ក្រុមហ៊ុន​អាកាសចរណ៍​កាណាដា ហៅ​បុគ្គលិក​១៦.៥០០​នាក់​ដែល​ផ្អាក​ពី​ការងារ ឱ្យចូល​ធ្វើការ​វិញ​

174
ចែករម្លែក

​ក្រុមហ៊ុន​អាកាសចរណ៍​កាណាដា​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​០៨ ខែ​មេសា​ថា និយោជិត​១៦.៥០០​នាក់​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​Air Canada ដែល​ត្រូវបាន​ផ្អាក​ពី​ការងារ​ដោយ​សារ​ជំងឺ​ឆ្លងកូវី​ដ​១៩ នឹង​ត្រូវ​បាន​ជួល​ឱ្យ​បម្រើ​ការងារ​វិញ ក្រោម​កញ្ចប់​ថវិកា​ជួយ​សង្គ្រោះ​របស់​រដ្ឋាភិបាល​សម្រាប់​អាជីវកម្ម​។​

​នាយករដ្ឋមន្ត្រី​កាណាដា លោក ចា​ស្ទីន ទ្រុយ​ឌូ បាន​ប្រកាស​នៅ​សន្និសីទកាសែត​មួយ​ថា​កម្មវិធី​នេះ​នឹង​ត្រូវ​បើក​ដំណើរការ​សម្រាប់​ក្រុមហ៊ុន​ដែល​ទទួល រង​នូវ​ការធ្លាក់ចុះ​ជា​ង ១៥ ភាគរយ​​នៃ​ប្រាក់​ចំណូល​របស់​ពួកគេ​នៅ​ខែ​មីនា ដោយ​ធៀប​ទៅនឹង ៣០ ភាគរយ​កាលពី​លើក​មុន​។​

​ក្រុមហ៊ុន​អាកាសចរណ៍ Air Canada បាន​ផ្អាក​បុគ្គលិក​ចំនួន​ជិត​ពាក់កណ្តាល​នៃ​កម្លាំង​ពលកម្ម​សរុប​ចំនួន ៣៦.០០០ នាក់​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កាណាដា​កាលពី​ថ្ងៃទី ៣០ ខែ​មីនា បន្ទាប់​​ពី​អាជីវកម្ម​របស់​ខ្លួន បាន​ធ្លាក់ចុះ​អស់​ជាង ៩០ ភាគរយ​បន្ទាប់ពី​ប្រទេស​នេះ​បានដាក់​ការ​រឹតបន្តឹង​លើ​ការធ្វើដំណើរ​នាំអោយ​ប្រជាជន​ឈប់​ជិះ​យន្តហោះ​។​

​រដ្ឋាភិបាល​កាណាដា​បានចាប់ផ្តើម​ផែនការ​ឧបត្ថម្ភ​ធន​ប្រាក់​ឈ្នួល​កាលពី​ថ្ងៃទី ០១ ខែ​មេសា​ដើម្បី​ជួយ​ក្រុម​និយោជក​រក្សា​បុគ្គលិក​របស់​ពួកគេ ឬ​នាំយក​មក​វិញ​នូវ​បុគ្គលិក​ដែល​ត្រូវបាន​បញ្ឈប់​​ដោយសារ​ជំងឺ​រាតត្បាត​នេះ ។​

​ផែនការ​ឧបត្ថម្ភ​ធន​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ១៥ ខែ​មីនា ហើយ​រដ្ឋាភិបាល​នឹង​បង់ប្រាក់ ៧៥ ភាគរយ​ទៅ​លើ​បញ្ជី​ប្រាក់ខែ​របស់​ក្រុមហ៊ុន​ដែល​រង​ផលប៉ះពាល់​ខ្លាំង​រហូត​ដល់​ថ្ងៃទី ៦ ​ខែមិថុនា​។​

​ក្រុមហ៊ុន​អាកាសចរណ៍ Air Canada បាន​និយាយថា ក្រោម​កញ្ចប់​ជំនួយ​សង្គ្រោះ​នេះ​ខ្លួន​នឹង​នាំយក​បុគ្គលិក​ដែល​ត្រូវបាន​ផ្អាក​ទាំងនោះ មក​ធ្វើការ​វិញ​។​

​ប្រទេស​កាណាដា មាន​ករណី​ឆ្លង​វីរុស​នេះ​ជាង ១៩.០០០ នាក់​និង​មាន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​ចំនួន​៤៥៦ នាក់ គិត​មក​ត្រឹម​ថ្ងៃ​ពុធ​ទី​៨​ខែ​មេសា​៕​ប្រែ​សម្រួល​៖​សុខា​/sn

ក្រុមហ៊ុន​អាកាសចរណ៍ Air Canada បាន​ផ្អាក​បុគ្គលិក​ជិត​ពាក់កណ្តាល​នៃ​កម្លាំង​ពលកម្ម​សរុប​៣៦.០០០ នាក់​ដែល​មាន​មូលដ្ឋាន​នៅ​កាណាដា កាលពី​ថ្ងៃទី​៣០​ខែ​មីនា