ក្រុមការងារចម្រុះ អាជ្ញាធរខេត្ត​ចុះ​ពិនិត្យ​ផ្លូវ ចំនួន ៣​ខ្សែ និង​បណ្ដាញ​លូបង្ហូរទឹក ក្នុង​ក្រុង​សៀមរាប

334
ចែករម្លែក

ដោយ​: បាយ័ន / ខេត្តសៀមរាប​: កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប តំណាង​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​អាជ្ញាធរខេត្ត​ចុះ​ពិនិត្យ​ផ្លូវ និង​បណ្ដាញ​លូទឹក​ចំនួន ៣​ខ្សែ ក្នុងចំណោម​ផ្លូវ និង​បណ្ដាញ​លូទឹក​ចំនួន ១៧​ខ្សែ ដែល​ត្រូវ​សាងសង់​ចាក់​បេតុង និង​ដាក់លូ​បង្ហូរទឹក​ចេញពី​ក្រុង ដែល​គម្រោង​នេះ នឹង​បើក​ការដ្ឋាន​សាងសង់ ក្នុង​រយៈពេល​ឆាប់ៗ ខាងមុខ និង​មានការ​ចូលរួម​ពី លោក​ប្រធាន​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ ចៅសង្កាត់ មេភូមិ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផងដែរ​។

​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ គឺ​វិស័យ​អាទិភាព​មួយ ក្នុងចំណោម​វិស័យ​អាទិភាព​ធំៗ និង​ជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​ចម្បង​របស់​ជាតិ ដើម្បី​ការងារ​អភិវឌ្ឍន៍ ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​ដើម្បី​ធ្វើ​ឲ្យ​រាជធានី ខេត្ត នីមួយៗ​ត​ភ្ជាប់​បណ្ដាញ ហេដ្ឋារចនាសម្ព័ន្ធ កាន់តែ​ប្រសើរឡើង ក្នុងនោះ ដើម្បី​រៀបចំ​ក្រុង​សៀមរាប​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ បញ្ជៀ​ស​ការកកស្ទះ​ចរាចរណ៍ និង​ចៀស​ផុតពី​ការកកស្ទះ​ប្រព័ន្ធ​លូរ បង្ហូរទឹក ទឹកភ្លៀង ទឹកជំនន់ និង​ដើម្បី​បង្ហូរទឹក​ចេញពី​ក្រុង និង​ធ្វើ​ឲ្យ​ទីក្រុង​ស្រស់ស្អាត សមជា​ទីក្រុង​វៃឆ្លាត (Siem Reap Smart City) ស្រម​តាម​យុទ្ធសាស្ដ្រ​ទីក្រុង​វៃឆ្លាត​កម្ពុជា​។​

​ក្នុង​ឆ្នាំ​២០១៩ រដ្ឋបាលខេត្ត មាន​គម្រោង​សាងសង់ និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន ១៧​ខ្សែ ហើយ​គម្រោង​នេះ​ទទួល​ម៉ៅការ​សាងសង់ និង​ជួសជុល​ដោយ​កម្លាំង​កងវិស្វកម្ម លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រ មណ្ឌល​សៀមរាប​។

​សូមបញ្ជាក់​ផ្លូវ និង​បណ្ដាញ​លូទឹក​ចំនួន​០៣​ខ្សែ ក្នុងចំណោម​ផ្លូវ និង​បណ្ដាញ​លូ​ចំនួន ១៧​ខ្សែ ដែល​ត្រូវ​សាងសង់ និង​ជួសជុល​ក្នុង​ឆ្នាំ​២០១៩ នេះ រួមមាន​៖ ១- សាងសង់ ផ្លូវ បេតុង និង​ដាក់លូ​បណ្ដោយ​ផ្លូវ​មុខកាត់ ០១​ម៉ែត្រ ភូមិ​តាវៀន សង្កាត់​សាលា​កំរើក (​ពី​ផ្លូវ​ក្រោយ​ផ្សារលើ​កាត់​ផ្ទះ​តា​អុច ដល់​ផ្លូវ​វាង​ក្រុង​) ប្រវែង ១២៥០​ម៉ែត្រ ទទឹង ១០​ម៉ែត្រ​, ទី​២-​សាងសង់ ផ្លូវ បេតុង និង​ដាក់លូ​បណ្ដោយ​ផ្លូវ​មុខកាត់ ០១​ម៉ែត្រ ភូមិ​ចុង​កៅស៊ូ សង្កាត់ ស្លក្រាម (​ពី​ផ្លូវ ជាតិ​លេខ​៦ ចំណុច ភ្លើងស្តុប ស្មា​យ​លីង ដល់​ផ្លូវ​ផ្ទះ តា​អុច​) ប្រវែង ៣៥០​ម៉ែត្រ ទទឹង ០៨​ម៉ែត្រ និង​ទី​៣-​សាងសង់ ផ្លូវ​បេតុង និង​ដាក់លូ​បណ្ដោយ​ផ្លូវ​មុខកាត់ ០.៨​ម៉ែត្រ ភូមិ​តាវៀន សង្កាត់​សាលា​កំរើក (​ពី​ភោជនីយដ្ឋាន​ស្វាយមាស​ដល់​ផ្លូវ​វាង​ក្រុង​) ប្រវែង ៨៨៥​ម៉ែត្រ ទទឹង​០៧​ម៉ែត្រ​៕ ល​