ក្រុមហ៊ុន Huawei បង្ហាញ​បន្ទះ​ឈី​ប​សម្រាប់​ទីផ្សារ​ទិន្នន័យ​ដ៏​ធំ​លើ​សកលលោក​

727
ចែករម្លែក

​ក្រុមហ៊ុន Huawei Technologies Ltd. បានបង្ហាញ​បន្ទះ​ឈី​ប​ប្រព័ន្ធ​ដំណើរការ​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៧​មករា​សម្រាប់​មជ្ឈមណ្ឌល​ទិន្នន័យ​និង​ការផ្ទុក​ទិន្នន័យ​តាម​អ៊ី​ន​ធឺ​ណេ​ត​នៅក្នុង​ការប្រឹងប្រែង​មួយ​ដោយ​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរគមនាគមន៍​ធំ​បំផុត​លើ​ពិភពលោក​មួយ​នេះ​ដើម្បី​ពង្រីក​ទីផ្សារ​ថ្មី ទោះបីជា​មានការ​ព្រមាន​ពី​លោកខាងលិច​ថា​ក្រុមហ៊ុន​នេះ​អាច​នឹង​បង្ក​ហានិភ័យ​លើ​ផ្នែក​សុវត្ថិភាព​ក៏ដោយ​។​

​សេចក្តីប្រកាស​នេះ​បាន​ធ្វើឡើង​ខណៈដែល​ឧស្សាហកម្ម​ចិន​ដែល​ពឹង​ផ្អែកលើ​បច្ចេកវិជ្ជា​បស្ចិមប្រទេស​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍ​បច្ចេកវិជ្ជា​ដោយ​ខ្លួនឯង​។ នេះ​បាន​ជំរុញឱ្យមាន​ការប្រកួត​ប្រជែង​សម្រាប់​អ្នកផ្គត់ផ្គង់​នៅ​អាមេរិក​និង​អឺរ៉ុប​និង​ការខកចិត្ត​ក្នុងចំណោម​រដ្ឋាភិបាល​នានា ដែល​រអ៊ូរទាំ​ថា​ផែនការ​ឧស្សាហកម្ម​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​រំលោភ​លើ​កាតព្វកិច្ច​ពាណិជ្ជកម្មរ​បស់​ខ្លួន​។​

​ក្រុមហ៊ុន Huawei បាន​និយាយថា បន្ទះ​ឈី​ប Kunpeng 920 ត្រូវបាន​បង្កើតឡើង​សម្រាប់ Server ដែល​គ្រប់គ្រង​ទិន្នន័យ​ដូច​ទឹកបាក់​ទំនប់​ពី​ស្មា​ត​ហ្វូ​ន វីដេអូ និង​សេវាកម្ម​តាម​អ៊ី​ន​ធឺ​ណេ​ត​ផ្សេងៗ​ជាច្រើន​ទៀត​។ ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា បន្ទះ​ឈី​ប​នេះ​គឺជា​ផ្នែក​មួយ​នៃ​ផលិតផល​ដែល​បាន​គ្រោងទុក​ដើម្បី​គាំទ្រ​ដល់ “​ការផ្ទុក​ទិន្នន័យ​ឆ្លាត​វៃ​តាម​អ៊ី​ន​ធឺ​ណេ​ត​”​។​

​ក្រុមហ៊ុន Huawei ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៨៧ ដោយ​អតីត​វិស្វករ​យោធា​ម្នាក់ គឺជា​ក្រុមហ៊ុន​ប្រកួតប្រជែង​ខាង​បច្ចេកវិជ្ជា​សកលលោក​ជា​លើកដំបូង​របស់​ចិន​និង​ជា​ម្ចាស់​ជើងឯក​ថ្នាក់ជាតិ​នៅក្នុង​ប្រធានបទ​ឧស្សាហកម្ម ដែល​បក្ស​កុម្មុយនីស្ត​កាន់អំណាច​មានបំណង​ចង់​ជំរុញ​លើកកម្ពស់​ខ្លាំងជាងគេ​បំផុត​។ ក្រុមហ៊ុន​នេះ​និយាយថា​ខ្លួន​គឺជា​កម្មសិទ្ធិ​របស់​បុគ្គ​លិ​ក​ឯកជន​និង​បដិសេធ​ការចោទប្រកាន់​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​មួយចំនួន​ថា​ខ្លួន​ត្រូវបាន​គ្រប់គ្រង​ដោយ​គណបក្សកាន់អំណាច​ហើយ​អាចជួយ​សម្រួល​ដល់​ការធ្វើ​ចារកម្ម​។​

​បេសកជន​ចិន​និង​អាមេរិក​គ្រោង​នឹង​ជួបប្រជុំគ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ​សម្រាប់​កិច្ចចរចា​ស្តីពី​សង្គ្រាម​ពន្ធ ដែល​បង្កឡើង​ដោយ​ការតវ៉ា​របស់​អាមេរិក​អំពី​គោលនយោបាយ​បច្ចេកវិជ្ជា​របស់​ក្រុង​ប៉េកាំង​។​

​រដ្ឋបាល​ត្រាំ អឺរ៉ុប និង​ដៃគូ​ពាណិជ្ជកម្ម​ដទៃទៀត​បាន​ត្អូញត្អែរថា គំនិត​ផ្តួចផ្តើម​ដូចជា “​ផលិត​ក្នុងប្រទេស​ចិន​ឆ្នាំ​២០២៥” ជាដើម​ដែល​អំពាវនាវ​ឱ្យ​បង្កើត​ក្រុមហ៊ុន​ខ្លាំងៗ​របស់​ចិន​លើ​ពិភពលោក​ក្នុង​វិស័យ​មនុស្ស​យន្ត​និង​វិស័យ​ផ្សេងទៀត​នោះ បាន​រំលោភ​លើ​កាតព្វកិច្ច​បើកទូលាយ​ទីផ្សារ​របស់​ប៉េកាំង​។ ក្រុមមន្ត្រី​អាមេរិក​ព្រួយបារម្ភ​ថា ពួក​ចិន​អាច​នឹង​ធ្វើឱ្យ​អាមេរិក​ចុះខ្សោយ​ក្នុងនាម​ជា​អ្នក​នាំមុខគេ​ខាង​ឧស្សាហកម្ម​៕ ដោយ៖ កញ្ញាដាលីស