ក្រុង​បាងកក​បិទ​ហាង​ចាប់ពី​ពាក់កណ្តាល​យប់​ដល់​ម៉ោង​៥​ព្រឹក ក្រោយ​ឆ្លង​១២០​នាក់​ទៀត​

238
ចែករម្លែក

​អាជ្ញាធរ​ថៃ​កាលពី​ថ្ងៃ​ពុធ​ទី​០១​មេសា បានបញ្ជាក់​អះអាងថា​មាន​អ្នក​ឆ្លង​វីរុស​កូវី​ដ​១៩​ចំនួន​១២០​នាក់​បន្ថែមទៀត និង​២​នាក់​ទៀត​បាន​ស្លាប់​។​

​ចំនួន​នេះ​នាំ​អោយ​អ្នក​ឆ្លងកូវី​ដ​១៩​សរុប​នៅ​ថៃ​កើន​ដល់​១.៧៧១​នាក់ និង​១២​នាក់​ស្លាប់​។​

​ក្នុងចំណោម​ជនរងគ្រោះ​ដល់​ជីវិត​ទាំង​២​នាក់​មាន​ម្នាក់ ជា​បុរស​ថៃ​អាយុ​៧៩​ឆ្នាំ នៅ​ខេត្ត​ភាគខាងត្បូង​មួយ​។​គាត់​បាន​ធ្លាក់ខ្លួន​ឈឺ​បន្ទាប់ពី​បាន​ទៅ​ចូលរួម​ពិធី​មង្គលការ​មួយ​នៅ​ម៉ាឡេស៊ី កាលពីដើម​ខែ​​មីនា​។ ជន​រង​គ្រោះថ្នាក់​ទៀត ជា​អ្នកជំនួញ​វ័យ​៥៨​ឆ្នាំ​ដែល​ទើប​វិល​មក​ពី​អង់គ្លេស​កាលពី​ខែ​មុន​។​

​ថៃ​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​គ្រាអាសន្ន​កាលពី​សប្តាហ៍​មុន និង​បាន​ទទូច​អោយ​បណ្តា​ក្រុមហ៊ុន​ប្រកាន់​យក​គោលនយោបាយ​ធ្វើការ​ចេញពី​ផ្ទះ​ដើម្បី​កំហិត​ចលនា​មនុស្ស​។​សាលារៀន​ខ្លះ​ក៏​​បាន​ចាប់ផ្តើម​កម្មវិធី​រៀន​ពី​ចម្ងាយ​តាម​អន​ឡា​ញ​។​

​ដើម្បី​ជំរុញ​ប្រជាជន​អោយ​នៅ​ផ្ទះ និង​កំហិត​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ រដ្ឋាភិបាល​នឹង​ផ្តល់​ជូន​សាធារណជន​នូវ​ទិន្នន័យ​ចល័ត​ដោយ​ឥតគិតថ្លៃ​ដោយ​ប្រជាជន​ថៃ​ម្នាក់ៗ​អាច​ចុះ​ឈ្មោះ​សុំ​ទិន្នន័យ​ចល័ត​១០​ជី​ហ្កា​បៃ ក្នុង​មួយខែ​ចាប់ពី​ថ្ងៃ​១០​មេសា​ទៅ​។​

​សាលាក្រុង​បាងកក​កាលពី​ថ្ងៃ​០១​មេសា បាន​ចេញ​បញ្ជា​អោយ​បិទ​បណ្តា​ហាង​និង​ភោជ្ជ​នី​យដ្ឋា​ន ចាប់ពី​ពាក់កណ្តាល​យប់​ដល់​ម៉ោង​៥​ព្រឹក ដើម្បី​កំហិត​ការឆ្លង​វីរុស​កូរ៉ូណា​។​

​ក្រៅពី​បិទ​ហាង​នៅ​ពាក់​កណ្តាលយប់ បណ្តា​ឧទ្យាន​ក៏​នឹង​បិទ​ចាប់ពី​ថ្ងៃ​០២​មេសា ដល់​ថ្ងៃ​៣០​មេសា​។​

​គិត​មក​ត្រឹម​ថ្ងៃ​០១​មេសា ក្រុង​បាងកក​មាន​អ្នក​ជម្ងឺ​កូវី​ដ​១៩ ចំនួន​៨៥០​នាក់​។​

​ក្នុងពេល​ជាមួយគ្នា ប៉ូលិស​ក្រុង​បាងកក​បាន​បដិសេធរ​បាយ​ការណ៍​មិន​ពិត​ដែល​ថា ក្រុង​បាងកក​នឹង​បិទ​ទាំងស្រុង​ហើយ​តំរូវ​អោយ​អ្នក​ក្រុង​នៅតែ​ក្នុងផ្ទះ​ដើម្បី​ទប់ស្កាត់​កូវី​ដ​១៩៕​ប្រែ​សម្រួល​៖​វាសនា​

​វិថី​មួយ​នៃ​ក្រុង​បាងកក​កាលពី​ថ្ងៃ​០១​មេសា​។ ថៃ​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​កាលពី​សប្តាហ៍​មុន តែ​មិន​បិទ​ក្រុង​បាងកក​ទាំងស្រុង​ទេ​