ក្រុមល្បាតជួបហ្វូងដំរី នៅឧទ្យានជាតិអូរយ៉ាដាវ

128
ចែករម្លែក

ដោយមូលសម្បត្តិ៖ភ្នំពេញ÷ហ្វូងដំរីព្រៃជាង១០ក្បាលបានបង្ហាញខ្លួន តាមរយៈការថតបានពីក្រុមល្បាត នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ នៅក្នុងតំបន់ការពារធម្មជាតិ នៃឧទ្យានជាតិអូរយ៉ាដាវ ក្នុងខេត្តរតនគិរី។

យោងតាមការឱ្យដឹងពីលោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី មន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិអូរយ៉ាដាវ បានសហការល្បាត​ជាមួយកម្លាំងនគរបានជាតិ នៅក្បែរបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ចន្លោះប៉ុស្ដិ៍ការពារព្រំដែនពាមអូរលាវ និង ប៉ុស្តិ៍ការពារព្រំដែនអូលាវ ស្ថិតក្នុងភូមិសាស្ត្រភូមិសំ ឃុំយ៉ារទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានប្រទះឃើញដំរីព្រៃមួយហ្វូងចំនួនជាង១០ ក្បាលកំពុងរកចំណី និងបណ្ដើរកូន​របស់វា។

លោក ផុន ខេមរិន្ទ បានបន្ថែមថា នៅពេលឃើញក្រុមល្បាតមកដល់ សត្វដំរី ទាំងតូច ទាំងធំ មានការភ្ញាក់ផ្អើល និងរត់ចូលព្រៃមួយចំនួន នៅសល់ដំរីធំ​ចំនួន២ក្បាល ដែលក្រុមការងារបានព្យាយាមថតរូបបានពីចម្ងាយ។

ប្រជាពលរដ្ឋនៅក្នុងសហគមន៍ក្បែរនោះ បានបញ្ជាក់ថា នៅក្នុងរយៈពេលជាង​១ខែកន្លងមកនេះ មានវត្តមានហ្វូងដំរីរស់នៅក្នុងតំបន់ការពារធម្មជាតិ ហើយតែងតែមករកចំណីជុំវិញកន្លែងនោះ។ បច្ចុប្បន្ន មន្រ្តីឧទ្យានុរក្សនៃ​ឧទ្យានជាតិអូរយ៉ាដាវ បាននិងកំពុងបន្តតាមដានឃ្លាំមើល និងការពារសត្វដំរី​ទាំងនោះផងដែរ។

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន លើកទឹកចិត្តឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ ឱ្យបានគង់វង្ស​សម្រាប់មនុស្សរាប់ជំនាន់តទៅទៀត។ បច្ចុប្បន្ននេះប្រព័ន្ធតំបន់ការពារធម្មជាតិ រួមមានតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ៦០ កន្លែងមានផ្ទៃដី​ទំហំ៧, ២ លានហិកតា ស្ថិតនៅក្រោមការគ្រប់គ្រង ការពារ និងអភិរក្សរបស់​ក្រសួងបរិស្ថាន៕/Ha