។​

​មានការ​យល់ដឹង​តិចតួច​ណាស់​អំពី​កម្មវិធី​នាវា​ផ្ទុក​យន្តហោះ​ដែល​ចិន​ចាត់ទុកជា​ការសម្ងាត់​។​តែ​វរសេនីយ៍​រេ​ន ហ្គោ​ហ្គាំ​ង​បានផ្តល់​សញ្ញា​នៃ​ការបោះ​ជំហាន​ដំ​សំខាន់​មួយ​​ទៀត​នៅក្នុង​កម្មវិធី​ធ្វើ​ទំនើបកម្ម​យោធា​ចិន​។​កម្មវិធី​នេះ​ជា​ផ្នែក​នៃ​ផែនការ​ជួសជុល​កែប្រែ​ថ្មី​ទូទៅ​នៃ​កងកម្លាំងប្រដាប់អាវុធ​ចិន ផ្តួចផ្តើមឡើង​ដោយ​ប្រធានាធិបតី ស៊ី ជីន​ពីង ដោយមាន​ចាប់ពី​ផលិត​ចេញ​យន្តហោះ​កំបាំង​កាយ​រហូតដល់​កាំជ្រួច​ប្រឆាំង​ផ្កាយរណប​។​

Liaoning​បាន​បង្កើន​វត្តមានរ​បស់​ខ្លួន​កាលពីពេល​ថ្មីៗ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ក៏ដូចជា​ជុំវិញ​កោះ​តៃវ៉ាន់​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​លោក​រេ​ន បាន​ប្រាប់​សន្និសីទកាសែត​ថា​” នាវា​Liaoning​និង​ក្រុម​នាវា​អម​រប​ស់វា ទើប​បញ្ចប់​បេសកកម្ម​ហ្វឹកហាត់​ដោយ​ជោគជ័យ​។​​សមយុទ្ធ​នៃ​ក្រុម​នាវា​នេះ​ផ្តោតលើ​ប្រតិបត្តិ​ការប្រយុទ្ធ​នៅក្នុង​សមុទ្រ​។​វា​បាន​បង្កើត​សមត្ថភាព​ប្រយុទ្ធ​ជា​ប្រព័ន្ធ​មួយ​”​។​

​សូមបញ្ជាក់ថា​នាវា​ផ្ទុក​យន្តហោះ​ទី​២​របស់​ចិន​ត្រូវបាន​បញ្ជូនទៅ​សាកល្បង​ក្នុង​សមុទ្រ​កាលពី​ខែមីនា​ឆ្នាំនេះ​។​វា​ជា​នាវា​ផ្ទុក​យន្តហោះ​ផលិត​នៅ​ចិន​លើកដំបូង​និង​មិន​​ទាន់​ត្រូវបាន​ដាក់ឈ្មោះ​នៅឡើយ​ទេ​។​

​ពួក​អ្នកជំនាញការ​យោធា​ចិន​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ថា នាវា​ផ្ទុក​យន្តហោះ​ថ្មី​មិនត្រូវ​រំពឹងថា​នឹង​ដាក់អោយ​ដំណើរការ​នៅមុន​ឆ្នាំ​២០២០​ទេ ។​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​​ក៏បាន​ស្រង់​សម្តី​អ្នកជំនាញ​ដែល​អះអាងថា​ចិន​ត្រូវការ​នាវា​ផ្ទុក​យន្តហោះ​យ៉ាងតិច​៦ ខណៈ​អាមេរិក​មាន​នាវា​ផ្ទុក​យន្តហោះ​ប្រកបដោយ​សមត្ថភាព​ចំនួន​១០​និង​មាន​​ផែនការ​ស្ថាបនា​ពីរ​គ្រឿង​បន្ថែម​៕​ដោយ​៖​វាសនា​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​អះអាងថា ក្រុម​នាវា​ផ្ទុក​យន្តហោះ​ចិន​បាន​ឈានដល់​សមត្ថភាព​ត្រៀមប្រយុទ្ធ​ដំណាក់កាល​ដំបូង​

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក បាន​និយាយថា​អាមេរិក​នឹង​ប្រជែង​នឹង​អំពើ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​

​នាវា​អាមេរិក​ពីរបាន​បើក​ជិត​កោះ​សាងសង់ឡើង​ដោយ​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​កាលពីពេល​ថ្មីៗ​