ក្រុមចោរ​គាស់​ទ្វារ​ប៉ុនប៉ង​ចូល​ប្លន់​ផ្ទះ​ប្រជាជន​នៅ​បុរី​វ៉េង​ឡុង ព្រែកប្រា​

1353
ចែករម្លែក

​កាលពីពេល​រំលងអធ្រាត្រ​ឈានចូល​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ ចោរ​មួយក្រុម ដែលមាន​គ្នា​ប្រមាណ​រហូតដល់​ទៅ​ប្រាំ​នាក់​បានគាស់​ទ្វារ​ដំបូល​ប៉ុនប៉ង​ចូល​ប្លន់​ផ្ទះ​គ្រួសារ​មួយ​ដែល​រស់នៅក្នុង​បុរី​វ៉េង​ឡុង ស្ថិតក្នុង​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ។
​ ​
​អ្នកស្រី សុក វិ​ឡៃ អាយុ ៣០ ឆ្នាំ​ប្លាយ​ដែលជា​ម្ចាស់​ផ្ទះកើតហេតុ​ខាងលើ​បាន​រៀបរាប់ ប្រាប់​កាសែត រស្មី​កម្ពុជា កាលពី​ថ្ងៃ​អង្គារ ទី​២៥ ខែកញ្ញា​ថា ទាំង​មិនទាន់​បាត់​ភ័យ​នៅឡើយ​ថា ខណៈពេល​គាត់ និង​គ្រួសារ​ដែលមាន​ប្តី និង​កូនតូចៗ​ចំនួន​បី នាក់​កំពុង​លង់លក់​ក្នុង​ដំណេក ស្រាប់តែ​គាត់​ឮ​សំឡេង​ប្រាវៗ​នៅ​ម៉ោង​ប្រមាណ បី ទៀបភ្លឺ​។
​ដំបូង​គាត់​មិនដឹងថា​អ្វី​ឱ្យ​ប្រាកដ​ឡើយ​។ ដល់​តែ​សំឡេង​ឮ​កាន់តែខ្លាំង​ឡើងៗ​មិន​ឈប់ គាត់​ផ្ទៀងត្រចៀក​ស្តាប់ ហើយក៏​សង្ស័យថា​ជា​សំឡេង​ដែល​ចេញពី​ទ្វារ​ដំបូលផ្ទះ​របស់គាត់​។ គាត់​បាន​ឡើងជណ្តើរ​លបៗ​ដើម្បី​ពិនិត្យមើល​។ ពុទ្ធោ​! នោះ​ជា​សំឡេង​ទ្វារ​ដំបូល​ដែល​ក្រុមចោរ ប្លន់​កំពុងតែ​ធ្វើ​សកម្មភាព​គាស់​យ៉ាង​គឃ្លើន​ទាំង​ដឹងថា ម្ចាស់ផ្ទះ​កំពុង​ដេក​នៅ​ខាងក្នុង​។
​ ​
​គាត់​រៀបរាប់​បន្តថា ពេល​ដឹង​ច្បាស់​ថា​ជា​ចោរ​ភ្លាម​គាត់​ក៏​ប្រញាប់​ដាស់​ប្តី​របស់គាត់​ឱ្យ​ភ្ញាក់​។ ប្តី​របស់គាត់​បាន​ភ្ញាក់​ក្រញាង​ហើយ​ស្ទុះ​ឡើងជណ្តើរ​រួច​ស្រែក​ឡើង​ភ្លាត់​សំឡេង​ថា “​ហ្អេ​! អាណា​គេ​ធើ​អីហ្នឹង​វើ​យ​! តេ​ប្តឹង​ប៉ូលិស​!”​។ គ្រាន់តែ​ឮ​សម្រែក​គំរាម​បែប​នោះ​ពួកចោរ​បាន​ផ្អាក សកម្មភាព​គាស់​ទ្វារ ប៉ុន្តែ​ពួកវា​មិនទាន់​ទៅណា​ឡើយ​។
