ក្រុមហ៊ុន​ទូរស័ព្ទដៃ​កម្ពុ​ជាមួយ​ឈ្នះ​រង្វាន់ ជា​អ្នកផ្តល់​ប្រព័ន្ធ​ទូរស័ព្ទ​ដ៏​ល្អ​បំផុត​

573
ចែករម្លែក

​ដោយ:ដេប៉ូ/​ភ្នំពេញ ​៖ ក្រុមហ៊ុន Cellcard របស់​អ្នកឧកញ៉ា គិត ម៉េង ទទួលបាន​ពានរង្វាន់ ជា​អ្នកផ្តល់​ប្រព័ន្ធ​ទូរស័ព្ទ​ដ៏​ល្អ​បំផុត ពី​ទស្សនា​វ​ដ្តី International Finance​។
នេះ​គឺជា​រង្វាន់​លើក​ទី​២​ហើយ ដែល​ក្រុមហ៊ុន​មួយ​នេះ បានទទួល​នៅក្នុង​ខែឧសភា ឆ្នាំ​២០១៩ ហើយ​វា​បាន​បង្កើន​ចំនួន​ពានរង្វាន់ រហូតដល់​១៤​រង្វាន់ ចាប់តាំងពី​ថ្ងៃ​ដាក់​ដំណើរការ បច្ចេកវិទ្យា 4G ឲ្យ​ប្រើប្រាស់ កាលពី​ខែមករា ឆ្នាំ​២០១៧​កន្លងមក​។​

លោក អៀន វ៉ា​ត់​សុន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cellcard បានឱ្យដឹងថា ពានរង្វាន់​នេះ នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន រក្សា​តំណែង​របស់ខ្លួន ជា​អ្នកផ្តល់​ប្រព័ន្ធ​ទូរស័ព្ទ​ឈានមុខ​គេ និង​ល្អ​បំផុត នៅ​អាស៊ីអាគ្នេយ៍​។​

​លោក​បាន​បន្ត​ឱ្យដឹងថា «​យើង​ផ្តោត​សំខាន់ លើ​ការយកចិត្តទុកដាក់ ក្នុងការ​ផ្តល់ជូន​គុណភាព​ដល់​អតិថិជនរ​បស់​យើង ជាមួយ​សេវា​ដែលមាន ល្បឿន​លឿន​បំផុត សេវា​គ្របដណ្តប់​ធំ​បំផុត និង​គម្រោង​ទិន្នន័យ​ទូរស័ព្ទ ដែលមាន​តម្លៃ​សមរម្យ​»​។​

លោក​បន្តថា «​សេវា​ដែល​បានទទួល​ស្គាល់ ពី​អង្គការ​ពិភពលោក​នេះ បានបង្ហាញ​ឲ្យ​ឃើញថា យុទ្ធសាស្ត្រ​របស់​ពួកយើង ពិត​ជាមាន​ប្រសិទ្ធិភាព និង​ទទួលបាន​ផ្លែផ្កា​។ ពួកយើង នឹង​បន្ត​ផ្តល់ជូន​អតិថិជន នូវ​បច្ចេកវិទ្យា 4G ដ៏​ល្អ​បំផុត និង​ជាមួយគ្នា​នោះដែរ យើង​ក៏​នឹង​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ និង​យុទ្ធសាស្ត្រ សម្រាប់​បច្ចេកវិទ្យា​ជំនាន់​ក្រោយ 5G»​។​

គួរ​បញ្ជាក់ថា កម្មវិធី​ប្រគល់​ពានរង្វាន់​នេះ នឹង​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង ក្នុង​ទីក្រុង​បាងកក នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២០​។ International Finance គឺជា​ទស្សនា​វ​ដ្តី​ផ្នែក​ជំនួញ​ដ៏​ល្បី​មួយ ដែល​ផ្តោតលើ​ការរីកលូតលាស់ នៃ​ធនាគារ ហិរញ្ញវត្ថុ និង​ឧស្សា​កម្ម​ព័ត៌មាន និង​ការវិភាគ​នានា ពី​ទូទាំង​មជ្ឈិមបូព៌ា អាស៊ី និង​អឺរ៉ុប​៕​B/