ក្រសួងសុខាភិបាល អំពាវនាវ​ពលរដ្ឋកុំប្រើឧបករណ៍ តេស្តរកវីរុសកូវីដ១៩ដោយខ្លួនឯង

171
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ នៅក្នុងសេចក្តីប្រកាសកាលពីព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០២០ក្រសួងសុខាភិបាលកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋមិនត្រូវប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ដោយខ្លួនឯងនោះឡើយ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា បច្ចុប្បន្នមានការផលិតឧបករណ៍ធ្វើតេស្តរហ័សច្រើន តែរហូតដល់ពេលនេះ នៅមិនទាន់មានឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ប្រភេទណាមួយដែលមានការបញ្ជាក់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនូវភាពត្រឹមត្រូវនិងប្រសិទ្ធភាពនៅឡើយទេ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ប្រសិទ្ធភាពនៃការធ្វើតេស្តរហ័សបែបនេះគឺនៅទាបណាស់ហើយក៏មានការចេញលទ្ធផលមកមិនច្បាស់លាស់ច្រើនណាស់ដែរ ដូចជាអ្នកដែលមិនមានមេរោគ បែរទៅជាមានលទ្ធផលវិជ្ជមាន ។រីឯអ្នកមានមេរោគ បែរទៅជាមានលទ្ធផលអវិជ្ជមានទៅវិញ។

ក្រសួងបានឱ្យដឹងថា៖មានតែវិទ្យាស្ថានជាតិស្រាវជ្រាវសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែលកំពុងប្រតិបត្តិការតាមបច្ចេកទេស និងគោលការណ៍ប្រតិបត្តិស្តង់ដាររបស់អង្គការសុខាភាពពិភពលោក ដែលមានការចេញលទ្ធផលទទួលស្គាល់ត្រឹមត្រូវ។

ក្រសួងសុខាភិបាលបានព្រមានថាជនដែលប្រើឧបករណ៍សម្រាប់តេស្តរហស័រកមេរោគកូវីដ១៩មកផ្សព្វផ្សាយជាសាធារណៈដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

ក្រសួងក៏បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធចូលរួមចាត់វិធានការតាមផ្លូវច្បាប់ជាធរមានយ៉ាងម៉ឺងម៉ាត់ជាទីបំផុត ចំពោះបុគ្គល ឬក្រុមហ៊ុនណា ដែលផ្សព្វផ្សាយឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដោយមិនមានការអនុញ្ញាតពីក្រសួងសុខាភិបាល។

គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមីនា អ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា មានចំនួនសរុប ១០៣នាក់។ ក្នុងនោះព្យាបាលជា២១នាក់ហើយនៅសល់៨២នាក់ទៀតកំពុងសម្រាកព្យាបាលនៅ នៅតាមមន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ និងខេត្តនានា៕សរន