ក្រសួងការពារជាតិ ដណ្ដើមបាន​មេដាយមាស ច្រើនជាងគេ​

531
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ការប្រកួត​កីឡា​កា​រ៉ា​តេ ជ្រើសរើស​ជើងឯក​ជាតិ ឆ្នាំ​២០១៩ ដែល​ចាប់ផ្ដើម ពីថ្ងៃ​ទី​៣ តុលា មក​នោះ បានបញ្ចប់​ហើយ នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី​៦ តុលា នា​សាល​ដំបូលទូក ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ខេមរៈ​សហព័ន្ធ កីឡា​កា​រ៉ា​តេ បាន​អញ្ជើញ​ចូលរួម ពិធី​បិទ​ការប្រកួត​កីឡា កា​រ៉ា​តេ​ជើងឯក​ថ្នាក់ជាតិ​នេះ ព្រមទាំង​បាន​បំពាក់​មេដាយ និង​ផ្តល់រ​ង្វាន់ ដល់​កីឡាករ កីឡាការិនី​ដែល​ទទួលបាន​ជ័យលាភី ទៀតផង​។​

លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ បំពាក់​មេដាយ​ដល់​ជ័យលាភី​

​ក្នុងចំណោម ២១ សមាគម​-​ក្លិប ដែល​ចូលរួម​ការប្រកួត​នេះ ជា​លទ្ធផល គឺ​សមាគម​កីឡា​កា​រ៉ា​តេ មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា កងយោធពល​ខេមរភូមិន្ទ បានឈ្នះ​មេដាយ ច្រើនជាងគេ គឺ​ចំនួន ១៨ ក្នុងនោះ មេដាយមាស ចំនួន ១១ មេដាយប្រាក់ ១ និង មេដាយ​សំរឹទ្ធ ៦ ឈរ​លំដាប់​លេខ​រៀង​ទី​១ លើ​តារាង​។​
​សម្រាប់​លំដាប់​លេខ​រៀង​ទី​២ គឺ​សមាគម​កីឡា​ក្រសួងមហាផ្ទៃ បាន​មេដាយមាស ៦ ប្រាក់​៣ សំរិទ្ធ​៣ សរុប​ចំនួន ១២ ហើយ​លំដាប់​លេខ​រៀង​ទី​៣ គឺ​ក្លិប​កា​រ៉ា​តេ​ដូ អូ​គឹ​យឺ​គឹ ខេត្តសៀមរាប បាន​មេដាយ ចំនួន ១០ គឺ​មេដាយមាស ៣ ប្រាក់​៤ និង​សំរិទ្ធ ៣ ។​

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​មានប្រសាសន៍ថា ក្រោយ​ពេលដែល​រូបលោក ត្រូវបាន​គណៈកម្មាធិកា​រ​ប្រតិបត្តិ សហព័ន្ធ​ជ្រើសតាំង ជា​ប្រធាន​ខេ​មរ​សហព័ន្ធ មក​នោះ លោក​បានដាក់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើជា​ដៃគូ​ទ្រទ្រង់ កីឡា​កា​រ៉ា​តេ​ជា​ផ្លូវការ ស្របតាម​អនុសាសន៍​ណែនាំ ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ “​ប្រជាជន​ម្នាក់ ហាត់​កីឡា​មួយ​មុខ ” និង “​ក្រសួង​-​ស្ថាប័ន​មួយ ទ្រទ្រង់​កីឡា​មួយ​ប្រភេទ​”​។​

លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ ថតរូបអនុស្សាវរីយ៍ ជាមួយអ្នកទទួលបាន​ជ័យលាភី​

​បើតាម​របាយការណ៍ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ ខេមរៈ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ បាន​ឲ្យ​ដឹងថា ឆ្លងកាត់​ការប្រកួត​ជើងឯក​នេះ សហព័ន្ធ ពិនិត្យឃើញថា កីឡាករ កីឡាការិនី កីឡា​កា​រ៉ា​តេ​កម្ពុជា បច្ចុប្បន្ន គឺមាន​ការរីកចម្រើន ខាង​បច្ចេកទេស ទាំង​ផ្នែក​វិញ្ញាសា​ប្រយុទ្ធ និង​វិញ្ញាសា​កាតា ពិសេស​កីឡាករ ដែលមាន អាយុ ១៥​ឆ្នាំ រហូតដល់​ជាង ២០​ឆ្នាំ គឺ​បានបង្ហាញ​ឲ្យ​ឃើញ ពី​កម្រិត និង​គុណ​ផល​កីឡា​កម្រិត​ខ្ពស់ ដែលជា​ការរីកចម្រើន​ថ្មី​មួយ ដែល​សហព័ន្ធ បានដាក់ ទិសដៅ ឱ្យ​គ្រប់​ក្លិប​សមាគម​ទាំងអស់ ហ្វឹកហាត់ ត្រៀម​ការប្រកួត ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០១៩​នេះ ក៏ដូចជា​ឆ្នាំ​បន្តបន្ទាប់​ទៀត​។​

​សូមបញ្ជាក់ថា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ កីឡា​កា​រ៉ា​តេ ឆ្នាំ​២០១៩​នេះ មាន​ប្រតិភូ​សរុប​ចូលរួម​ចំនួន ១៦៦ នាក់ មកពី ២១ ក្លិប ដែលមាន​កីឡាករ -​កីឡាការិនី ចំនួន ១២១ នាក់ ក្នុងនោះ​កីឡាការិនី មាន ៣៥ នាក់ ។ ចំពោះ​វិញ្ញាសា ដែល​ដាក់​ឲ្យ​ប្រកួត​វិញ​នោះ មាន​វិញ្ញាសា​ប្រកួត ចំនួន ៤ រួមមាន វិញ្ញាសា​កាតា​ឯកត្តជន និង កាតា​ក្រុម វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន និង ប្រយុទ្ធ​ក្រុម (Kurto) ដែល​ចែកចេញជា ៣៦ ប្រភេទ ៕v