ក្រុមហ៊ុន​អាម៉េរិក​ជាង ៦០០ ជំរុញ​ឱ្យ​លោក​ត្រាំ ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន​

687
ចែករម្លែក

ក្រុមហ៊ុន Walmart Inc ក្រុមហ៊ុន Target Corp និង​ក្រុមហ៊ុន​ជាង ៦០០ ទៀត​បាន​ជំរុញ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ នៅក្នុង​សារលិខិត​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​មិថុនា ​ឱ្យ​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​ជាមួយ​ចិន ដោយ​និយាយថា ពន្ធគយ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​អាជីវកម្ម និង​អ្នកប្រើប្រាស់​អាម៉េរិក​។​

​លិខិត​នេះ​គឺជា​លិខិត​ចុងក្រោយ​បំផុត​ក្នុងចំណោម​លិខិត​ជា​ហូរហែ ដែល​ត្រូវបាន​បញ្ជូនទៅ​រដ្ឋបាល​ត្រាំ​ ដោយ​យុទ្ធនាការ​ឈ្មោះ Tariffs Hurt the Heartland ជា​យុទ្ធនាការ​ជាតិ​ប្រឆាំងនឹង​ពន្ធគយ​ដែល​គាំទ្រ​ដោយ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ជាង ១៥០ ដែល​តំណាងឱ្យ​វិស័យ​កសិកម្ម ឧស្សាហកម្ម​ផលិតកម្ម ការលក់​រាយ និង​បច្ចេកវិជ្ជា​។​

​ប៉ុន្តែ​លិខិត​នេះ​មាន​សារសំខាន់​នៅពេលដែល​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​កាន់តែ​កើនឡើង​និង​កើតឡើង​មុន​លទ្ធភាព​នៃ​ជំនួប​រវាង​លោក​ត្រាំ​និង​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង ​នៅក្នុង​កិច្ចប្រជុំ​កំពូល G20 នៅ​ថ្ងៃទី ២៨ ដល់​ថ្ងៃទី ២៩ ខែមិថុនា​ នៅ​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន​។ លោក​ត្រាំ​បាន​និយាយថា​ លោក​ចង់​ជួប​លោក​ស៊ី​នៅ​ទីនោះ​ ហើយនឹង​សម្រេចចិត្តថា​តើ​ត្រូវ​ដំឡើង​ពន្ធ​បន្ថែម​លើ​ទំនិញ​នាំចូល​របស់​ចិន​ស្ទើរតែ​ទាំងអស់​បន្ទាប់ពីនោះ​ឬ​យ៉ាងណា​។​

​ជាមួយ​ពេលវេលា​មាន​តិចជាង​បី​សប្តាហ៍​នៅមុន​ពេល​កិច្ចពិភាក្សា​រវាង​មេដឹកនាំ​ចិន​និង​អាម៉េរិក ការរំពឹងទុក​នានា​សម្រាប់​វឌ្ឍនភាព​ឆ្ពោះទៅរក​ការបញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​គឺមាន​ទាប​។ ប្រភព​ជាច្រើន​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា​មានការ​រៀបចំ​តិចតួច​ណាស់​សម្រាប់​ការប្រជុំ​នេះ ទោះបីជា​សុខភាព​សេដ្ឋកិច្ច ពិភពលោក​កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់​ក៏ដោយ​។​

​លិខិត​ថ្មី​ដែល​បាន​ផ្ញើ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានសរសេរថា “​យើង​នៅតែមាន​ការព្រួយបារម្ភ​អំពី​ការកើនឡើង​នៃ​ការដំឡើង​ពន្ធ​សងសឹក​គ្នា​។ ពន្ធ​ដែល​បាន​អនុវត្ត​ន៍ទូលំទូលាយ​នេះ​មិនមែនជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ផ្លាស់ប្តូរ​ការអនុវត្ត​ពាណិជ្ជកម្ម​អយុត្តិធម៌​របស់​ចិន​នោះទេ​។ ពន្ធគយ​គឺជា​ពន្ធ​ដែល​បង់​ដោយផ្ទាល់​ពី​ក្រុមហ៊ុន​អាម៉េរិក មិនមែន​ចិន​ទេ​”​។​

