ក្រសួង និង​អ្នកជំនាញ​ពាក់ព័ន្ធ ពិភាក្សា​វិសោធនកម្ម​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​

67
ចែករម្លែក

ដោយៈ សុផល /
​ភ្នំពេញ​៖
ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត និង​ក្រុមការងារ​បច្ចេកទេស និង​ក្រុមការងារ​ជំនាញ បានរួម​ពិភាក្សាគ្នា លើ​ការធ្វើ​វិសោធនកម្ម ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ឱ្យ​កាន់តែ​ប្រសើរ​។​

​លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​២២ ឧសភា ២០២០ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស និង​ក្រុមការងារ​ជំនាញ​ពាក់ព័ន្ធ ប្រជុំពិភាក្សា បន្តធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​នេះ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង ក្នុង​គោលបំណង កែសម្រួល​ពាក្យពេចន៍ ឃ្លាឃ្លោង ខ្លឹមសារ និង​ការកំណត់​និយមន័យ ពាក្យ​គន្លឹះ ឱ្យមាន​ន័យ​កាន់ តែ​ច្បាស់លាស់ ជាក់លាក់ ទៅតាម​បរិបទ​ច្បាប់ សំដៅ​ការពារ​ផលប្រយោជន៍ បងប្អូន​ប្រជាពលរដ្ឋ និង​បរិស្ថាន​ជារួម ព្រមទាំង​ងាយស្រួល​អនុវត្ត និង​ជៀសវាង ការបកស្រាយ​ខុស​។​

​ជា​លទ្ធផល យោងតាម​ស្មារតី នៃ​កិច្ចប្រជុំ​នេះ អង្គប្រជុំ បានកំណត់​និយមន័យ តាម​ប្រភេទ​យានយន្ត ឱ្យ​កាន់តែ​ជាក់លាក់ ការកំណត់​និយមន័យ នៃ​ការប្រើប្រាស់​ទូរស័ព្ទ ពេល​កំពុង​បើកបរ ការកំណត់​ឱ្យមាន​ជំនួយការ បើកបរ​ម្នាក់ ចំពោះ​រថយន្ត​ដឹកទំនិញ ដែលមាន​ទម្ងន់​សរុប លើសពី ១៦ តោន ឬ​រថយន្ត​ដឹក​អ្នកដំណើរ ដែល​ផ្ទុក​អ្នកដំណើរ ចាប់ពី ៣៥ នាក់​ឡើងទៅ និង​ចំណុច​ផ្សេងៗ​ទៀត ក្នុង​ជំពូក​ទី​២ និង​ជំពូក​ទី​៣ ផងដែរ​។​

​លោក​រដ្ឋលេខាធិការ ប្រចាំការ បាន​មានប្រសាសន៍ថា​៖ ការកែសម្រួល​ពាក្យពេចន៍ ឃ្លាឃ្លោង អត្ថន័យ និង​ការកំណត់​និយមន័យ នៃ​ច្បាប់​នេះ នឹង​បន្តធ្វើ​ការពិភាក្សា យ៉ាងហោចណាស់ ឱ្យបាន​មួយ​សប្ដាហ៍​ម្ដង រហូតដល់​ចប់ ដើម្បី​ដាក់ជូន​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ពិនិត្យ និង​កែសម្រួល​បន្ត ក៏ដូចជា ដើម្បីឱ្យ​ច្បាប់​នេះ អាចអនុវត្ត​បាន ប្រកបដោយ​ប្រសិទ្ធភាព និង​អាច​ទទួលយកបាន ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។​

​ជាមួយគ្នានេះ​ផងដែរ លោក​រដ្ឋលេខាធិការ​ប្រចាំការ បាន​ណែនាំ​ឱ្យ​ក្រុមការងារ ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ពិនិត្យ​ឱ្យបាន​ល្អិតល្អន់ និង​ស៊ីជម្រៅ នូវ​ជំពូក ជា​បន្តបន្ទាប់ មុន​កិច្ចប្រជុំ​ចាប់ផ្ដើម ដើម្បីឱ្យ​ការធ្វើ​វិសោធន​កម្មនេះ មាន​សន្ទុះ​ទៅមុខ កាន់តែ​លឿន​៕v​