ក្រសួងសុខាភិបាល​ប្រកាស​ចាត់ការ​អ្នកលក់ ទូ និង ធុង​បាញ​កម្ចាត់​មេរោគ​លើ​ហ្វេ​ស​ប៊ុ​ក Certified និង Semprox Cambodia

197
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ ក្រសួងសុខាភិបាល បានប្រកាសថា សូម​សាធារណជន កុំ​ជឿ​ការឃោសនា ភូតកុហក​បោកប្រាស់​តាម​ហ្វេ​ស​ប៊ុ​ក​ចំនួន ២ គឺ ៖ ១. Certified និង ២. Semprox Cambodia ដែល​កំពុង​ផ្សព្វផ្សាយ​លក់ ឧបករណ៍​ចំនួន ២ ប្រភេទ គឺ​៖ ១. ទូ​បាញ់​កម្ចាត់​មេរោគ និង ការពារ​ពី​វីរុស​ដ៏​កាច​សាហាវ​, និង ២. ធុងអាគុយ​សម្លាប់​មេរោគ ដែល​អាច​ការពារ និង បញ្ឈប់​ការរីក​រាលដាល​មេរោគ កូ​រ៉ូ​ណា ។ ក្រ​សួ​សូម​បដិសេធចោល​ទាំងស្រុង​នូវ​ព័ត៌មាន​មិន​ពិត​ទាំងនេះ និង រាល់​ព័ត៌មាន​ទាំងឡាយណា ដែល​ផ្សព្វផ្សាយ​លក់​ទូ​បាញ់​កម្ចាត់​មេរោគ និង ធុងអាគុយ​បាញ់​កម្ចាត់​មេរោគ​ទាំង ២ ប្រភេទ នេះ​។​


​តាមរយៈ​សេចក្តីប្រកាស​ដដែល​នេះ ក្រសួងសុខាភិបាល បានស្នើ​សុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់វិធានការ​តឹងរឹង​ទៅតាម​ផ្លូវច្បាប់ ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Certified និង Semprox Cambodia ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ខាងលើ ដើម្បី កុំឱ្យ​ជន​ឱកាសនិយម​ទាំងនេះ​បន្ត​បោល​ប្រាស់​ប្រជាពលរដ្ឋ​តទៅទៀត


​ក្រសួងសុខាភិបាល​បន្ថែ​ម​ថា ក្នុងករណី​ប្រជាពលរដ្ឋ​ប្រទះឃើញ​ជន​ណា កំពុង​លក់ ទូ​បាញ់​កម្ចាត់​វីរុស និង ធុង​អា​គុល​សម្លាប់​មេរោគ ខាងលើ សូម​ផ្តល់ព័ត៌មាន​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​ក្រសួងសុខាភិបាល តាមរយៈ​ទូ​ស័ព្ទ​លេខ ០១១ ៥៧៤ ៧៨៧ , ០១២ ៩៨៣ ៣៣៤ និង ០១៧ ៨៦៦ ៧៦០ ។


​ជាការ​កត់សម្គាល់ តាំងពី​រកឃើញ​ការឆ្លង​ជំងឺ​ខូវ​ដី ១៩ នៅ​កម្ពុជា ជា​បន្ត​បន្ទាប់មក គេ​ឃើញ​មាន​ជនខិលខូច​មួយចំនួន បាន​ឆ្លៀ​ង​ឱកាស​ផ្សព្វផ្សាយ​លក់ ដូចជា កាត ( ដូច​កាត​បុគ្គលិក ) សម្រាប់​ពាក​ក់​ការពារ ជំងឺ ខូ​វីដ ១៩ , ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ ខូ​វីដ ១៩ និង ការលក់​ទឹក​អាល់កុល​គ្មាន​គុណភាព​ជ​ដើម ហើយក៏​ត្រូវបាន​ក្រសួងសុខាភិបាល ប្រកាស​បដិសេធ​ជា​បន្តបន្ទាប់ និង ក៏ត្រូវ​បាន​អាជ្ញា​មាន​សមត្ថកិច្ច ចាត់ការ​ជា​បន្តបន្ទាប់​ដែរ ហើយ​ត្រឹមតែ​រយៈពេល​ប្រហែលជា ២ សប្តាហ៍​ចុងក្រោយ​នេះ ឧបករណ៍​ទាំងនោះ​ជាច្រើន ត្រូវបាន​សមត្ថកិច្ច​រឹប​អូស និង រក្សាទុក​ចាត់ការ​តាមច្បាប់ ។​


​អ្វីដែល​គេ​ចោទ​ជា​សំណួរ​មិនចេះចប់​នោះ​គឺថា តើ​ជន​ទាំងនោះ មាន​ថ្លើម​ប្រមាត់​ដែរ ឬ ទេ ខណៈ​ប្រទេសជាតិ​កំពុង​ជួប​ក្តីបារម្ភ ខ្លួន​បែរជា​ឆ្លៀតឱកាស​ប្រព្រឹត្ត​អំពើ​បែបនេះ ហើយ​ពួកគេ​មាន​គិត​ទេ​ថា ចំពោះ​ជំងឺ ខូវ​ដី ១៩ នេះ វា​ប្រាកដជា​នឹងធ្វើ​ឱ្យ​ពួកគេ ( ពួក​អ្នកលក់​របស់របរ​ឥត​គុណភាព និង គ្មាន​ច្បាប់​អនុញ្ញាត ) ឬ គ្រួសារ​របស់​ពួ​គេ​គ្មាន​សុវត្ថិភាព​ឡើយ ប្រសិនបើ​មាន​អ្នកណាម្នាក់ ឆ្លង ជំងឺ​នេះ ដោយសារតែ​របស់រប​រ​គ្មាន​គុណភាព​របស់​ពួកគេ ៕ Kh

ទូ​បាញ់​កម្ចាត់​មេរោគ និង ធុងអាគុយ​សម្លាប់​មេរោគ ដែល​ក្រសួងសុខាភិបាល​ស្នើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់ការ ( រូបៈ ក្រសួងសុខាភិបាល )