ក្រុមហ៊ុន Toyota ផ្អាកផលិតកម្មរថយន្តនៅវៀតណាម

133
ចែករម្លែក

ក្រុមហ៊ុន Toyota Motor Vietnam (TMV) បានផ្អាកផលិតកម្មយានយន្តកាលពីថ្ងៃចន្ទទី៣០មីនា។ ការបន្តផលិតកម្មឡើងវិញនឹងអាស្រ័យលើស្ថានភាពជាក់ស្តែងនៃការផ្ទុះកូវីដ១៩ តម្រូវការទីផ្សារ ស្ថានភាពខ្សែសង្វាក់ផ្គត់ផ្គង់ ទីផ្សារភាគហ៊ុន និងបទប្បញ្ញត្តិរឹតត្បិតរបស់រដ្ឋាភិបាល។

ក្រុមហ៊ុន TMV បាននិយាយថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩បានជះឥទ្ធិពលដល់គ្រប់វិស័យនៃអាជីវកម្មចាប់ពីសេដ្ឋកិច្ចដល់សង្គមរួមទាំងឧស្សាហកម្មរថយន្តផងដែរ។ ក្រុមហ៊ុនចែកចាយ Toyota ទាំងអស់នៅទីក្រុងហាណូយបានបិទបន្ទប់តាំងបង្ហាញនិងហាងលក់ដូរជាបណ្តោះអាសន្នស្របតាមការណែនាំរបស់រដ្ឋាភិបាលនិងគណៈកម្មាធិការប្រជាជនហាណូយដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ក្រុមហ៊ុន Toyota Motor Vietnam បានសម្រេចចិត្តកែសម្រួលផែនការផលិតកម្មស្របតាមស្ថានភាពបច្ចុប្បន្ន។

តំណាងក្រុមហ៊ុន Toyota Motor Vietnam បាននិយាយថា “យើងកំពុងចាត់វិធានការចាំបាច់ដើម្បីការពារសុវត្ថិភាពនិងសុខភាពរបស់ពួកគេក៏ដូចជាកាត់បន្ថយផលប៉ះពាល់ណាមួយដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនយើង។ ទន្ទឹមនឹងការតាមដានស្ថានការណ៍យ៉ាងដិតដល់ យើងនឹងពិចារណានិងធ្វើការសម្រេចចិត្តផ្អែកតាមការណែនាំរបស់រដ្ឋាភិបាល”។

TMV គឺជាក្រុមហ៊ុនផលិតរថយន្តទី ២ នៅវៀតណាមដែលប្រកាសផ្អាកប្រតិបត្តិការដោយសារផលប៉ះពាល់នៃកូវីដ១៩។ ក្រុមហ៊ុនប្រកាសមុនគេគឺ Ford Việt Nam ដែលបានបញ្ឈប់ផលិតកម្មរថយន្តនៅរោងចក្ររបស់ខ្លួននៅខេត្តហៃដួងភាគខាងជើងកាលពីថ្ងៃទី ១៨ ខែមីនា៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Toyota Motor Vietnam​ ផ្អាកការផលិតរថយន្តនៅវៀតណាម