ក្រសួងអប់រំនៅតែមិនទាន់អញ្ញាតឱ្យមានការប្រមូលផ្តុំហ្វឹកហាត់កីឡានិងដំណើរការក្លឹបហាត់ប្រាណ

129
ចែករម្លែក

ដោយ:ដេប៉ូ/ភ្នំពេញ ៖ ដើម្បីបង្កាការរីករាលដាលក៏ដូចជាប្រុងប្រយ័ត្នខ្ពស់ក្នុងការទប់ស្កាត់រោគជំងឺកូវីដ១៩នោះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងថ្មីមួយបន្ថែមទៀត ដោយមិនទាន់អនុញ្ញាតឲ្យមានការប្រមូលផ្ដុំហ្វឹកហាត់កីឡាករ-កីឡាការិនី និងការប្រកួតលីគ ក៏ដូចជាការអនុញ្ញាតឲ្យដំណើរការក្លឹបហាត់ប្រាណវិញឡើយ។

បើយោងតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំបានបញ្ជាក់ជូនទៅដល់ប្រធានសហព័ន្ធកីឡាជាតិ និងក្លឹបហាត់ប្រាណទាំងអស់ស្តីពីស្ថានភាពកូវីដ១៩នៅតែមានហានិភ័យខ្ពស់នៅឡើយដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នឹងអាចមានរលកឆ្លងសារជាថ្មីជុំទីពីរទៀត។

ដោយហេតុនេះក្រសួងអប់រំបានធ្វើការណែនាំដូចតទៅនេះ៖ ១)រក្សាគម្លាតនិងបន្តពង្រឹងវិធានការទប់ស្កាត់និងប្រឆាំងជំងឺកូវីដ ១៩ ដោយត្រូវចេះកែប្រែទន្លាប់ និងឥរិយាបថនៃការរស់នៅឲ្យស្របតាមសភាពធម្មតាតាមបែបគន្លងថ្មី ដូចជាការអនុវត្តលាងដៃ ពាក់ម៉ាស់ និងការវាស់កម្ដៅជាដើម។ ២)ពុំទាន់អនុញ្ញាតឲ្យប្រមូលផ្ដុំកីឡាករ-កីឡាការិនី ហាត់ហ្វឹកហ្វឺន។ ៣)ពុំទាន់អនុញ្ញាត្តឱ្យដំណើរការក្លឹបហាត់ប្រាណ។ ៤)ពុំទាន់អនុញ្ញាតឱ្យមានការប្រកួតលីគ។ ៥)ត្រូវរង់ចាំសេចក្តីប្រកាសជាផ្លូវការរបស់រាជរដ្ឋាភិបាលស្តីពីការអនុញ្ញាតឱ្យដំណើរការងារប្រក្រតីឡើងវិញ។

គួរបញ្ជាក់ កាលពីអំឡុងខែមីនាឆ្នាំ២០២០កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចរំសាយការប្រមូលផ្ដុំក្រុមជម្រើសជាតិ ក្រុមកីឡានានា និងការប្រកួតព្រឹត្តិការណ៍កីឡាជាច្រើនបន្ទាប់ពីមានការវាយលុកដោយជំងឺកូវីដ១៩ទូទាំងពិភពលោករួចមក។ ក្រៅពីនេះក្លឹបហាត់ប្រាណនិងកន្លែងប្រមូលផ្តុំហាត់ប្រាណជាច្រើន ក៏ត្រូវបានហាត់ឃាត់ដូចគ្នា ដើម្បីបង្រកាការឆ្លងជំងឺដ៏កាចសាហាវមួយនេះ៕/B