លោក ជេហ្វ បេហ្សូស បន្តជាអ្នកមានកំពូលលើលោក នៅពេលក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon កើនទ្រព្យដោយការបញ្ជាទិញអំឡុងប្រទេសជាច្រើនកំពុងបិទ

190
ចែករម្លែក

ឥឡូវនេះ ក្រុមហ៊ុន Amazon មានតម្លៃ ១,១ លានលានដុល្លារបន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានកាលពីថ្ងៃអង្គារទី១៤មេសា ចំពេលមានការកើនឡើងនៃការបញ្ជាទិញតាមអនឡាញក្នុងអំឡុងពេលបិទប្រទេសជាច្រើនដើម្បីទប់ស្កាត់កូវីដ១៩។

គិតត្រឹមរសៀលថ្ងៃអង្គារ ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងជាង ៤ ភាគរយ ដោយបានបិទក្នុងតម្លៃ ២.២៨៣,៣២ ដុល្លារក្នុងមួយសន្លឹកហ៊ុន។ ចំនួននេះគឺខ្ពស់ជាងតម្លៃខ្ពស់ពីមុនរបស់ក្រុមហ៊ុនលក់រាយតាមអនឡាញនេះដែលមានចំនួន ២.១៧០,២២ ដុល្លារក្នុងមួយហ៊ុនកាលពីថ្ងៃទី ១៩ ខែកុម្ភៈ។

ស្ថាបនិកក្រុមហ៊ុន Amazon លោក ជេហ្វ បេហ្សូស កាលពីសប្តាហ៍មុនបានជាប់ឈ្មោះជាអ្នកមានបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំទី ៣ ជាប់គ្នា បន្ទាប់ពីកើនទ្រព្យសម្បត្តិសរុបចំនួន ១១៣ ពាន់លានដុល្លារ។

នេះត្បិតគាត់បានលែងលះប្រពន្ធកាលពីឆ្នាំមុនផងដែលធ្វើឱ្យគាត់ខាតបង់មួយភាគបួននៃភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុន។ លោក បេហ្សូស អាយុ ៥៦ ឆ្នាំដែលបានបង្កើតក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចនេះចេញពីបន្ទប់ក្រោមដីរបស់គាត់នៅទីក្រុងស៊ីអាថល រដ្ឋវ៉ាស៊ីនតោន ក្នុងឆ្នាំ ១៩៩៤ បានផ្តល់ភាគហ៊ុនតម្លៃ ៣៦ ពាន់លានដុល្លារដល់អតីតប្រពន្ធរបស់គាត់ឈ្មោះ ម៉ាកខេនហ្ស៊ី៕ ដោយ៖ កញ្ញាដាលីស

ស្ថាបនិកក្រុមហ៊ុន Amazon លោក ជេហ្វ បេហ្សូស