ក្រសួងមហាផ្ទៃសម្រេចចុះឈ្មោះគណបក្សខ្មែរស្រឡាញ់ជាតិ

201
ចែករម្លែក

ដោយ: មុនីរ័ត្ន/ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចចុះឈ្មោះគណបក្ស ខ្មែរស្រឡាញ់ជាតិ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។ ការសម្រេចចុះបញ្ជីនេះ បានធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ។នេះបើតាមការបញ្ជាក់របស់លោកខឺយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ថ្លែងប្រាប់រស្មីកម្ពុជា។ 

ក្រុម​មន្ត្រី​អតីត​គណបក្សប្រឆាំង​ បានដាក់​ពាក្យសុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅក្រសួង​មហាផ្ទៃ កាលពីព្រឹក​ថ្ងៃទី០១ ខែ​មេសា ឆ្នាំ​២០២០​។ ការដាក់ពាក្យ​សុំចុះបញ្ជី​គណបក្ស​នយោបាយគឺភ្ជាប់​ជាមួយ​ស្នាមមេដៃជាង ៤ពាន់ស្នាមមេដៃ និងរចនាសម្ព័ន្ធគណៈកម្មាធិការបណ្ត្តោះអាសន្នរបស់ខ្មែរស្រឡាញ់ជាតិ រួមទាំងឯកសាររដ្ឋបាលផ្សេងៗ។

ការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ គឺបន្ទាប់ពីក្រសួងមហាផ្ទៃអនុញ្ញាតឲ្យបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ ជាផ្លូវការកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០។ ការអនុញ្ញាតនេះ គឺបន្ទាប់ពីបានដាក់ពាក្យ ស្នើសុំបង្កើតគណបក្សទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០២ ខែមករាឆ្នាំ២០២០។

លោក ខឺយ សុីនឿន

គណបក្ស ខ្មែរស្រឡាញ់ជាតិ “អក្សរកាត់ គ.ខ.ស.ជ “ បាវចនា សេរីភាព យុត្តិធម៌ប្រជាធិបតេយ្យ ឈ្មោះជាភាសាបរទេស Cambodian Nation Love Party (CNLP)។រចនាសម្ព័ន្ធគណៈកម្មាធិការបណ្ត្តោះអាសន្នរបស់ខ្មែរស្រឡាញ់ជាតិ មានដូចជាៈ ១. លោក ជីវ កក្តា ជាប្រធានគណបក្ស។ ២. លោក តាន់ ទីន អនុប្រធានប្រចាំការ។ ៣. លោក កង កឹមហាក់អនុប្រធាន។ ៤. លោក ខឺយ ស៊ីនឿន អនុប្រធានគណបក្ស និងតំណាងស្ថាបនិក។ ៥. លោកសៀវ សុត សមាជិក។ ៦. លោកស៊ឹម សុវណ្ណី សមាជិក។ ៧. លោក សុខ វិបុល សមាជិ ។ ៨. លោក អាន សុភារ៉ា សមាជិក។

លោកខឺយ ស៊ីនឿន បានបញ្ជាក់ថា ការបង្កើតគណបក្សថ្មីនេះ ត្រូវបានបង្កើតឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរ សកម្មជនអតីតគណបក្សសង្គ្រោះជាតិ អ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិដែលយើងខ្ញុំទាំងអស់គ្នាបានចុះតាមមូលដ្ឋានបានជួបពួកគាត់អស់រយៈពេលកន្លងមក។

លោកបានបញ្ជាក់ទៀតថា ការបង្កើតគណបក្សថ្មីគឺ គណបក្ស ខ្មែរស្រឡាញ់ជាតិ មានគោលបំណងដើម្បី៖ ១. បន្តគោលដៅស្មារតីសង្គ្រោះជាតិ ២. បង្កើតវប្បធម៌នយោបាយថ្មី ៣. បង្រួបបង្រួមអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ ៤. ផ្សះផ្សារជាតិ (ខ្មែរតែមួយ) និង៥. តស៊ូមតិតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ៕