ក្រុមហ៊ុនឥណ្ឌា ដែលផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺផ្តាសាយ H1N1 កំពុងផលិតវ៉ាក់សាំងកូវីដ១៩ជាប្រភេទថ្នាំបន្តក់ច្រមុះសម្រាប់ចែកចាយលើពិភពលោក

205
ចែករម្លែក

មិនទាន់មានវ៉ាក់សាំងឬការព្យាបាលណាមួយត្រូវបានរកឃើញនៅឡើយទេដើម្បីព្យាបាលជំងឺកូរ៉ូណាថ្មី ដែលបានប៉ះពាល់ស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក។ យោងតាមសាកលវិទ្យាល័យចនហបគីនឃីនបានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ដ៏គួរឱ្យខ្លាចញញើតមួយផ្សេងទៀត ករណីឆ្លងកូវីដ១៩បានកើនឡើងដល់ជាង១លាននៅពាសពេញពិភពលោក។

ក្រុមហ៊ុនជីវគីមីឥណ្ឌា Bharat Biotech កំពុងអភិវឌ្ឍនិងសាកល្បងវ៉ាក់សាំងប្រឆាំងនឹងមេរោគកូរ៉ូណា ដែលមានឈ្មោះថា CoroFlu ដោយសហការជាមួយក្រុមអ្នកជំនាញខាងរោគសាស្ត្រអន្តរជាតិនិងបណ្តាក្រុមហ៊ុនផលិតវ៉ាក់សាំងនានា។

ក្រុមហ៊ុនបានបញ្ជាក់ថា វ៉ាក់សាំង CoroFlu កំពុងស្ថិតក្នុងការអភិវឌ្ឍហើយការសាកល្បងលើសត្វត្រូវគេរំពឹងថានឹងធ្វើឡើងក្នុងរយៈពេលពី ៣ ទៅ ៦ ខែទៀត។ បន្ទាប់មកក្រុមហ៊ុននឹងចាប់ផ្តើមបង្កើនផលិតកម្មសម្រាប់ការសាកល្បងប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពលើមនុស្ស ហើយវ៉ាក់សាំង CoroFlu អាចស្ថិតក្នុងការសាកល្បងជាក់ស្តែងលើមនុស្សនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២០។

វ៉ាក់សាំង CoroFlu នឹងត្រូវបន្តក់តាមច្រមុះដូចវ៉ាក់សាំងផ្តាសាយ M2SR ដែរ។ ការប្រើវ៉ាក់សាំងនេះជាទឹកបន្តក់ច្រមុះនឹងធ្វើត្រាប់តាមផ្លូវធម្មជាតិនៃការចម្លងមេរោគ ដែលប្រើដោយវីរុសកូរ៉ូណា ហើយវាត្រូវបានគេចាត់ទុកថាមានប្រសិទ្ធភាពជាងការចាក់ថ្នាំតាមសរសៃ។

ក្រុមហ៊ុន Bharat Biotech ដែលធ្លាប់លក់វ៉ាក់សាំងចំនួន ១៦ ប្រភេទ រួមទាំងវ៉ាក់សាំងការពារប្រឆាំងនឹងជំងឺផ្តាសាយ H1N1 នឹងផលិតវ៉ាក់សាំងប្រឆាំងមេរោគកូរ៉ូណាចំនួន ៣០០ លានឈុតសម្រាប់ចែកចាយទូទាំងពិភពលោក៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Bharat Biotech នឹងផលិតវ៉ាក់សាំង CoroFlu ចំនួន ៣០០ លានឈុតសម្រាប់ចែកចាយលើពិភពលោក