ក្រសួងអោយម៉ូតូ៦គ្រឿង របស់គម្រោង «និរន្តរភាពតំបន់ទេស ភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដល់មន្ទីរបរិស្ថានខេត្តសៀមរាប

63
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ក្រសួងបរិស្ថានបានប្រគល់ម៉ូតូ៦គ្រឿង របស់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដល់មន្ទីរបរិស្ថានខេត្តសៀមរាប ក្រោមអធិបតីភាព លោកសៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរបរិស្ថានខេត្ត មន្រ្តីឧទ្យានុរក្ស នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះ។

បន្ទាប់ពីលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបបានលើកឡើងពីវឌ្ឍនភាពការងារគ្រប់គ្រងបរិស្ថាននៅក្នុងខេត្តសៀមរាបរួចមក។លោកសៅ សុភាព បានលើកឡើងដែរថា ខេត្តសៀមរាប គឺជាតំបន់ប្រមូលផ្តុំទៅដោយទីកន្លែងកំសាន្ត ទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្រ្តដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ក្នុងនោះ តំបន់អង្គរ ជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ ដែលល្បីល្បាញជុំវិញពិភពលោក ដូច្នេះក្រសួងបរិស្ថានបានយកចិត្តទុកដាក់បំផុតលើកិច្ចគាំពារបរិស្ថាន កាអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ និងការរស់នៅដោយចីរភាព។

ក្នុងឱកាសនោះលោករដ្ឋលេខាធិការ បានជម្រុញលើកទឹកចិត្តមន្រ្តីមន្ទីរបរិស្ថានខេត្ត និងមន្រ្តីឧទ្យានុរក្ស បន្តនូវសកម្មភាពឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាននូវភាពអសកម្មមួយចំនួន និងជនឆ្លៀតឱកាស ក្នុងការបំផ្លាញធនធានធម្មជាតិ ការចាប់សត្វព្រៃ ពិសេសការកាប់ទន្រ្ទានដីព្រៃយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ។

លោកបញ្ជាក់ថាក្រសួងបរិស្ថាន ការផ្តល់សម្ភារៈ បរិក្ខារបស់គម្រោងដល់មន្ទីរបរិស្ថានខេត្តសៀមរាប នៅពេលនេះ គឺជាជំហានទីមួយក្នុងក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ពង្រឹងការងារល្បាត និងទប់ស្កាត់បទល្មើសក្នុងតំបន់ការពារធម្មជាតិ ចូមរួមការពារ និងអភិរក្សធនធានធម្មជាតិ ការពារតំបន់ទេសភាព និងតំបន់សក្តានុពលទេសចរណ៍ធម្មជាតិ ឱ្យស្ថិតស្ថេរបានល្អ ក្នុងន័យនេះ ឯកឧត្តម បានសង្កត់ធ្ងន់ថា ការពារពារ និងអភិរក្សធនធានធម្មជាតិ គឺដើម្បីអភិវឌ្ឍន៍ដោយនិរន្តរភាព ចូលរួមចំណែកសេដ្ឋកិច្ចជាតិ និងជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ។

គួរបញ្ជាក់ថាគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» អនុវត្តរយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ នៅក្នុងខេត្តចំនួន៧ ជុំវិញបឹងទន្លេសាប និងតំបន់ជួរភ្នំក្រវាញ គឺធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ លើកកម្ពស់ទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ក៏ដូចជាធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍កាន់តែមានភាពប្រសើរឡើង៕/B