​ដោយ​ខ្លាច​ពួកវា​សម្រុកចូល​តាម​ដំបូល​រួច ប្តី​របស់គាត់​បាន​ស្ទុះ​ចេញពីផ្ទះ​ស្រែកហៅ​អ្នកជិតខាង ឱ្យ​ភ្ញាក់ ដើម្បី​ជួយ​ដេញចោរ​។ បន្ទាប់ពី​អ្នកជិតខាង​ដែលជា​បុរសៗ​ចេញ​បើកទ្វារ​រត់​ចេញមកក្រៅ ពួកចោរ​បានគេច​ខ្លួន​បាត់អស់​តាម​ច្រក​ក្រោយ​នៅ​ម៉ោង​ប្រមាណ ៣ កន្លះ​ទៀបភ្លឺ​។ ប៉ុន្តែ​ដោយ ភ័យខ្លាច ពួកវា​មក​ធ្វើ​សកម្មភាព​គាស់​ម្តងទៀត ពួកគាត់​បាន​នៅ​រង់ចាំ​ឃ្លាំមើល​រហូតដល់​ម៉ោង ៥ ទើប​បំបែកជួរ​ទៅផ្ទះ​រៀងៗ​ខ្លួន​។
​ ​
​សូមបញ្ជាក់ថា នេះ​មិនមែនជា​ចោរកម្ម​ចូល​លួច​ធម្មតា​ទេ តែ​វា​ជាការ​ប៉ុនប៉ង​ចូល​ប្លន់​តែម្តង ព្រោះ​ពួកគេ​ធ្វើ​សកម្មភាព​គាស់​ទ្វារ​ទាំង​ដឹង​ច្បាស់​ថា ម្ចាស់​កំពុង​ដេក​នៅ​ខាងក្នុង​។
​ ​
​ប្រជាពលរដ្ឋ​ប្រមាណ ១៦ គ្រួសារ​ដែល​រស់នៅក្នុង​បុរី​ខាងលើនេះ​សំណូមពរ​យ៉ាង ទទូច​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​ប៉ុស្តិ៍នគរបាល​សង្កាត់​ព្រែកប្រា​នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ច្បារអំពៅ ជួយ​ចាត់វិធានការ​ម៉ឺងម៉ាត់​ដើម្បី​ការពារ​សុវត្ថិភាព​របស់​ពួកគាត់​ផង ព្រោះ​ពួកគេ​រស់នៅ​ដោយ​ភ័យខ្លាច​ទាំងយប់​ទាំង​ថ្ងៃ​។​

​ប្រជាពលរដ្ឋ​ខាងលើ​ជឿថា សមាសភាព​ចោរ​ដែល​គាស់​ទ្វារ​ដំបូលផ្ទះ​ប៉ុនប៉ង​ចូល​ប្លន់​នេះ គឺជា​សមាសភាព​ចាស់​ដែល​ធ្លាប់ធ្វើ​សកម្មភាព​លួច​យ៉ាងសកម្ម​កន្លងមក​។ ពួកគាត់​បាន​បង្ហើប​ថា ក្រុមចោរ​នេះ​ជា​ពួក​ញៀន​ថ្នាំ​រស់នៅ​មូលដ្ឋាន​ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ និង​ដឹង​ច្បាស់ ៕ ដោយ​: ខុម​

​ទ្វារ​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​នៅ​បុរី​វ៉េង​ឡុង សង្កាត់​ព្រែកប្រា ដែល​ត្រូវ​ក្រុមចោរ​គាស់​បម្រុង​ចូល​ប្លន់ ខណៈ​ម្ចាស់​កំពុង​ដេក​នៅក្នុង​ផ្ទះ (​ក្រុមចោរ​គាស់​ទ្វារផ្ទះ​ប៉ុនប៉ង​ចូល​ប្លន់ )