ក្រសួងសុខាភិបាល ហាម​លក់ និង​ប្រើប្រាស់​ឱសថ​បំប៉ន​ផ្ឡូ​វ​ភេទ LIONKING

300
ចែករម្លែក

ដោយៈ មេសា
​ភ្នំពេញៈ
ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូនដំណឹង ដល់​សាធារណជន​ទាំងអស់ ជ្រាបថា រាល់ថ្ងៃ មាន​ហ្វេ​ស​ប៊ុ​ក ចំនួន ២ គឺ​៖ ១. កំពូល​ឋានសួគ៌​នៃ​បុរស និង ២.​កំលាំង​បុរស​សម័យថ្មី កំពុង​ផ្សព្វផ្សាយ ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ឈ្មោះ LIONKING គ្មាន​បញ្ជិកា និង​គ្មាន​ច្បាប់​អនុញ្ញាត ផ្សព្វផ្សាយ ពី​ក្រសួងសុខាភិបាល​ឡើយ ព្រមទាំង​បាន​ផ្សព្វផ្សាយ ភូតកុហក បោកប្រាស់ និង បំផ្លើស​ហួស​ពី​ការពិត គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ត្រឹមត្រូវ ដូចជា ធំ វែង រឹង រួមភេទ​បានយូរ និង ជួយ​ព្យាបាល​ខ្សោយបេះដូង គ្រលៀន ទឹកនោមផ្អែម លើសឈាម តម្រងនោម សន្លាក់ ក្រពេញ​ប្រូ​ស្តា​ត ផ្តល់​ថាមពល ដល់​រាងកាយ អ្នក​អត់​កូន ក៏​ជួយ​ឱ្យ​មានកូន​ទៀតផង ។ នេះ​បើតាម​សេចក្តីប្រកាស របស់​ក្រសួងសុខាភិបាល នៅតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​

​សេចក្តីប្រកាស​នេះ បាន​បន្ថែមថា ក្រសួងសុខាភិបាល សូម​ជម្រាបជូន សាធារណជន​ទាំងអស់ ឈប់​ជឿ​ការផ្សព្វផ្សាយ​ឃោសនា ភូតកុហក បោកប្រាស់ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ ត្រឹមត្រូវ របស់​ហ្វេ​ស​ប៊ុ​ក ខាងលើ ហើយ​ឈប់​ប្រើប្រាស់ ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ឈ្មោះ LIONKING គ្មាន​បញ្ជិកា នេះ​ជា​បន្តទៀត ហើយ​ក្រសួងសុខាភិបាល តម្រូវឱ្យ​ម្ចាស់​គណនី ខាងលើ បញ្ឈប់​ការនាំ​ចូល ផ្សព្វផ្សាយ លក់ ឬ​ចែកចាយ ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ឈ្មោះ LIONKING គ្មាន​បញ្ជិកា នេះ​ជាបន្ទាន់ ។ ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរឹង ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ខាងលើ ដែល​នាំចូល ផ្សព្វផ្សាយ លក់ ឬ ចែកចាយ ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ឈ្មោះ LIONKING គ្មាន​បញ្ជិកា ទៅតាម​ផ្លូវច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ ជា​ធរមាន ។​

​សេចក្តីប្រកាស​ដដែល បាន​សង្កត់ធ្ងន់ថា ករណី បាន​ជួប ឬ ប្រទះឃើញ​ជន​ណា កំពុង​លក់ ចែកចាយ ឬ ផ្សព្វផ្សាយ ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ឈ្មោះ LIONKING សូម​ប្រញាប់​ផ្តល់ព័ត៌មាន ឬ​ត្រូវការ​ព័ត៌មាន​បន្ថែម​ពី នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខា​ពេទ្យ និង គ្រឿងសម្អាង សូម​ទំនាក់ទំនង តាម​ទូរស័ព្ទ​លេខ ០១១ ៥៧៤ ៧៨៧ និង ០១២ ៩៨៣ ៣៣៤ ៕v