ក្រសួងយុត្តិធម៌សម្រេចពន្យាពេលដាក់ឲ្យដំណើរការជាផ្លូវការសាលាឧទ្ធរណ៍ព្រះសីហនុ

227
ចែករម្លែក

ដោយៈមុនីរ័ត្ន/ភ្នំពេញ ៖ ក្រសួងយុត្តិធម៌បានសម្រេចពន្យាពេលដាក់ឲ្យដំណើរការជាផ្លូវការសាលាឧទ្ធរណ៍ព្រះសីហនុ ដែលគ្រោងនឹងធ្វើដំណើរការនៅថ្ងៃទី០១ ខែមេសា ឆ្នាំ​២០២០។ ការដាក់ឲ្យដំណើរការជាផ្លូវការសាលាឧទ្ធរណ៍ព្រះសីហនុ នឹងត្រូវកំណត់កាលបរិច្ឆេទនៅពេលក្រោយតាមប្រកាសរបស់ក្រសួងយុត្តិធម៌។ នេះបើយោងតាមប្រកាសរបស់លោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ក្នុងប្រកាសថា ចំពោះសមត្ថកិច្ចជំនុំជម្រះរឿងក្តីដែលស្ថិតនៅក្នុងសមត្ថកិច្ចដែនដី នៃសាលាឧទ្ធរណ៍ព្រះសីហនុ ត្រូវស្ថិតនៅក្រោមសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ដោយអនុលោមតាមមាត្រា៤ នៃព្រះរាជក្រឹត្យលេខ នស/រកត/០២២០/១៩៨ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការដាក់ឲ្យដំណើរការសាលាឧទ្ធរណ៍តំបន់។

គួរបញ្ជាក់ថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យស្តីពីការដាក់ឲ្យដំណើរការសាលាឧទ្ធរណ៍តំបន់ចំនួនបី គឺសាលាឧទ្ធរណ៍ព្រះសីហនុ សាលាឧទ្ធរណ៍បាត់ដំបង និងសាលាឧទ្ធរណ៍ត្បូងឃ្មុំ។ សាលាឧទ្ធរណ៍តំបន់ទាំងបីនេះ ចាប់ផ្តើមដាក់ឲ្យដំណើរការពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នេះតទៅ។ នៅអមសាលាឧទ្ធរណ៍និមួយៗ មានមហាអយ្យការមួយ ស្របតាមបទប្បញ្ញត្តិដូចមានចែងក្នុងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ និងច្បាប់ជាធរមានពាក់ព័ន្ធដទៃផ្សេងទៀត។ ព្រះរាជក្រឹត្យស្តីពីការដាក់ឲ្យដំណើរការសាលាឧទ្ធរណ៍តំបន់ចំនួនបីនេះ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។

នៅក្នុងព្រះរាជក្រឹត្យបានបញ្ជាក់ថា សាលាឧទ្ធរណ៍ព្រះសីហនុ មានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ និងមានសមត្ថកិច្ចជំនុំជម្រះរឿងក្តីដែលស្ថិតនៅក្នុងសមត្ថកិច្ចដែនដីដែលគ្រប់ដណ្តប់លើខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប លើកលែងតែរឿងក្តីទាំងឡាយដែលច្បាប់ប្រគល់សមត្ថកិច្ចទៅឲ្យតុលាការផ្សេងទៀត។
សាលាឧទ្ធរណ៍បាត់ដំបង មានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបង និងមានសមត្ថកិច្ចជំនុំជម្រះរឿងក្តីដែលស្ថិតនៅក្នុងសមត្ថកិច្ចដែនដីដែលគ្រប់ដណ្តប់លើខេត្តបាត់ដំបង ខេត្តពោធិសាត់ ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប លើកលែងតែរឿងក្តីទាំងឡាយដែលច្បាប់ប្រគល់សមត្ថកិច្ចទៅឲ្យតុលាការផ្សេងទៀត។

សាលាឧទ្ធរណ៍ត្បូងឃ្មុំ មានទីតាំងស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ និងមានសមត្ថកិច្ចជំនុំជម្រះរឿងក្តីដែលស្ថិតនៅក្នុងសមត្ថកិច្ចដែនដីដែលគ្រប់ដណ្តប់លើខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី និងខេត្តមណ្ឌលគីរី លើកលែងតែរឿងក្តីទាំងឡាយដែលច្បាប់ប្រគល់សមត្ថកិច្ចទៅឲ្យតុលាការផ្សេងទៀត។

សាលាឧទ្ធរណ៍ភ្នំពេញ មានសមត្ថកិច្ចជំនុំជម្រះរឿងក្តីដែលស្ថិតនៅក្នុងសមត្ថកិច្ចដែនដីដែលគ្រប់ដណ្តប់លើរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ព្រមទាំងរឿងក្តីដែលមិនស្ថិតនៅក្រោមសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍តំបន់ លើកលែងតែរឿងក្តីទាំងឡាយដែលច្បាប់ប្រគល់សមត្ថកិច្ចទៅឲ្យតុលាការផ្សេងទៀត។

សាលាឧទ្ធរណ៍តំបន់ មានសមត្ថកិច្ចជំនុំជម្រះរឿងក្តីដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់ខ្លួនចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ តទៅ។ ចំពោះសំណុំរឿងទាំងឡាយដែលស្ថិតនៅក្រោមសមមត្ថកិច្ចដែនដីរបស់សាលាឧទ្ធរណ៍តំបន់ ប៉ុន្តែដែលសាលាឧទ្ធរណ៍ភ្នំពេញបានទទួលជាសមត្ថកិច្ចនៅមុនថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ត្រូវកំណត់ជាសមត្ថកិច្ចរបស់សសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីចាត់ការបន្ត ដោយអនុលោមតតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ក្នុងករណីដែលសាលាឧទ្ធរណ៍តំបន់ណាមួយមិនអាចដំណើរការបាន សមត្ថកិច្ចជំនុំជម្រះរឿងក្តីដែលស្ថិតនៅក្នុងសមត្ថកិច្ចដែនដីនៃសាលាឧទ្ធរណ៍តំបន់នោះ ត្រូវស្ថិតក្រោមសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍ភ្នំពេញ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ត្រូវចេញប្រកាសដើម្បីកំណត់អំពីការមិនអាចដំណើរការបាននៃសាលាឧទ្ធរណ៍តំបន់នេះ។

ប្រសិនបើសាលាឧទ្ធរណ៍តំបន់ណាមួយមានចៅក្រមមិនគ្រប់គ្រាន់ ឬខ្វះខាតចៅក្រមដោយមូលហេតុវិសមិតភាពជាអាទិ៍ ប្រធានសាលាឧទ្ធរណ៍តំបន់នោះត្រូវស្នើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីចាត់តាំងចៅក្រមពីសសាលាឧទ្ធរណ៍ផ្សេងទៀតមកបំពេញសមាសភាព៕/B

លោក កើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