​ក្រុមហ៊ុន Walmart ដែលជា​ក្រុមហ៊ុន​វិនិយោគ​វិស័យ​ឯកជន​ធំ​បំផុត​របស់​អាម៉េរិក​និង​ជា​ក្រុមហ៊ុន​លក់រាយ​ធំ​បំផុត​នៅលើ​ពិភពលោក​បាន​និយាយថា ពន្ធគយ​នឹង​បង្កើន​តម្លៃ​ទំនិញ​សម្រាប់​អតិថិជន​អាម៉េរិក​។​

​លោក ដូ​ក ម៉ាក​មី​ល​ឡុ​ន (Doug McMillon) អគ្គនាយក​ក្រុមហ៊ុន Walmart បានឱ្យដឹង​កាលពី​សប្តាហ៍​មុន​ថា “​ពាណិជ្ជកម្ម​ជារួម​គឺ​ល្អ​សម្រាប់​ពលរដ្ឋ​អាម៉េរិក ល្អ​សម្រាប់​អ្នកប្រើប្រាស់ ហើយ​ខ្ញុំ​ដឹងថា វា​ត្រូវបាន​រិះគន់​នៅពេល​ខ្លះ​”​។ លោក​បាន​ជំ​រុញឱ្យ​រដ្ឋបាល​ត្រាំ​ផ្តោត​ការយកចិត្តទុកដាក់​លើ​របៀប​ដែល​ពាណិជ្ជកម្ម​អាចជួយ​ដល់​ប្រជាជន​ទូទៅ​ភាគច្រើន​នៅក្នុង​ប្រទេស​និង​មិនមែន​គ្រាន់តែ​សម្រាប់​អ្នក​ដែល​រង​ផលប៉ះពាល់​ផ្ទាល់​ប៉ុណ្ណោះ​នោះទេ​។​

​លិខិត​នេះ​បានឱ្យដឹង​ទៀតថា ការដំឡើង​ពន្ធ​បន្ថែមចំនួន ២៥ ភាគរយ​លើ​ការនាំ​ចូល​របស់​ចិន​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ​ក្រៅពី​ពន្ធ​ដែល​បាន​ដំឡើង​រួចហើយនោះ នឹងធ្វើ​ឱ្យ​បាត់បង់​ការងារ​ចំនួន​ជាង​២​លាន​នៅ​អាម៉េរិក​។ នេះ​យោងតាម​ការដកស្រង់​អំពី​ការប៉ាន់ស្មាន​ពី​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អន្តរជាតិ​ឈ្មោះ Trade Partnership​។​

​លិខិត​ដដែល​និយាយថា ពន្ធ​ទាំងនោះ​ក៏​នឹង​បន្ថែម​ការខាតបង់​ជាង ២.០០០ ដុល្លារ​សម្រាប់​គ្រួសារ​អាម៉េរិក​ជា​មធ្យម​ដែលមាន​គ្នា​បួន​នាក់ និង ធ្វើឱ្យ​ថយចុះ​តម្លៃ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​អា​ម៉េ​រិ​ក​ចំនួន ១ ភាគរយ​ផងដែរ​។​

​លិខិត​នោះបាន​និយាយថា “​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើនឡើង​នេះ មិន​ផ្តល់​ផលប្រយោជន៍​ល្អ​ដល់​ប្រទេស​នោះទេ ហើយ​ភាគី​ទាំងពីរ​នឹង​ខាតបង់​”៕ ដោយ៖ កញ្ញាដាលីស/Ha

ក្រុមហ៊ុន​ជាង​៦០០​ជំរុញ​ត្រាំ​ឱ្យ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន