ក្រុង​បាងកក​ហាម​លក់​គ្រឿង​ស្រវឹង​១០​ថ្ងៃ​ដើម្បី​ទប់ស្កាត់​កូវី​ដ​១៩

146
ចែករម្លែក

​អាជ្ញាធរ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​ហាម​លក់​គ្រឿង​ស្រវឹង​រយៈពេល​១០ ថ្ងៃ​ដើម្បី​ជួយ​ទប់ស្កាត់​ការជួបជុំ​សាធារណៈ​ដែល​អាច​បង្ក​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩​។​

​បម្រាម​នេះ​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី ១០ ដល់​ថ្ងៃទី ២០​ខែ​មេសា ហើយ​នេះ​ជា​កិច្ច​ខំ​ប្រឹងប្រែង​ចុងក្រោយ​បំផុត​របស់​ក្រុង​នេះ​ដើម្បី​ទប់ស្កាត់​ការកើនឡើង​នៃ​ការឆ្លង​វីរុស ចាប់តាំងពី​​ដើមខែ​មីនា​មក​។​

​ឥឡូវនេះ គ្រឿង​ស្រវឹង​ត្រូវ​បាន​ហាមឃាត់​សម្រាប់​មនុស្ស​ប្រហែល​១៦​លាន នាក់​ខណៈ​ដែល​ខេត្ត​មួយចំនួន​ទៀត​ក្នុងចំណោម​ខេត្ត​ទាំង​៧៧ របស់​ប្រទេស​នេះ បាន​ដាក់​បម្រាម​រួចហើយ​។​ប្រទេស​ថៃ​ទាំង​​មូល​ស្ថិតនៅក្រោម​ស្ថានភាព​គ្រាអាសន្ន​និង​ការបិទ​ផ្នែក​ខ្លះ​នៃ​ប្រទេស​នេះ រហូតដល់​ខែ​មេសា​។​

​រដ្ឋាភិបាល​ថៃ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៩​មេសា​អំពី​ករណី​ឆ្លង​វីរុស​បន្ថែមចំនួន​៥៤​នាក់​ដែល​ជា​ចំនួន​ករណី​ឆ្លង​កើនឡើង​តិច​បំផុត​បើ​ប្រៀបធៀប​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​កាលពី​ប៉ុន្មាន​​សប្តាហ៍​ថ្មីៗ ដោយ​នាំ​ឱ្យ​មាន​ករណី​ឆ្លង​សរុប​ចំនួន​២.៤២៣​។ ចំនួន​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ឆ្លង​ទាំងនេះ គឺ​នៅ​ទីក្រុង​នេះ​។​

​រដ្ឋាភិបាល​ថៃ បាន​ផ្អាក​បុណចូលឆ្នាំថ្មី ដែល​គ្រោង​ធ្វើ​ពី​ថ្ងៃទី​១៣​ដល់​ថ្ងៃទី​១៥​ខែ​មេសា ទៅ​ពេល​ក្រោយ​ក្នុងឆ្នាំនេះ ប៉ុន្តែ​ប្រជាជន​មួយចំនួន នៅតែ​អាច​ធ្វើ​ការអបអរ​បុណ្យចូលឆ្នាំថ្មី​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

ប្រជាជន​សម្រុក​ទៅ​ទិញ​គ្រឿង​ស្រវឹង​នៅ​តាម​ហាង​លក់ដូរ​នៅ​មុន​ពេល​បម្រាម​នេះ​ចូល​ជា​ធរមាន​នៅ​ទីក្រុង​បាងកក ពី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃទី​២០​ខែ​មេសា​