ក្រសួងមហាផ្ទៃស្នើដល់អ្នកប្រើប្រាស់គណនីហ្វេសប៊ុកទាំងអស់ កុំបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបង្កចលាចល និងអសន្តិសុខសង្គម

170
ចែករម្លែក

ដោយ:វិបុល/ភ្នំពេញ ៖ តាមរយៈសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួង​មហាផ្ទៃ ដែលរៀបចំឡើងដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានស្នើដល់អ្នកប្រើប្រាស់គណនីបណ្តាញសង្គម Facebook ដែលបានបង្កើត បានជាគណនីក្លែងក្លាយក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងអស់ ដែលភាគច្រើនអ្នកទាំងនោះនៅក្រៅប្រទេសនោះ សូមគិតគូរឡើងវិញ ដែលទង្វើរបស់ខ្លួនអាចធ្វើឲ្យសង្គមកម្ពុជាមានភាពអសន្តិសុខសង្គម។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ជាមួយគ្នានេះ លោកបានប្រកាសពីវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីឈានទៅចាត់វិធានការតាមផ្លូវច្បាប់ និងចាប់ខ្លួនជនអគតិទាំងឡាយណា ដែលបង្ហោះចែកចាយព័ត៌មានបំពុលតាមបណ្ដាញសង្គម ពាក់ព័ន្ធវីរុសកូវីដ១៩ ទោះនៅក្រៅប្រទេសក៏ដោយ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងយ៉ាងដូច្នេះថា “ប្រសិនបើគណនី Facebook នោះក្លែងក្លាយយ៉ាងម៉េចក៏ដោយ ឲ្យតែនៅក្នុងប្រទេសកម្ពុជា ស្ថិតក្រោមច្បាប់របស់កម្ពុជា មិនអាចគេចផុតពីសមត្ថកិច្ចយើងទេ អ្នកឯង​ចង់បង្កើតក្លែងក្លាយយ៉ាងណាក៏ដោយ គឺសមត្ថកិច្ចកម្ពុជាមានបច្ចេករកឃើញទាំង​អស់ លើកលែងតែករណីខ្លះនៅក្រៅប្រទេសប៉ុណ្ណោះ”។

យ៉ាងណាក្ដីលោកបានអះអាងថា សមត្ថកិច្ចជួបការលំបាកក្នុងការស៊ើបអង្កេត​បន្ដិចចំពោះគណនី Facebook ដែលនៅក្រៅប្រទេស ដែលជួនកាលប្រទេស​ដែលបុគ្គលនោះតាំងនៅហាក់មិនសហការជាមួយសមត្ថកិច្ចកម្ពុជា។ នាយឧត្តមសេនីយ៍ បានបន្ថែមថា បុគ្គលដែលតែងបង្ហោះព័ត៌មានបំពុលទាំងអស់​នោះ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណរួចរាល់អស់ហើយ៕/B/Ha